មន្ត្រី Bolivia បានចោទប្រកាន់អ្នកធ្វើអាជីវកម្មរ៉ែចំនួន៣នាក់ ដែលក្នុងនោះរួមមានប្រធានសហព័ន្ធធ្វើអាជីវកម្មរ៉ែផងដែរ។ ពួកគេត្រូវចោទប្រកាន់ពីបទសម្លាប់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ។ មានអ្នកជីករ៉ែចំនួន៤០នាក់ទៀតត្រូវបានឃុំខ្លួនទាក់ទងនឹងករណីនេះ។
លោក Rodolfo Illanes អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវគេចាប់ពង្រាត់ ហើយត្រូវកម្មករជីករ៉ែដែលធ្វើកូដកម្ម វាយរហូតដល់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីលោកបានទៅតំបន់ Panduro ចម្ងាយប្រហែល១៣០គមពីរដ្ឋធានី La Paz។ លោកទៅទីនេះដើម្បីសម្របសម្រួលជម្លោះអំពីច្បាប់ធ្វើអាជីវកម្មរ៉ែ។ ការធ្វើកោសល្យវិច្ច័យសពបង្ហាញថា លោក Rodolfo បានស្លាប់ដោយសារមានស្នាមរបួសខួរក្បាល និងទ្រូង។
លោក Carlos Mamani អ្នកដឹកនាំបាតុកម្មត្រូវចោទប្រកាន់កាលពីថ្ងៃសៅរ៍ពីបទឃាតកម្ម អំពើប្លន់ កាន់កាប់កាំភ្លើង និងរៀបចំក្រុមឧក្រិដ្ឋជន និងធ្វើការវាយប្រហារមន្ត្រីសាធារណៈ។ សវនកម្មកាត់ទោសនឹងធ្វើក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Evo Morales ប្រធានាធិបតីប្រទេស Bolivia និយាយថា ការសម្លាប់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះគឺជាអំពើឃុបឃិតប្រឆាំងរដ្ឋាភិបាលរបស់លោក ដោយប៉ុនប៉ងរំលំរដ្ឋាភិបាល។
ក្នុងសន្និសីទព័ត៌មាន លោកប្រធានាធិបតីនិយាយថា ការតវ៉ានោះធ្វើឡើងដោយមានការគាំទ្រពីក្រុមប្រឆាំង។ លោកនិយាយថា មានព័ត៌មាន និងមានឯកសារបង្ហាញថា សកម្មភាពនេះធ្វើឡើដើម្បីរំលំរដ្ឋាភិបាល។ ទោះជាយ៉ាងណាក្តី មេដឹកនាំគណបក្សប្រឆាំងបដិសេធថា គណបក្សប្រឆាំងមិនជាប់ទាក់ទងនឹងឃាតកម្មសម្លាប់លោកអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះទេ។
លោក Jorge Quiroga អតីតប្រធានាធិបតីបានសុំកុំឲ្យលោកប្រធានាធិបតី Evo Morales យកពេលវេលាដ៏ក្រៀមក្រំនេះប្រឌិតទ្រឹស្ដីអំពីការឃុបឃិតគ្នានេះ។ នៅក្នុងការតវ៉ាកាលពីថ្ងៃអង្គារ ពួកកម្មកររ៉ែទាមទារឲ្យកែប្រែច្បាប់។ បាតុកម្មនោះបានក្លាយជាអំពើហិង្សា ក្រោយពីបាតុករបិទផ្លូវ និងបានប៉ះទង្គិចជាមួយប៉ូលិស។
កម្មកររ៉ែយ៉ាងតិចពីរនាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នានោះ។ក្រោយមកកម្មកររ៉ែបានព្រមធ្វើការចរចាជាមួយរដ្ឋាភិបាលកាលពីថ្ងៃសុក្រ។ បាតុករចង់បានសម្បទានអាជីវកម្មរ៉ែ និងសិទ្ធិធ្វើការឲ្យក្រុមហ៊ុនបរទេស និងបង្កើនតំណាងសហជីព។ ក្
រោយពីមរណភាពរបស់លោក Rodolfo Illanes មន្ត្រីរដ្ឋាភិបាលបានបញ្ចប់ការចរចាជាមួយកម្មកររ៉ែ ហើយស្នើឲ្យកាន់ទោស អ្នកដែលមានទោសកំហុសក្នុងរឿងនេះឲ្យជាប់ពន្ធនាគារអប្បរមា៣០ឆ្នាំ។ បុណ្យដង្ហែសពលោក Rodolfo Illanes ធ្វើនៅថ្ងៃអាទិត្យនេះនៅរដ្ឋធានី La Paz ៕