ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជាប់ផ្ទៃបឹងតាមោក ក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបន្តសម្រេចឱ្យពួកគេចាញ់ក្តីក្នុងសំណុំរឿង «ប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលផ្តើមចេញពីការប្តឹងផ្តល់របស់អតីតមន្ត្រីម្នាក់នៅសាលាខណ្ឌព្រែកព្នៅ។
ពលរដ្ឋដែលរងបណ្តឹងរបស់លោក មាស សម្បូរ នោះរួមមានលោក ស៊ា សំបាត់ លោក ស៊ួន សៅ អ្នកស្រី អំ ភឿន អ្នកស្រី ខុន ជោរី និងអ្នកស្រី ខុន ជោរ៉ា។
អ្នកស្រី ស៊ា ដាវី ដែលត្រូវជាសាច់ញាតិរបស់លោក ស៊ា សំបាត់ និងលោក ស៊ួន សៅ ប្រាប់វីអូអេថា ការសម្រេចរបស់របស់សាលាឧទ្ធរណ៍ កាលពីថ្ងៃអង្គារមានភាពលម្អៀងទៅរកអ្នកមានអំណាចច្រើនជាងការកាត់សេចក្តីទៅតាមអង្គហេតុ និងភស្តុតាង។
អ្នកស្រីថ្លែងថា៖ «[ថ្ងៃទី]២៦ ខែ៤ សំណូមពរឱ្យ[សាលាឧទ្ធរណ៍]ទម្លាក់បទចោទ ពីព្រោះអត់បានប្រឆាំងរាជការសាធារណៈអីទេ ក៏មិនបានបង្ករបួសស្នាមឱ្យអ្នកណាដែរ។ ប៉ុន្តែតុលាការគ្មានផ្តល់យុត្តិធម៌ឱ្យប្រជាពលរដ្ឋស្លួត[ត្រង់]ទេ មានតែកាត់ក្តីលម្អៀងទៅអ្នកមានអំណាចដដែល»។
បើតាមអ្នកស្រី ស៊ា ដាវី ដើមហេតុនៃរឿងនេះ អតីតមន្ត្រីសាលាខណ្ឌព្រែកព្នៅលោក មាស សម្បូរ បានប្តឹងពលរដ្ឋទាំង៥នាក់ តាំងពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ ដែលពេលនោះពលរដ្ឋគ្រាន់តែទៅដាក់បង្គោលទប់ស៊ងចិញ្ចឹមត្រី កុំឱ្យត្រីចេញពីស៊ង បែរជារងពាក្យបណ្តឹងនោះ។
អ្នកស្រីបន្ថែមថា៖ «ទៅទល់ស៊ង កុំឱ្យវារលំ។ យកបង្គោល យកអីទៅជួស ហើយបែរជាប់បទចោទក្រមព្រហ្មទណ្ឌ មានទោសទណ្ឌ។ អាបឹងលុបអស់ កាត់ឱ្យបុគ្គលអ្នកមានលុយ ឱ្យឧកញ៉ាអស់ហើយ នៅតែប្រជាពលរដ្ឋនៅតែមានទោស៊ អាហ្នឹងម៉េច? ហើយកន្លែងអាស្រ័យផលរបស់ប្រជាពលរដ្ឋត្រូវគាត់រំលោភអស់ហើយនេះ!»
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអតីតមន្ត្រីសាលាខណ្ឌព្រែកព្នៅ លោក មាស សម្បូរ បានទេ នៅថ្ងៃពុធនេះ។
កាលពីថ្ងៃអង្គារ អ្នកស្រី យិន សុគន្ធារី ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាឱ្យពលរដ្ឋរស់នៅបឹងតាមោកចំនួន ៥ នាក់បន្តចាញ់ក្តីដោយត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ និងពិន័យជាប្រាក់១លានរៀល ពីបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលប្តឹងដោយលោក មាស សម្បូរ តាំងពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១។
ពលរដ្ឋមានរយៈពេលប្រមាណជាងមួយខែដើម្បីប្តឹងទៅតុលាការកំពូល មុនពេលសាលាឧទ្ធរណ៍សម្រេចជាស្ថាពរថា ពួកគេត្រូវដាក់ឱ្យជាប់ឃុំក្នុងពន្ធនាគារ ឬយ៉ាងណានោះ។ នេះបើតាមតំណាងពលរដ្ឋ។
នៅក្នុងសំណុំរឿងនេះ ពលរដ្ឋទាំង ៥ នាក់ធ្លាប់បានដាក់ពាក្យប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២។ ក្នុងពាក្យបណ្តឹងដែលវីអូអេទទួលបាន កន្លងមកពួកគេបានចាត់ទុកសេចក្តីសម្រេចរបស់សាលាដំបូងនោះថា ជារឿងអយុត្តិធម៌សម្រាប់ពួកគេ និងបានអះអាងថា ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង ប្រាប់វីអូអេថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងរបស់ពលរដ្ឋបឹងតាមោកទាំង ៥ នាក់នោះ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ ព្រមទាំងភស្តុតាង។
ដោយឡែក អ្នកតាមដាន យល់ថា ករណីនេះមិនគួរមានការប្តឹងផ្តល់ពលរដ្ឋពីបទព្រហ្មទណ្ឌនោះទេ ហើយគួរតែមានការការពារសិទ្ធិរបស់ពលរដ្ឋឱ្យបានស្មើៗគ្នា។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «សិទ្ធិរបស់ពលរដ្ឋគួរត្រូវបានធានា និងមានភាពស្មើគ្នាចំពោះមុខច្បាប់។ អ៊ីចឹងបើសិនជាផ្លូវហ្នឹងទើបកើតក្រោយ ដីប្រជាពលរដ្ឋកាន់កាប់យូរហើយ អ៊ីចឹងបើសិនជាអ្នកឯងចង់ធ្វើផ្លូវ ផ្លូវប្រឡាយទឹកត្រូវតែជជែកដោះស្រាយក្នុងរង្វង់ឯកជន ត្រូវទិញពីពលរដ្ឋ ឬក៏ម៉េច។ យើងអត់អាចប្រើប្រាស់អំណាចសាធារណៈទៅបង្គាប់ បញ្ជាលើដីចំណែកឯកជនរបស់គេ ឱ្យគេចាកចេញ ហើយយកដីហ្នឹងទៅឱ្យអ្នកផ្សេងទេ»។
បើតាមលោក ស៊ាង មួយឡៃ លទ្ធភាពដែលពលរដ្ឋអាចអភិវឌ្ឍលំនៅឋាននៅទីកន្លែងនោះបានគឺអាស្រ័យលើឆន្ទៈរបស់អាជ្ញាធរមូលដ្ឋាន ដោយមិនចាំបាច់ស្នើសុំរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់នោះទេ ព្រោះប្រជាពលរដ្ឋរងគ្រោះបច្ចុប្បន្នមានចំនួនតែ៦៥ខ្នងផ្ទះ និង៨ក្បាលដី ក្នុងទំហំប្រមាណ៣ហិកតាប៉ុណ្ណោះ។
លោកបន្ថែមថា៖ «តាមពិតខ្ទង់៣ហិកតាសម្រាប់ដីទាំងអស់គ្នា វាអាចដោះស្រាយបញ្ហាហ្នឹងបានហើយ។ ហើយខ្ញុំបញ្ជាក់ថា ដីទាំងអស់ហ្នឹងមិនចាំបាច់ស្នើសុំរដ្ឋាភិបាលកាត់ទេ សំខាន់បំផុតគឺអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរទាំងអស់ហ្នឹងកុំធ្វើទុក្ខបុកម្នេញ កុំប្រើប្រាស់អំណាចឱ្យប្រជាពលរដ្ឋចាកចេញ។ ប្រជាពលរដ្ឋអាចអភិវឌ្ឍនៅនឹងកន្លែងបាន ព្រោះដី ដូចខ្ញុំបញ្ជាក់អ៊ីចឹង ដីបឹងដែលកំណត់ដោយអនុក្រិត្យក៏គាត់អត់នៅ។ ដីពង្រីកផ្លូវក៏គាត់អាចខិតទៅក្រោយបាន មានន័យថា ចន្លោះផ្លូវដែលពង្រីក៥០ ម៉ែត្រហ្នឹងហើយ គាត់នៅសល់ខ្ទង់ប្រហែល៤០ម៉ែត្រដែរ ឬ៥០ម៉ែត្រ ដែលរីករួមទៅតាមចុងដីអ៊ីចឹងទៅ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពលរដ្ឋទាំង៥នាក់ពីបទ«ប្រឆាំងនឹងអ្នករាជការសាធារណៈ» អ្នកការពារសិទ្ធិលំនៅឋានរូបនេះសង្ឃឹមថា តុលាការកំពូលនឹងពិចារណាលើអង្គហេតុ និងសាវតាររឿងឱ្យបានច្បាស់ និងមិនគួរសម្រេចឱ្យពលរដ្ឋជាប់ពន្ធពន្ធនាគារចំពោះការការពារដីផ្ទាល់ខ្លួននោះទេ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅបឹងតាមោកតែងតែប្រមូលគ្នាតវ៉ា ទាមទារ និងស្នើសុំទៅស្ថាប័នពាក់ព័ន្ធ ឱ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ខណៈពួកគេបារម្ភខ្លាចការបណ្តេញចេញពីលំនៅឋានដោយបង្ខំ៕