សកម្មជនបឹងតាមោក អ្នកស្រី ប្រាក់ សុភា បានភៀសខ្លួនទៅកាន់ប្រទេសថៃ ហើយកំពុងសុំកិច្ចអន្តរាគមន៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)ឱ្យផ្តល់ឋានៈជាជនភៀសដើម្បីបានរួចផុតពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរកម្ពុជា ហើយបន្តរកដំណោះស្រាយលើជម្លោះដីធ្លី និងការចាក់លុបផ្ទៃបឹងដែលបង្កផលប៉ះពាល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សកម្មជនបឹងតាមោករូបនេះបានចាកចេញពីប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន ក្រោយទទួលរងការគំរាមកំហែងជាបន្តបន្ទាប់ពីអាជ្ញាធរមូលដ្ឋាននៅខណ្ឌព្រែកព្នៅ ក្នុងទីក្រុងភ្នំពេញ។ អ្នកស្រីបន្តថា អ្នកស្រីបានសម្ងំលាក់ខ្លួនក្នុងផ្ទះ រហូតអ្នកស្រីមើលឃើញពីស្ថានការណ៍ដែលមិនមានសុវត្ថិភាពទើបសម្រេចចិត្តភៀសខ្លួនទៅក្រៅប្រទេស។
អ្នកស្រីប្រាប់វីអូអេថា៖ «នាងខ្ញុំមិនចង់ជ្រើសរើសជម្រើសភៀសខ្លួនទេ ប៉ុន្តែវាមិនមានជម្រើសពីព្រោះអីព័ត៌មានដែលខ្ញុំទទួលបានគឺគេប៉ុនប៉ងចាប់ខ្លួនខ្ញុំ»។
មកដល់ពេលនេះ អ្នកស្រី ប្រាក់ សុភា កំពុងតែដាក់លិខិតទៅអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហើយសង្ឃឹមថា នឹងទទួលបានការការពារពីអង្គការសហប្រជាជាតិក្នុងប្រទេសថៃផងដែរ។
អ្នកស្រីថ្លែងថា៖ «បងសង្ឃឹមច្បាប់នៅប្រទេសថៃនេះជាងច្បាប់នៅស្រុកខ្មែរ ហើយបងសង្ឃឹមថា មិនបោះបង់ជនភៀសខ្លួនទេ ពីព្រោះច្បាប់គឺពួកគាត់ការពារជនរងគ្រោះ។ អ៊ីចឹងបងសង្ឃឹមជឿជាក់ថា ពួកគាត់មិនបោះបង់បងនៅក្នុងឱកាសពេលនេះដែលពួកបងកំពុងតែជួបហានិភ័យទេ អូន»។
អ្នកស្រី សុភា បង្ហាញការសោកស្តាយជាខ្លាំងចំពោះការចាក់ដីលុបបឹងតាមោក ហើយប្រជាពលរដ្ឋនៅទីនោះជាច្រើនត្រូវធ្វើចំណាកស្រុកក្រោយមិនអាចអាស្រ័យផលនៅបឹងនោះបន្តទៀតបាន។
អ្នកស្រីថ្លែងថា៖ «ផលដែលរងគ្រោះប្រជាសហគមន៍យើង ក្រោយពីការបាត់បង់បឹងតាមោក បាត់បង់អាស្រ័យផល ប្រជាសហគមន៍បងបានចំណាកស្រុកចាញ់បោកមេខ្យល់ បានចាកចេញទៅនៅខេត្ត ចោលម្តាយចាស់ ចោលឪពុកជរា។ អ្វីដែលជាការឈឺចាប់របស់បង»។
បឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលមានផ្ទៃដីចំនួន៣.២៣៩ហិកតា ត្រូវបានរដ្ឋាភិបាលដាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈអនុក្រឹត្យមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍របស់សមាគមធាងត្នោតដែលមានដាក់ចំណងជើងថា៖ «បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ» បឹងតាមោក ឬបឹងទំនប់កប់ស្រូវ គឺជាបឹងដែលធំជាងគេបំផុតនៅក្នុងរាជធានីភ្នំពេញ។
បើតាមរបាយការណ៍នេះ បឹងតាមោកមានប្រជាពលរដ្ឋចំនួន៣១៩គ្រួសារកំពុងរស់នៅ ដែលភាគច្រើនរស់នៅក្នុងព្រំប្រទល់នៃបឹង ឬរស់នៅតាមព្រំប្រទល់បឹង។ ភាគច្រើននៃគ្រួសារទាំងនោះជាអ្នកនេសាទ និងស្ត្រីដែលប្រកបរបរដាំដំណាំលើផ្ទៃបឹងនិងបោកគក់ខោអាវ លាងចាន ហើយនឹងប្រើប្រាស់បឹងសម្រាប់ធ្វើជាបង្គន់អនាម័យផងដែរ។ មិនមានគ្រួសារណាមួយមានប្លង់កម្មសិទ្ធិដីធ្លីនោះទេ ដែលធ្វើឱ្យពួកគេងាយរងគ្រោះពីការបណ្តេញចេញដោយបង្ខំ។
ប៉ុន្តែគិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ មានគ្រួសារខ្លះបានសម្រេចចិត្តទទួលសំណងជាដីនិងផ្ទះដែលមានទំហំតូចពីរដ្ឋាភិបាល និងចាកចេញពីតំបន់បឹងតាមោកនោះ។ នេះបើតាមមន្ត្រីរបស់អង្គការសមាគមធាងត្នោត។
ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងឆ្នោតលោក ស៊ាង មួយឡៃ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមកាលពីថ្ងៃអង្គារថា ការរត់ភៀសខ្លួនរបស់សកម្មជនដីធ្លីទៅក្រៅប្រទេសគឺដោយសារតែពួកគេមានបញ្ហាសុវត្ថិភាពក្នុងតំបន់ដែលពួកគេរស់នៅ។
លោកបន្ថែមថា វិធានការរបស់អាជ្ញាធរដែលយកប្រព័ន្ធតុលាការមកគាបសង្កត់សិទ្ធិរបស់ប្រជាពលរដ្ឋមិនមែនជារឿងត្រឹមត្រូវនោះទេ ហើយធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិផងដែរ។ ទាក់ទិននឹងការលុបផ្ទៃបឹង លោកថា ការលុបបឹងតាមោកបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ ហើយប្រជាពលរដ្ឋខ្លះបានធ្លាក់ខ្លួនជំពាក់បំណុល និងធ្វើចំណាកស្រុកជាដើម។
លោកថ្លែងថា៖ «វាធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានទីក្រុង ជាពិសេសវាអាចបង្កើតទៅជាទឹកភ្លៀង ជំនន់ទឹកភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង បាត់បង់នូវប្រព័ន្ធចម្រោះទឹកកខ្វក់ ហើយក៏ដូចជាបាត់បង់នូវតំបន់មួយដែលអាចកែច្នៃទៅជាតំបន់សម្រាកលម្ហែសម្រាប់បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ»។
លោក ស៊ាង មួយឡៃ បានលើកឡើងថា សមាគមធាងត្នោតបានធ្វើការជាមួយប្រជាពលរដ្ឋ ហើយបានរកឃើញថា ប្រជាពលរដ្ឋមិនបានរស់នៅក្នុងតំបន់ដែលចែងក្នុងអនុក្រឹត្យនោះទេ ហើយពួកគេទាំងនោះសុទ្ធតែបានរស់នៅលើសពី១០ឆ្នាំ ដូច្នេះរដ្ឋាភិបាលគួរតែចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីជូនទៅពួកគាត់។
លោកថ្លែងថា៖ «អ៊ីចឹងបើយើងយកច្បាប់មកមើល ពួកគាត់រស់នៅចាប់ពី១០ឆ្នាំឡើងទៅ អាចមានលទ្ធភាពខ្ពស់ក្នុងការទទួលបាននូវប្លង់កម្មសិទ្ធិឱ្យពួកគាត់ ហើយអនុញ្ញាត ឬឈប់ធ្វើទុក្ខបុកម្នេញពួកគាត់ទៅ។ អ៊ីចឹងបញ្ហាហ្នឹងគឺអាចដោះស្រាយបានហើយ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បាននៅឡើយទេ គិតចាប់តាំងពីថ្ងៃអង្គារ មកត្រឹមថ្ងៃពុធនេះ ដោយសារទូរស័ព្ទចូលរួចលើក ហើយដាក់ចុះវិញ ឬរោទិ៍ជាច្រើនដងតែមិនទទួល។
កាលពីដើមខែសីហា ឆ្នាំ២០២២ អ្នកស្រី ប្រាក់ សុភា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យចូលទៅបំភ្លឺនៅតុលាការពីបទរារាំង ញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្រោមពាក្យបណ្តឹងរបស់ប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យ៉ាងណាមិញ អ្នកស្រី ប្រាក់ សុភា និយាយថា អ្នកស្រីនឹងមិនត្រឡប់មកប្រទេសកម្ពុជាវិញឡើយ ប្រសិនបើមិនមានការអនុវត្តច្បាប់ត្រឹមត្រូវ និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ។
អ្នកស្រីថ្លែងថា៖ «បើអាច បងសុំមិនត្រឡប់ទៅរស់នៅទឹកដីកំណើតវិញទេអូន ពីព្រោះទឹកដីកំណើតមិនមានប្រជាធិបតេយ្យពិតប្រាកដ មិនមានសន្តិភាពពិតប្រាកដ មិនមានការអភិវឌ្ឍពិតប្រាកដ។ ម៉េចបានបងហ៊ាននិយាយ? កុំចោទបងថា បក្សប្រឆាំង! កុំលាបពណ៌បង! ហេតុអី?
សន្តិភាពមានតែឈ្មោះ ចំណែករាស្ត្រមានតែទឹកភ្នែកទីមួយ ទីពីររំលោភប្រជាធិបតេយ្យ រំលោកសិទ្ធិមនុស្ស ទីបីការអភិវឌ្ឍទៅលើទឹកភ្នែករបស់ពលរដ្ឋ។ តើខ្ញុំនិយាយនេះត្រឹមត្រូវដែល ឬក៏អត់?»
ខណៈរដ្ឋាភិបាលថ្មីបានចូលកាន់តំណែង អ្នកស្រីបានបង្ហាញភាពអស់សង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មីនេះនឹងមិនអាចដោះស្រាយវិវាទដីធ្លីនៅបឹងតាមោកបានឡើយ ព្រោះកន្លងមកអ្នកស្រីបានប្រើមធ្យោបាយជាច្រើនហើយ ប៉ុន្តែនាយករដ្ឋមន្រ្តីចាស់ហាក់ធ្វើមិនដឹងមិនឮលើបញ្ហារបស់ប្រជាសហគមន៍បឹងតាមោកឡើយ។
អ្នកស្រីថ្លែងថា៖ «ចំពោះបង ប្រាក់ សុភា មិនមានក្តីសង្ឃឹមចំពោះនាយករដ្ឋមន្រ្តីថ្មីទេ ហើយមួយទៀតចំពោះបងដែលឈឺចាប់ បងមិនទទួលស្គាល់នាយករដ្ឋមន្ត្រីថ្មីទេ។ ហើយមួយទៀត អាណត្តិនេះ បងបានធ្វើពហិការមិនបោះឆ្នោតដែរ ហេតុអី? បងបានផ្សាយសារព័ត៌មាន បានទទូចហើយទទូចទៀត មេត្តាឱ្យនាយករដ្ឋមន្ត្រីសម្លឹងមើលពួកយើងផង។ គាត់អត់ឮទេ។ គាត់អត់ឃើញទៀត។ បងស្រែកទាមទារទៅឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ជួយដល់ពួកយើងផង ដែលលោក ហ៊ុន ម៉ាណែត នៅខាងក្រោយ តែលោកមិនឮទេ។ តើឱ្យយើងសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីអាចដោះស្រាយវិវាទពួកយើងបានទេ? ធ្វើឱ្យយើងមើលមក ធ្វើឱ្យខ្ញុំមើលមកថា ពួកលោកអាចផ្តល់សិទ្ធិអាចរស់នៅកន្លែងចាស់បានអត់?»
បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុងខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង២០០០ហិកតាត្រូវបានរដ្ឋាភិបាលកាត់ ឬដោះដូរទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជនមួយចំនួនដែលគេដឹងថា ជាអ្នកមានលុយ មានអំណាចសម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាដើម៕