រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអេហ្ស៊ីបនៅសប្ដាហ៍នេះសម្រាប់ការពិភាក្សាដែលលោកបាននិយាយថានឹងផ្ដោតលើការជំរុញឱ្យមានបទឈប់បាញ់នៅហ្កាហ្សា (Gaza) ការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ឃុំ និងការធ្វើផែនការសម្រាប់តំបន់ហ្កាហ្សានៅក្រោយសង្គ្រាម។
លោក Blinken បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅប្រទេសហ្វីលីពីនថា ការរៀបចំគឺចាំបាច់ត្រូវមានជាស្រេចសម្រាប់របៀបចាត់ចែងលើអភិបាលកិច្ច សន្តិសុខ ជំនួយមនុស្សធម៌ និងការអភិវឌ្ឍឡើងវិញនៅហ្កាហ្សា។
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើឱ្យអ៊ីស្រាអែលយល់អំពីភាពចាំបាច់នៅក្នុងការមានផែនការមួយ និងថាក្ដីសង្ឃឹមឱ្យសង្គ្រាមនេះបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើបានគឺនៅតែមាន។
ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងភាគច្រើននៅក្នុងតំបន់ហ្កាហ្សាបានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី នៅពេលដែលអ៊ីស្រាអែលបន្តយុទ្ធនាការរបស់ខ្លួនដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្រោយការវាយប្រហាររបស់ក្រុមនេះលើខ្លួនកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។ បើយោងតាមតួលេខរបស់អ៊ីស្រាអែល មនុស្ស ១.២០០ នាក់ត្រូវបានសម្លាប់និងប្រហែល ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់នៅពេលនោះ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបានបញ្ជាក់ថា ការវាយបកត្រឡប់មកវិញរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៣២.០០០ នាក់ ដែលភាគច្រើនគឺជាស្ត្រីនិងកុមារ។ ប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលត្រូវបានជម្លៀសពីផ្ទះសម្បែង។
លោក Blinken បានរៀបរាប់នូវអ្វីដែលលោកហៅថាជា «ស្ថានភាពមនុស្សធម៌ដ៏រន្ធត់» នៅហ្កាហ្សា ដោយយោងលើរបាយការណ៍របស់អង្គការសហប្រជាជាតិដែលថា មនុស្សទាំងអស់នៅក្នុងតំបន់នេះត្រូវការជំនួយមនុស្សធម៌។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្ទនាកាលពីថ្ងៃចន្ទជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ជាលើកដំបូងបង្អស់នៅក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ដោយលោកបានបង្ហាញក្ដីបារម្ភថ្មីអំពីវិធីធ្វើសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅហ្កាហ្សានិងផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារតាមផ្លូវគោកលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សាជិតព្រំដែនប្រទេសអេហ្ស៊ីប៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន AFP។