រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើទស្សនកិច្ចទៅប្រទេសចិននៅថ្ងៃអង្គារនេះសម្រាប់ការពិភាក្សាជាច្រើនថ្ងៃជាមួយនឹងមន្ត្រីជាន់ខ្ពស់ចិននៅក្នុងទីក្រុងសៀងហៃនិងទីក្រុងប៉េកាំង។
ទស្សនកិច្ចលើកទីពីររបស់លោក Blinken ទៅកាន់ប្រទេសចិននេះបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកព្រមានចិនមិនឱ្យជួយរុស្ស៊ីនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនតាមរយៈក្រុមហ៊ុនចិនផ្គត់ផ្គង់ដោយផ្ទាល់នូវគ្រឿងផ្សំសំខាន់ៗសម្រាប់មូលដ្ឋានឧស្សាហកម្មផ្នែកការពាររបស់រុស្ស៊ី។
បញ្ហាសំខាន់ៗផ្សេងទៀតនៅលើរបៀបវារៈនៃការពិភាក្សានេះរួមមានការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ការពង្រឹងសារគមនាគមន៍រវាងយោធានិងយោធា ការបង្កើតការពិភាក្សាលើហានិភ័យនិងសុវត្ថិភាពនៃបច្ចេកវិទ្យា AI និងការរុករកវិធីពង្រឹងទំនាក់ទំនងរវាងពលរដ្ឋទៅពលរដ្ឋ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក។
មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា សហរដ្ឋអាមេរិក «មានភាពប្រាកដនិយមនិងជាក់ច្បាស់អំពីក្ដីរំពឹងថានឹងមានដំណោះស្រាយ» លើបញ្ហាណាមួយនៅលើរបៀបវារៈនេះ។ អ្នកវិភាគខ្លះថា ពួកគេមិនរំពឹងថានឹងមានលទ្ធផលប្រសើរណាមួយកើតចេញពីការពិភាក្សានេះទេ។
មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបានប្រាប់ VOA ក្នុងអំឡុងសន្និសីទកាសែតតាមអនឡាញកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា សហរដ្ឋអាមេរិក «ត្រៀមលក្ខណៈដើម្បីចាត់វិធានការ» នៅពេលណាដែលចាំបាច់ប្រឆាំងនឹងក្រុមហ៊ុនចិនណាដែល «ធ្វើឱ្យអន្តរាយធ្ងន់ធ្ងរដល់សន្តិសុខទាំងនៅអ៊ុយក្រែននិងអឺរ៉ុប»។
សហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មលើធនាគារចិនណាដែលជួយសម្របសម្រួលដល់ការផ្ទេរគ្រឿងផ្សំសំខាន់ៗសម្រាប់ផលិតកម្មអាវុធរបស់រុស្ស៊ី។ នេះបើយោងតាមអ្នកវិភាគ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរួចមកហើយលើបុគ្គលនិងក្រុមហ៊ុនចិនណាដែលបានផ្គត់ផ្គង់គ្រឿងផ្សំនានាដល់រុស្ស៊ី ហើយកំពុងទាក់ទាញការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបឱ្យចាត់វិធានការស្រដៀងគ្នានេះ។
ចិនបានច្រានចោលនូវអ្វីដែលមន្ត្រីចិនហៅថាជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកនៅក្នុងការ «បង្ខូចកេរ្តិ៍ឈ្មោះ» ឬ «វាយប្រហារទំនាក់ទំនងជាប្រក្រតីរវាងចិននិងរុស្ស៊ី»៕