លោក Blinken ទៅ​​ប្រទេស​អេហ្ស៊ីប​ដើម្បី​ចរចា​ពី​ភាពខ្វះមិន​​បាន​នៃ​ការឈប់​បាញ់​គ្នា​នៅ​ហ្កាហ្សា

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty ធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីជំនួបរបស់ពួកគេនៅវិមាន Tahrir នៅកណ្តាលទីក្រុងគែរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ការសម្រេច​ទៅ​មុខខ្លះត្រូវ​បាន​ធ្វើ​ឡើង​ស្តីពី​ការឈប់​បាញ់​គ្នានៅ​តំបន់​ហ្កាហ្សា​ក្នុង​រយៈពេល​មួយ​ខែ​កន្លះកន្លង​មក​នេះ ក៏ប៉ុន្តែ ឥឡូវ​នេះ​ទាំង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ត្រូវតែ​បង្ហាញ​នូវ«ឆន្ទៈ​នយោបាយ»​ដើម្បី​ធ្វើ​ឱ្យ​បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​នោះ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken។

លោក Blinken បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​ លោក Badr Abdelatty ថា«ខ្ញុំ​គិត​ថា​មាន​កិច្ចព្រមព្រៀង​មួយ​ដែលមាន១៨ កថាខ័ណ្ឌ។ ១៥កថាខ័ណ្ឌ​នៃ​កថាខ័ណ្ឌ​ទាំង​នោះ​ត្រូវ​បាន​ព្រមព្រៀងគ្នា។ ក៏ប៉ុន្តែ បញ្ហា​ដែល​នៅ​សេសសល់​ចាំបាច់​ត្រូវតែ​ដោះស្រាយ»។

លោក Abdelatty បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​តាមរយៈ​អ្នក​បកប្រែ​ថា ​ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​នូវ​ការតាំងចិត្ត​ដ៏​ពេញទំហឹង​របស់​ខ្លួន ​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា​ និង​ការធ្វើវិសោធនកម្ម​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២ ខែ​កក្កដា។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Blinken និង​លោក Abdelatty បាន​ធ្វើការចរចា​ដែល​ក្នុង​នោះ​ពួក​អស់​លោក​បាន​ពិភាក្សា​ពី​តម្រូវការ​បន្ទាន់​សម្រាប់​ការឈប់​បាញ់​គ្នា​ទាំង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ និង​នៅ​ប្រទេស​ស៊ូដង់។

ក្នុង​ខណៈ​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​គែរ លោក Blinken ក៏​បាន​ធ្វើ​ការចរចា​ជាមួយ​ប្រធានា​ធិបតី​អេហ្ស៊ីប​លោក Abdel Fattah el-Sissi ផងដែរ។

ការចរចា​អស់​រាប់​សិប​ខែ​ជាមួយពួក​មន្ត្រី​សហរដ្ឋ​អាមេរិក អេហ្ស៊ីប​និង​កាតា​ដែល​បាន​សម្រប​សម្រួល​នៅ​មិន​ទាន់​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សមរម្យ​មួយដល់​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស់​នៅឡើយទេ។ ការចរចា​បាន​ផ្តោតលើ​ចំណុច​សំខាន់​មួយ​ ដែល​រួមមាន​ការឈប់​បាញ់​គ្នា​ ហើយ​និង​ការដោះលែង​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ឃុំឃាំង​ដោយ​ពួក​សកម្មប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ឡើយ។

សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​ពេលវេលា​សម្រាប់​សំណើ​មួយ​ដែល​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ ថ្វីបើ​ពួក​មន្ត្រី​បាន​និយាយ​ថា ​សំណើ​នោះ​នឹង​ត្រូវ​បាន​បង្ហាញនៅពេល​ឆាប់ៗ នេះ។

សហរដ្ឋ​អាមេរិក នឹង​បន្ត​ធ្វើការជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ ជា​ពិសេស អេហ្ស៊ីប​និង​កាតា ចំពោះ​ខ្លឹមសារ​នៃ​សំណើ​នោះ​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ​វា​អាច​នាំ​ឱ្យ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ឈានដល់«កិច្ចព្រមព្រៀង​ផ្តាច់ព្រាត់​មួយ»។ នេះ​បើ​តាម​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក៕