លោក Blinken បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក នឹង​មាន​វិធានការ បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ស្តាំ) និង​រដ្ឋមន្ត្រី​ការបរទេស​មួយ​ចំនួន​ទៀត ប្រុងប្រៀប​ចូលរួម​កិច្ចប្រជុំ​នៅ​ក្រសួង​ការបរទេស​នៅ​ទីក្រុងប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក ​Antony Blinken ​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់​ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធ​មិត្ត​សំខាន់ៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អំពី​ស្ថានភាព​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​អ៊ុយក្រែន​ នៅ​ពេល​លោក​ប្រុង​ប្រៀប​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក ​Sergey Lavrov។​

លោក ​Blinken ​កំពុង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ លោក​ស្រី ​Annalena Baerbock ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក ​Jean-Yves Le Drian ​និង​រដ្ឋមន្ត្រី​អង់គ្លេស​ទទួល​បន្ទុក​តំបន់​មជ្ឈឹម​បូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង​លោក​ James Cleverly ​មុន​ពេល​ថ្លែង​សុន្ទរកថា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ​

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​Joe Biden ​បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា ​លោក​គិត​ថា ​រុស្ស៊ី នឹង​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ដោយ​លោក​បាន​ព្រមាន​ម្តង​ទៀត​ដល់​មេ​ដឹកនាំ​រុស្ស៊ី​លោក ​Vladimir Putin​ ថា សកម្មភាព​បែប​នេះ​ នឹង​ត្រូវ​ប្រឈម​ផល​វិបាក​ដូចជា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច។​

រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​មាន​បំណង​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ទេ ​ហើយ​កំពុង​ស្វះស្វែង​រក​ការ​ធានា​ខាង​សន្តិសុខ ​ដូចជា​ប្រទេស​អ៊ុយក្រែន​ នឹង​មិន​ត្រូវ​ចូល​រួម​ជាមួយ​អង្គការ​អូតង់។​

លោក ​Blinken ​នឹងត្រូវ​ពិភាក្សា​អំពី​សភាព​ការណ៍​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក ​Lavrov ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ដែល​ជា​ការ​ឈប់​សំចត​ទី៣​ ក្នុង​ដំណើរ​របស់​លោក​ដែល​ត្រូវ​បាន​រៀបចំ​ដ៏​ប្រញាប់​ ដែល​អំឡុង​ពេល​នេះ ​លោក​បាន​បង្ហាញ​នូវបំណង​យ៉ាង​ច្បាស់​របស់​សហ​រដ្ឋ​អាមេរិក​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​ខាង​ការទូត​សម្រាប់​ជម្លោះ​នេះ។ ​

លោក ​Blinken ​បាន​ផ្ញើសារ​នេះ ​កាលពី​ថ្ងៃ​ពុធ​នៅ​រដ្ឋធានី​កៀវ ​ប្រទេស​អ៊ុយក្រែន ​ដោយ​បាន​ប្រាប់​ VOA​ ថា ​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ នឹង​ឆ្លើយតប​«ដោយ​កម្លាំង​ និង​ដាច់ខាត»​ ប្រឆាំង​ការ​បន្ត​ភាព​គឃ្លើន​ខាង​យោធា​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ​ក៏​ប៉ុន្តែ​សង្ឃឹម​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ ​នឹង​អនុវត្ត​មាគ៌ា​ការទូត៕