ទឹកជំនន់គំហុកក្នុងតំបន់ខាងកើតប្រទេសអេស្ប៉ាញបានហូរអូសរថយន្ត ប្រែក្លាយផ្លូវក្នុងភូមិនានាក្លាយទៅជាទន្លេ បង្អាក់ខ្សែរទេះភ្លើងនិងផ្លូវល្បឿនលឿន ហើយបានសម្លាប់មនុស្សយ៉ាងតិចណាស់ ៩៥នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុត ដែលបានកើតឡើងនៅក្នុងប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ។
ព្យុះភ្លៀងដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារហើយបានបន្តចូលមកដល់ថ្ងៃពុធ បានបណ្តាលឱ្យលេចលង់តំបន់ធំល្វឹងល្វើយនៅផ្នែកខាងត្បូងនិងខាងកើតប្រទេសអេស្ប៉ាញ ដែលលាតសន្ធឹងពីតំបន់ Malaga ទៅតំបន់ Valencia។
ភ្លៀងដ៏ខ្លាំងបានធ្វើឱ្យលេចរថយន្តដែលកំពុងបើកដ៏លឿននៅតាមផ្លូវ ខណៈដែលឈើបានអណ្តែតក្នុងទឹករួមជាមួយឥវ៉ាន់នៅតាមផ្ទះ។ ប៉ូលិសនិងសេវាជួយសង្គ្រោះបានប្រើឧទ្ធម្ភាគចក្រដើម្បីយកមនុស្សចេញពីផ្ទះរបស់ពួកគេ ហើយទូកកៅស៊ូបានទៅដល់ពួកអ្នកបើកបរដែលបានជាប់ខ្លួននៅលើដំបូលរថយន្ត។
លោក Ricardo Gabaldón អភិបាលក្រុង Utiel ក្នុងតំបន់ Valencia បានប្រាប់បណ្តាញផ្សព្វផ្សាយជាតិ RTVE កាលពីថ្ងៃពុធថា៖ «ម្សិលមិញជាថ្ងៃដ៏អាក្រក់បំផុតក្នុងជីវិតរបស់ខ្ញុំ»។
លោកបាននិយាយទៀតថា ពួកអ្នកស្រុក ៦នាក់នៅក្នុងទីក្រុងរបស់លោកបានស្លាប់ ហើយជាច្រើននាក់ទៀតនៅមិនទាន់បានរាប់នៅឡើយ។
លោកបាននិយាយទៀតថា៖ «យើងត្រូវបានជាប់អន្ទាក់ដូចជាកណ្តុរអញ្ចឹង។ រថយន្តនិងធុងសម្រាមបានអណ្តែតតាមផ្លូវ។ កម្ពស់ទឹកបានឡើងដល់ ៣ម៉ែត្រ»។
ក្រុមរុករកបានធ្វើការដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនិងជនរងគ្រោះ ដោយចំនួនរាប់មិនអស់នៅបាត់ខ្លួននៅឡើយ។ រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា ខ្លួននឹងប្រកាសការកាន់ទុក្ខរយៈពេល ៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ សម្រាប់អ្នកដែលត្រូវបានសម្លាប់នៅក្នុងទឹកជំនន់គំហុកដ៏ប្រល័យនេះ៕