ពលរដ្ឋរងគ្រោះដោយសារការរំលោភបំពានដីធ្លីដោយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកំពង់ស្ពឺ កំពុងរង់ចាំដំណោះស្រាយសមស្របមួយពីក្រុមហ៊ុននិងអាជ្ញាធរ។ ពលរដ្ឋទាំងនោះចង់បានការដោះស្រាយតាមបែបសងសំណងនិងផ្តល់ដីឲ្យពួកគេវិញ។
ក្រុមតំណាងប្រជាពលរដ្ឋរាប់រយគ្រួសារក្នុងស្រុកចំនួនពីរនៃខេត្តកំពង់ស្ពឺបានបង្ហាញឲ្យឃើញមធ្យោបាយតស៊ូផ្សេងៗដើម្បីតតាំងនឹងក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ និងកំពង់ស្ពឺស៊ូហ្គ័ររបស់លោកឧកញ៉ាលី យ៉ុងផាត់ នៃគណបក្សគ្រប់គ្រងប្រទេសនិងធនាគារអេអេនស្ស៉ិត ក្រោយពីការរងគ្រោះនិងប៉ះពាល់ដល់ជីវភាពជាច្រើនឆ្នាំ ដោយនិយាយថា បើគ្មានសំណងនិងការផ្តល់ដីដល់ពួកគេវិញទេ ពួកគេមិនអាចបញ្ចប់ក្តីក្តាំនិងការតស៊ូនោះទេ។
ពលរដ្ឋជាង១ពាន់គ្រួសារបានបាត់បង់ដីស្រែចម្ការរបស់ខ្លួន បាត់បង់ប្រាក់ចំណូល បាត់បង់ក្តីសង្ឃឹមនិងរងផលប៉ះពាល់ដល់ជីវភាពរបស់ខ្លួនតាំងពីឆ្នាំ២០១០ ឬ២០១១មក នៅពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានទំហ៊ំជាង២៣០០០ហិកតាដល់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍដាំស្ករអំពៅ ហើយប៉ះលើដីប្រជាពលរដ្ឋក្នុងស្រុកចំនួនពីរគឺស្រុកថ្ពង និងស្រុកឱរ៉ាល់នោះ។
លោកចេង សុភាព តំណាងសហគមន៍ម្នាក់នៅឱរ៉ាល់ បានអះអាងថា គ្មានការដោះស្រាយនៅឡើយទេ តែសហគមន៍បានព្រមចូលតុចរចាជាមួយក្រុមហ៊ុនដើម្បីបង្កើតបញ្ជីឈ្មោះជាមុនសិន តែលោកនិងពលរដ្ឋដទៃមិនអាចយល់ព្រមតាមការដោះស្រាយតាមរបៀបសំណងមិនសមរម្យនិងការមិនផ្តល់ដីឲ្យពលរដ្ឋរងគ្រោះវិញនោះទេ។
«ព្រោះអីក្រុមហ៊ុនមករំលោភដីខ្ញុំ។ ខ្ញុំអត់ខ្លាចទេ។ ខ្ញុំសុខចិត្តស្លាប់។ ខ្ញុំកំពុងតែធ្វើរាល់ថ្ងៃ។ ខ្ញុំធ្វើស្រែ ហើយប្រជាពលរដ្ឋខ្លះ គាត់ខ្លាចអញ្ចឹងទៅ។ គាត់អត់ហ៊ានចូលមកធ្វើ។ ក្រុមហ៊ុនឈូសអស់រលីង ហើយគាត់ចាប់ផ្តើមដាំអំពៅខ្ទេចលើដីរបស់គាត់។ អញ្ចឹងមានតែមួយចំនួនតូចទេដែលកំពុងតែកាន់កាប់ កំពុងតែធ្វើស្រែចម្ការនៅក្នុងក្រុមហ៊ុនហ្នឹង»។
លោកចេង សុភាពបានបន្ថែមថា ប្រជាពលរដ្ឋចង់បានការអភិវឌ្ឍ តែការអភិវឌ្ឍមិនត្រូវប៉ះពាល់ប្រជាពលរដ្ឋទេ ហើយកុំបន្ទោសប្រជាពលរដ្ឋ ពេលពលរដ្ឋធ្វើបាតុកម្ម និងការធ្លាក់សំឡេងឆ្នោតក្នុងឆ្នាំ២០១៣របស់គណបក្សគ្រប់គ្រងប្រទេស។
«ឃើញទេ មួយរយៈកន្លងមក ៩០កៅអីធ្លាក់មកនៅត្រឹមជាង៦០ ដោយសារអ្នកណាគេ គឺដោយសារលោកទាំងអស់ហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿ បានជាប្រជាពលរដ្ឋលែងបោះឆ្នោតឲ្យ»។
លោកបានស្តីបន្ទោសថា ក្រុមហ៊ុនមួយចំនួនកំពុងតែបិទបាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកថ្លែងយ៉ាងដូច្នេះដោយយោងថា ដីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបញ្ជាឲ្យដោះស្រាយជូនប្រជាពលរដ្ឋ មិនត្រូវគេដោះស្រាយជូននោះទេ។
តំណាងពលរដ្ឋមកពីស្រុកថ្ពងគឺលោកចាន់ សុខឿន អាយុ៤៧ បានថ្លែងថា ប្រជាពលរដ្ឋនឹងបន្តតស៊ូទៅមុខទៀត ដោយមិនខ្លាចការគាបសង្កត់ពីក្រុមហ៊ុន ការសម្លុតពីអាជ្ញាធរការពារក្រុមហ៊ុន ការបង្ខំឲ្យទទួលយកដីនិងសំណងមិនត្រឹមត្រូវទេ ដោយសារតែជីវភាពរបស់ពលរដ្ឋមានការដុនដាបខ្លាំងទៅហើយរយៈពេលជាង៤ឆ្នាំ ដោយសារការរំលោភបំពានដីធ្លី ហើយគ្មានដំណោះស្រាយនេះ។
«បើសិនជានៅធ្វើរបៀបនេះទៀត គាត់នឹងវេទនាកាន់តែខ្លាំង ហើយដល់ពេលគាត់ធ្វើការលែងកើតគឺគាត់ដេកចាំតែថ្ងៃស្លាប់តែម្តង។ អាហ្នឹងចំណុចដែលយើងមើលឃើញជាក់ស្តែង»។
លោកបានរិះគន់លើល្បិចក្រុមហ៊ុនដែលឃោសនាអំពីជីវភាពធូរស្រាល និងការបញ្ជូនមនុស្សខ្លះដែលសុខចិត្តទទួលយកសំណងតាមបែបបង្ខំពីក្រុមហ៊ុន ដើម្បីវាយប្រហារលើប្រជាពលរដ្ឋភាគច្រើនបំផុត ដែលមិនស្របតាមការផ្តល់សំណងរបស់ក្រុមហ៊ុន ដែលគេចោទថា បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាពពលរដ្ឋផងនោះ។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកលី យ៉ុងផាត់ និងបុគ្គលិកក្រុមហ៊ុនដទៃទៀត តែមិនអាចទាក់ទងតាមទូរស័ព្ទបានទេ នៅសប្តាហ៍នេះ។
លោកអៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានថ្លែងថា ទាំងក្រុមហ៊ុន រដ្ឋាភិបាលនិងជនរងគ្រោះ ជាពលរដ្ឋគួរបន្តដោះស្រាយឲ្យបានចប់ឆាប់ កុំឲ្យប្រជាពលរដ្ឋបន្តរងទុក្ខវេទនាទៀត ហើយលោកស្វាគមន៍ការជួបជុំតាមវេទិកាសាធារណៈ ដូចកាលពីឆ្នាំទៅ ដែលមានការចូលរួមពីម្ចាស់ក្រុមហ៊ុន គឺលោកឧកញ៉ា លីយ៉ុងផាត់ និងមន្ត្រីរដ្ឋាភិបាល អាជ្ញាធរនិងការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើន ដើម្បីជជែកគ្នាដោយបើកចំហនិងរកដំណោះស្រាយ។
«តែអ្វីដែលធ្វើឲ្យយើងមានការសោកស្តាយរហូតមកដល់ពេលនេះ យើងឃើញថា ដំណោះស្រាយហ្នឹងហាក់បីដូចជាមិនទាន់មាននៅឡើយ ទោះបីជាយើងបានជួបគ្នាតាំងពីខែ២កន្លងទៅ។ ជិតមួយឆ្នាំទៅហើយ ប្រជាពលរដ្ឋនៅតែមិនទាន់ទទួលបាន ហើយបញ្ហាដែលប្រជាពលរដ្ឋបានលើក ឡើងក៏មិនទាន់បានយកមកដោះស្រាយឲ្យមានតម្លាភាព ត្រឹមត្រូវនៅឡើយ។ ហើយយើងចង់ឃើញឲ្យមានការជួបជុំបែបនេះបន្តទៀត ហើយអ្វីដែលយើងចង់ឃើញគឺឲ្យមានការដោះស្រាយដោយមានតម្លាភាព និងត្រឹមត្រូវជូនប្រជាពលរដ្ឋ»។
ក្រុមប្រជាពលរដ្ឋមិនត្រឹមតែទាមទារសំណងពីក្រុមហ៊ុនស្ករអំពៅទេ តែធនាគារអេអេនហ្ស៉ិតផងដែរ ដែលជាអ្នកផ្តល់លុយកាក់ដល់ក្រុមហ៊ុនដែលរំលោភសិទ្ធិមនុស្ស ហើយតាមច្បាប់របស់ខ្លួនត្រូវតែធានាខុសត្រូវចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋ។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនអះអាងថា ធនាគារ អេអេនហ្ស៉ិតត្រូវតែទទួលខុសត្រូវ។
លោកអៀង វុទ្ធីនៃអង្គការសមធម៌ បានអះអាងថា ធនាគា អេអេនហ្ស៉ិតមានកាតព្វកិច្ចដោះស្រាយសំណងជូនប្រជាពលរដ្ឋ ទោះបីជាខ្លួនថា មិនទាក់ទងក្តី ហើយថា ក្រុមហ៊ុនបានសងលុយអស់ហើយក្តី។
«ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមិនអាចទទួលយកបានគឺគាត់ព្យាយាមគេចវេសពីកាតព្វកិច្ចរបស់ពួកគាត់ ព្រោះថា នៅក្នុងគោលការណ៍របស់ធនាគារគឺតម្រូវឲ្យមានការធ្វើការសិក្សា វាយតម្លៃផលប៉ះពាល់ ក៏ដូចជាហានិភ័យផ្សេងៗដែលអាចនឹងកើតឡើងមុនពេលដែលធនាគារផ្តល់កម្ចី ឬក៏ដាក់វិនិយោគទៅលើក្រុមហ៊ុនណាមួយ ហើយជាក់ស្តែងក្រុមហ៊ុននេះយើងឃើញថា មានវិវាទជាមួយប្រជាពលរដ្ឋ»។
លោកបានអះអាងថា ក្រុមហ៊ុន ធនាគារមិនគួរគេចពីការទទួលខុសត្រូវទេ។
«ចំណែកឯក្រុមហ៊ុនដែលរកស៊ី ហើយបានទទួលចំណូល ផលចំណេញពីបញ្ហាដែលកើតឡើង ដោយសារការរិបអូសដីធ្លី ក៏ដូចជាការបំផ្លាញធនធានធម្មជាតិហ្នឹង បែរជាដោះខ្លួន រួចហើយព្យាយាមគេចវេស ហើយខ្លួនបានទទួលប្រាក់ចំណេញរាប់លាន។ ចំណុចនេះហើយដែលយើងថា ធនាគារ អេអេនហ្ស៉ិតនេះមានកាតព្វកិច្ចផ្លូវច្បាប់ កាតព្វកិច្ចសិទ្ធិមនុស្សក្នុងការដោះស្រាយជូនប្រជាពលរដ្ឋនូវសំណង ឬមួយក៏ជម្រើសដែលខ្លួនត្រូវតែធ្វើជូនប្រជាពលរដ្ឋ»។
លោកចេង សុភាព តំណាងពលរដ្ឋនៅឱរ៉ាល់ បានអះអាងថា ធនាគារនេះត្រូវសងដល់ការខូចខាតរបស់ប្រជាពលរដ្ឋ។
«បើសិនជាគាត់ចង់លើកដំកើងកិត្តិយសរបស់ធនាគារគាត់ឲ្យមានប្រជាប្រិយភាព គួរតែគាត់ទទួលស្គាល់ហើយ ព្រោះអីលុយចំណេញរបស់គាត់បានមកពីការចំណេញពីញើសឈាមរបស់ប្រជាពលរដ្ឋទេ។ ម៉េចបានខ្ញុំហ៊ានថា វាបានមកពីញើសឈាមប្រជាពលរដ្ឋ ព្រោះក្រុមហ៊ុនមករំលោភយកដីប្រជាពលរដ្ឋ។ សូម្បីតែដីស្រែដីចម្ការ ក្រុមហ៊ុនជាអ្នកមករំលោភយក ដាំអំពៅលើដីស្រែដីចម្ការប្រជាពលរដ្ឋ។ ហ្នឹងហើយជាប្រាក់ញើសប្រាក់ឈាមរបស់ប្រជាពលរដ្ឋនោះ។ គាត់គួរតែទទួលខុសត្រូវ។
ក្រៅពីបាតុកម្មតវ៉ាក្រុម ប្រជាពលរដ្ឋបានស្នើសុំឲ្យសភាដោះស្រាយជាមួយធនាគារអេអេនហ្ស៉ិតផងដែរ តែមិនទាន់ដឹងថា តើសភានឹងចាត់វិធានការហៅក្រុមហ៊ុននិងធនាគារមកសាកសួរពេលណានោះទេ។
បើតាមលោកអេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាបានថ្លែងថា គណៈកម្មការលោកបានទទួលពាក្យបណ្តឹងឲ្យជួយដោះស្រាយបញ្ហាជាមួយនឹងធនាគារ អេអេនហ្ស៉ិត និងបញ្ហាទំនាស់ដីធ្លីនៅខេត្តកំពង់ស្ពឺ ដែលមានបញ្ហាទំនាស់ជាមួយនឹងក្រុមហ៊ុន លោកឧកញ៉ាលី យ៉ុងផាត់។
«ប៉ុន្តែនៅទាក់ទងនឹងវិវាទដីធ្លីគាត់ហ្នឹងគឺថាយូរហើយនៅថ្ពង អមលាំងនោះ គឺមានវិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់ហ្នឹងយូរមកហើយ ហើយប្រជាពលរដ្ឋមួយចំនួនហ្នឹងក៏លោកមិនទាន់បានទទួលយកសំណងអ្វីដែលក្រុមហ៊ុនបានប្រគល់ឲ្យទេ។ ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺខាងរដ្ឋសភាយើងនឹងធ្វើការអង្កេតរឿងហ្នឹង ហើយនឹងជំរុញឲ្យមានដំណោះស្រាយឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ជូនប្រជាពលរដ្ឋ»។
លោកថ្លែងថា គណៈកម្មការលោកនឹងចុះស៊ើបអង្កេតបញ្ហាទំនាស់ដីធ្លីនៅកន្លែងផ្សេងៗទៀតក្នុងខេត្តកំពង់ស្ពឺ ហើយដោះស្រាយក្នុងពេលតែមួយ។ តែលោកអះអាងថា ពេលនេះគណៈកម្មការរបស់លោកកំពុងជាប់រវល់នឹងការស៊ើបអង្កេតដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅខេត្តក្រចេះជាង១០ករណីនោះ។
ពលរដ្ឋបានអះអាងថា ដោយសារសម្ពាធពីពលរដ្ឋ ធនាគារអេអេនហ្ស៉ិតបានទាមទារឲ្យក្រុមហ៊ុនលោកលី យ៉ុងផាត់សងសំណងអស់ហើយ ហើយធនាគារត្រូវពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលអះអាងថា នឹងមិនទទួលខុសត្រូវចំពោះការទាមទាររបស់ពលរដ្ឋទេ ដែលរឿងនេះកំពុងប្តឹងផ្តល់ក្នុងប្រទេស អូស្ត្រាលី ដែលជាការិយាល័យកណ្តាលរបស់ធនាគារអេអែនហ្ស៉ិត។
ការរំលោភដីធ្លីរបស់ពលរដ្ឋនោះក៏មានសម្ពាធពីក្រុមហ៊ុនបរទេសជាច្រើន និងសហភាពអឺរ៉ុប ហើយនឹងប្រទេសមួយចំនួនទៀតផងដែរ។ ក្រុមហ៊ុនខ្លះដូចជាក្រុមហ៊ុនកូកាកូឡា បានប្រកាសផ្អាកការទិញស្ករពីកម្ពុជា ដោយអំពើរំលោភសិទ្ធិមនុស្ស។ សំណុំរឿងរំលោភបំពានដីធ្លី ហើយការមិនដោះស្រាយនេះកំពុងស្ថិតនៅក្រោមការប្តឹងផ្តល់ទៅដល់ស្ថាប័នអន្តរជាតិនិងតុលាការបរទេសផងដែរ ដើម្បីឲ្យមានដំណោះស្រាយជូនពលរដ្ឋនិងបញ្ឈប់ការរំលោភបំពានដីធ្លី និងសិទ្ធិមនុស្សជាមូលដ្ឋាន។
សហភាពអឺរ៉ុបត្រូវគេដឹងថា បានជួលក្រុមឯករាជ្យមួយដើម្បីស្រាវជ្រាវដល់ការរំលោភបំពានដីធ្លីរបស់ក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងនៅខេត្តឧត្តរមានជ័យ ដែលមានភាពចម្រូងចម្រាសយ៉ាងខ្លាំងដូចគ្នានោះ។ ក្រុមហ៊ុនថៃនឹងតំណាងពលរដ្ឋខេត្តកោះកុងត្រូវគេដឹងថា កំពុងតែមានការសម្របសម្រួលគ្នាស្វែងរកដំណោះស្រាយ៕