រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកដឹងអំពីភាពបន្ទាន់នៃស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន និងថាកងទ័ពអ៊ុយក្រែននឹងទទួលបានជំនួយដែលពួកគេត្រូវការ។
ក្នុងអំឡុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅក្នុងទីក្រុងកៀវ លោក Blinken បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងធ្វើការដើម្បីផ្ដល់ជំនួយថ្មីដែលបានអនុម័តកាលពីចុងខែមេសាដល់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើបាន។
លោក Blinken បានប្រកាសផ្តល់ជំនួយអាវុធចំនួន ២ ពាន់លានដុល្លារផងដែរ។ ថវិកាភាគច្រើនគឺមកពីកញ្ចប់ជំនួយដែលបានអនុម័តកាលពីខែមុន។
លោក Kuleba បាននិយាយថា ប្រទេសរបស់លោកមើលឃើញថាសហរដ្ឋអាមេរិកគាំទ្រអ៊ុយក្រែន និងថាអ៊ុយក្រែន «នឹងអាចទ្រាំទ្រនឹងការលំបាកណាមួយដែលរុស្ស៊ីនឹងព្យាយាមដាក់លើអ៊ុយក្រែន»។
នៅថ្ងៃពុធនេះ រុស្ស៊ីបានបញ្ជាក់ថាកងទ័ពរបស់ខ្លួនបានដណ្ដើមកាន់កាប់ភូមិពីរទៀតនៅក្នុងតំបន់ Kharkiv ដែលនៅទីនោះកងទ័ពរុស្ស៊ីបានបង្កើនការវាយប្រហារ។
ការរុលទៅមុខរបស់រុស្ស៊ីនៅភាគឦសានប្រទេសអ៊ុយក្រែនបានជំរុញឱ្យខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ប្រកាសនៅថ្ងៃពុធនេះថាដំណើរទស្សនកិច្ចទៅបរទេសនៅពេលឆាប់ៗខាងមុខនេះទាំងអស់របស់លោក Zelenskyy នឹងត្រូវលុបចោល។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍នៅថ្ងៃពុធនេះថាខ្លួនបានបាញ់ទម្លាក់មីស៊ីល ១០ គ្រាប់នៅក្នុងតំបន់គ្រីមា (Crimea) ដែលរុស្ស៊ីកាន់កាប់ ក៏ដូចជាបាញ់ទម្លាក់ដ្រូន ៩ គ្រឿងនិងមីស៊ីលជាច្រើនគ្រាប់នៅក្នុងតំបន់ Belgorod នៅភាគខាងលិចប្រទេសរុស្ស៊ី និងដ្រូនជាច្រើនគ្រឿងទៀតនៅក្នុងតំបន់ Kursk និងតំបន់ Bryansk៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។