លោក Blinken ​នឹង​ជួប​មន្ត្រី​ហ្សកដានី​ដើម្បី​ជំរុញ​បទឈប់បាញ់គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​មកដល់​អាកាសយានដ្ឋាន Amman នៃ​ប្រទេស​ហ្ស៊ក​ដានី​កាលពីថ្ងៃទី​៣០ មេសា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken គ្រោង​នឹង​ជួប​នៅ​ថ្ងៃ​អង្គារ​នេះ​ជាមួយ​នឹង​មន្ត្រី​ហ្ស៊កដានី​និង​អ្នក​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​តំបន់​ហ្កាហ្សា (Gaza) នៅ​ចំ​ពេល​ដែល​មាន​ការ​ជំរុញ​ឱ្យ​មាន​បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) និង​ការ​ផ្ដល់​ជំនួយ​ដែល​ត្រូវការ​ចាំបាច់​ជាខ្លាំង​បន្ថែម​ទៀត​ដល់​តំបន់​ហ្កាហ្សា។

លោក Blinken គ្រោង​នឹង​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ទីក្រុង​អាម៉ាន់​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ហ្ស៊កដានី​លោក Ayman Safadi និង​ព្រះមហាក្សត្រ Adbullah II នៃ​ប្រទេស​ហ្ស៊កដានី មុន​ពេល​លោក​ជួប​ជាមួយ​នឹង​អ្នក​សម្របសម្រួល​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​និង​ការ​កសាង​ឡើងវិញ​សម្រាប់​តំបន់​ហ្កាហ្សា​លោក Sigrid Kaag។

លោក Blinken បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​អំឡុង​ពេល​លោក​ឈប់​សំចត​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ថា លោក​សង្ឃឹម​ថា​ក្រុម​ហាម៉ាស់​នឹង​ទទួល​យក​នូវ​អ្វី​ដែល​លោក​ចាត់ទុក​ថា​ជា​សំណើ «ដ៏​សប្បុរស​បំផុត» របស់​ប្រទេស​អ៊ីស្រាអែល​ឱ្យ​មាន​បទឈប់បាញ់​នៅក្នុង​តំបន់​ហ្កាហ្សា​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង។

គណៈប្រតិភូ​មកពី​ក្រុម​ហាម៉ាស់​បាន​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ប្រទេស​អេហ្ស៊ីប ដែល​នៅក្នុង​ការ​ពិភាក្សា​នោះ​ប្រទេស​កាតា​បាន​ស្វះស្វែង​ដើម្បី​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​និង​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង។

ការ​វាយប្រហារ​តបត​ទៅវិញ​របស់​អ៊ីស្រាអែល​នៅក្នុង​តំបន់​ហ្កាហ្សា​បាន​សម្លាប់​មនុស្ស​ជាង ៣៤.០០០ នាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​នៅក្នុង​តំបន់​ហ្កាហ្សា។ អ៊ីស្រាអែល​ថា​តួលេខ​នេះ​គឺ​រួម​បញ្ចូល​ទាំង​យុទ្ធជន​ហាម៉ាស់​រាប់​ពាន់​នាក់​ផងដែរ។

លោក Blinken បាន​បញ្ជាក់​នៅក្នុង​ទីក្រុង​រីយ៉ាដ​ថា សហរដ្ឋ​អាមេរិក​ជិត​នឹង​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិសុខ​មួយ​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្ដល់​ជូន​ប្រសិនបើ​អារ៉ាប៊ីសាអូឌីត​មាន​សន្តិភាព​ជាមួយ​នឹង​អ៊ីស្រាអែល៕