រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសកាលពីថ្ងៃពុធថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនគឺជាការសាកល្បងភូមិសាស្ត្រនយោបាយធំបំផុតរបស់ពិភពលោកនៅសតវត្សរ៍នេះ។
នៅក្នុងសុន្ទរកថាចេញផ្សាយមុនពេលលោកថ្លែងសុន្ទរកថាអំពីគោលនយោបាយការបរទេសដ៏ធំជាលើកដំបូង លោក Blinken មានប្រសាសន៍ថា រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី Joe Biden នឹង«គ្រប់គ្រង»ទំនាក់ទំនងជាមួយប្រទេសចិនដោយផ្ដើមចេញពីជំហរដ៏រឹងមាំមួយ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយក្នុងរយៈពេលប៉ុន្មានម៉ោងមុនពេលលោក Blinken ថ្លែងសុន្ទរកថានៅក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះមានខ្លឹមសារថា៖ «បញ្ហានេះតម្រូវឱ្យមានការចូលរួមផ្នែកការទូតនិងនៅក្នុងស្ថាប័នអន្តរជាតិ ពីព្រោះថាកន្លែងណាដែលយើងដកថយ ប្រទេសចិនឈានជើងចូល» ។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងបន្តប្រកួតប្រជែង សហការ ហើយ «បើចាំបាច់ នឹងប្រឈមនឹងប្រទេសចិន ដែលជាប្រទេសតែមួយគត់ដែលមានសេដ្ឋកិច្ច ការទូត យោធា និងសក្ដានុពលខាងបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា ដែលអាចជាឧបសគ្គដល់ប្រព័ន្ធអន្តរជាតិដែលមានស្ថិរភាពនិងបើកចំហ ដែលប្រព័ន្ធនោះមានបទបញ្ញត្តិ គុណតម្លៃ និងទំនាក់ទំនងដែលធ្វើឱ្យពិភពលោកដំណើរការតាមរបៀបដែលយើងចង់បាន»។
សុន្ទរកថារបស់លោក Blinken បានដាក់ចេញនូវយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Joe Biden ដើម្បី«ពង្រឹងភាពខ្លាំងរបស់សហរដ្ឋអាមេរិក» នៅលើពិភពលោកដោយសន្យាថានឹងដឹកនាំតាមរយៈ«ការទូត»៕