កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ ទីស្នាក់ការកណ្តាលគណបក្ស National Unity Platform គឺមានពោរពេញទៅដោយសាច់ញ្ញាតិរបស់ពលរដ្ឋ ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លូន មុនពេល អំឡុងពេល និងក្រោយពេលការបោះឆ្នោតជាតិកាលពីខែមករា។
ស្ត្រីជាភរិយាដែលស្វាមីរបស់ខ្លួនត្រូវបានចាប់ព្រងត់និងបុរសវ័យជំទង់មួយចំនួន ដែលធ្លាប់ត្រូវបានចាប់ពង្រត់ បានប្រាប់ពីរឿងរ៉ាវរបស់ពួកគេ ដោយមួយចំនួនបានរៀបរាប់ទាំងទឹកភ្នែក។
អ្នកស្រី Ayebare Halima ស្ត្រីជាម្តាយមានកូនពីរនាក់ រួមមានទារកអាយុទើបបីសប្តាហ៍មួយនៅក្នុងផងដែរ។ អ្នកស្រីបានប្រាប់ពីរឿងរ៉ាវ កាលពីថ្ងៃទី២៤ ខែមករា នៅពេលប៉ូលិសចំនួនប្រាំពីរនាក់បានទៅផ្ទះរបស់អ្នកស្រីនិងចាប់ខ្លួនអ្នកស្រីដោយភ្ជង់នឹងកាំភ្លើង។
បន្ទាប់មក អ្នកស្រីត្រូវបាននាំខ្លួនទៅទីស្នាក់ការប៉ូលិសនៅទីក្រុង Naguru ជាទីដែលអ្នកស្រីត្រូវបានគំរាម និងចោទសួរពីកន្លែងដែលស្វាមីរបស់អ្នកស្រីគឺលោក Mukasa Seguya ស្នាក់នៅ។ អ្នកស្រី Ayebare និយាយថា អ្នកស្រីកំពុងមានផ្ទៃពោះ នៅពេលដែលប៉ូលិសបានចោទសួរអ្នកស្រី។
អ្នកស្រីបានបន្តថា នៅពេលប៉ូលិសសួរនាំរួចហើយ ពួកគេបានប្រាប់ឲ្យអ្នកស្រីត្រឡប់ទៅផ្ទះវិញ និងបានព្រមានថា ប្រសិនបើពួកគេមិនអាចរកស្វាមីរបស់អ្នកស្រីឃើញនោះទេ ពួកគេនឹងចាប់ខ្លួនអ្នកស្រីជំនួសវិញ។ អ្នកស្រីបានបន្ថែមទៀតថា បីថ្ងៃក្រោយមក ស្វាមីរបស់អ្នកស្រីបានទូរស័ព្ទមក និងបានប្រាប់អ្នកស្រីថា រូបគាត់ត្រូវបានចាប់ខ្លួន។
អ្នកស្រី Ayebare និយាយថា បន្ទាប់មកស្វាមីរបស់អ្នកស្រីត្រូវបាននាំខ្លួនមកផ្ទះ ហើយប៉ូលិសបានដកហូតអាវយឺតដែលមានសរសេរថា «កម្លាំងប្រជាជន» អាវរងា និងមួកពណ៌ក្រហមមួយចំនួន។ អ្នកស្រីបានបន្តថា ក្រោយមកប៉ូលិសបានចាកចេញ និងយកស្វាមីរបស់អ្នកស្រីទៅជាមួយ។ អ្នកស្រីមិនដឹងថា ស្វាមីរបស់អ្នកស្រីនៅទីណា ហើយនៅរស់ដែរឬអត់នោះទេ។
អ្នកស្រី Ayebare លើកឡើងថា មន្ត្រីម្នាក់ក្នុងចំណោមប៉ូលិសដែលចាប់ខ្លួនស្វាមីអ្នកស្រី បានឲ្យលេខទូរស័ព្ទមួយ ដែលអ្នកស្រីអាចហៅចេញទៅកាន់ប្រសិនបើអ្នកស្រីចង់ដឹងថា ស្វាមីរបស់ខ្លួនត្រូវបានយកទៅកន្លែងណា។ ប៉ុន្តែនៅពេលអ្នកស្រីហៅទូរស័ព្ទចេញមន្ត្រីប៉ូលិស ដែលលើកទូរស័ព្ទបានប្រមាថអ្នកស្រី និងព្រមានអ្នកស្រីមិនឲ្យហៅទូរស័ព្ទមកកាន់លេខទូរស័ព្ទនេះម្តងទៀត។
មន្ត្រីគណបក្ស National Unity Platform រាយការណ៍ថា សមាជិកគណបក្សជាង ៣០០ នាក់ទូទាំងប្រទេសនៅតែបាត់ខ្លួននៅឡើយ។ ហើយនេះជាហេតុផលនាំឲ្យប្រធានគណបក្សលោក Robert Kyagulanyi ដែលត្រូវបានស្គាល់តាមឈ្មោះក្រៅថា Bobi Wine ដាក់ញ្ញត្តិទៅកាន់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងកំប៉ាឡា។ លោកបាននិយាយថា វាជារឿងឈឺចាប់មួយដែលពលរដ្ឋអ៊ូហ្គាន់ដាមិនមានស្ថាប័នសិទ្ធិមនុស្សក្នុងស្រុកដែលអាចជួយសង្គ្រោះពួកគេបាន។
លោក Kyagulanyi បានថ្លែងថា៖ «លោកឧត្តមសេនីយ៍ Museveni គិតថា អ៊ូហ្គាន់ដាដូចជាបន្ទាយរបស់គាត់។ អ៊ូហ្គាន់ដាជាទ្រព្យសម្បត្តិរបស់គាត់។ គាត់មានសិទ្ធិជ្រើសរើស និងសម្លាប់នរណាក៏ដោយតាមទំនើងចិត្តរបស់គាត់។ គាត់មានសិទ្ធិធ្វើទារុណកម្មលើនរណាក៏បាន។ សម្លាប់នរណាក៏បាន។ ប៉ុន្តែយើងសូមនិយាយថា គាត់នឹងមិនមានសិទ្ធិធ្វើដូច្នេះនោះទេ។ ដូច្នេះហើយទើបយើងដាក់ញ្ញត្តិទៅកាន់អង្គការសហប្រជាជាតិ»។
ទោះបីយ៉ាងណាក៏ដោយ នៅអំឡុងពេលថ្លែងសុន្ទរកថាស្តីពីសន្តិសុខជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រធានាធិបតីអ៊ូហ្គាន់ដាលោក Yoweri Museveni បាននិយាយថា ការបាត់ខ្លួនទាំងនេះមិនមែនជាវប្បធម៌របស់របបដឹកនាំនិងភាពដឹកនាំរបស់យោធានាពេលបច្ចុប្បន្ននោះទេ។ យោងទៅតាមលោក Museveni ការដាក់ពង្រាយកងកម្លាំងសន្តិសុខជាច្រើនមុនពេលការបោះឆ្នោត គឺពីព្រោះលោកបានទទួលដំណឹងពីផែនការរបស់ក្រុមបំពានច្បាប់ដែលចង់រារាំងការបោះឆ្នោត។
លោក Museveni បានថ្លែងថា៖ «ហើយនៅក្នុងករណីក្រុងកំប៉ាឡា យើងក៏បានដាក់កងកម្លាំងកុម្មង់ដូ ដែលបានបង្ហាញសមត្ថភាពពីការប្រយុទ្ធនៅប្រទេសសូម៉ាលី។ ហើយបានបំផ្លាញកងកម្លាំងសម្ព័ន្ធប្រជាធិបតេយ្យ (ADF) នៅពេលដាក់ពង្រាយនៅតំបន់ក្រុងកំប៉ាឡា។ ហើយក្រុមនេះបានកម្ចាត់ក្រុមភេរជនយ៉ាងឆាប់រហ័ស ដែលមានប្រតិបត្តិការនៅទីនោះ។ ពួកគេបានសម្លាប់មនុស្សមួយក្តាប់តូច ដែលបានព្យាយាមវាយប្រហារមកលើពួកគេ និងចាប់ខ្លួនអ្នកបំពានច្បាប់មួយចំនួន»។
កងកម្លាំងសន្តិសុខយ៉ាងច្រើនត្រូវបានដាក់ពង្រាយ និងរបាំងបិទផ្លូវត្រូវបានដាក់តាមដងផ្លូវឆ្ពោះទៅកាន់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងកំប៉ាឡា។ អ្នកសារព័ត៌មានចំនួនប្រាំមួយនាក់បានរងរបួសក្បាល បន្ទាប់ពីត្រូវបានវាយដំដោយនគរបាលយោធា ខណៈពួកគេរង់ចាំនៅខាងក្រៅការិយាល័យ។
មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលសុំមិនបញ្ចេញឈ្មោះពេលនិយាយទៅកាន់ VOA បាននិយាយថា ពួកគេសុំមិនអធិប្បាយអំពីញ្ញត្តិខាងលើ ដោយសារករណីនេះជារឿងសម្ងាត់៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា