លោកBlinken ធ្វើ​ដំណើរ​ទៅ​កាន់តំបន់​​មជ្ឈិម​បូព៌ា​ដើម្បី​ពង្រឹង​បទឈប់​បាញ់​រវាងអ៊ីស្រាអែល​និង​ក្រុម Hamas និង​ស្ដារ​តំបន់ Gaza ឡើងវិញ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu (ស្ដាំ) និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក Anthony Blinken ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ក្នុង​ទីក្រុង Jerusalem ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋ​មន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក Antony Blinken នៅ​ថ្ងៃ​អង្គារ​នេះ គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង Jerusalem និង​មេដឹក​នាំ​ប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុង Ramallah ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹង​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុមHamas ដែល​បាន​ចូល​ជា​ធរមាន​កាល​ពីចុង​សប្ដាហ៍​មុន។

លោក Blinken បាន​និយាយ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ចទៅ​កាន់​ប្រទេស​ជាច្រើន​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ថា៖ «ទោះ​បី​ជា​យើង​បាន​ធ្វើ​ការជាមួយ​ភាគី ​និង​ដៃគូ​ជាច្រើន​ដើម្បី​ជួយ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នេះ​ក៏ដោយ ក៏​យើង​បាន​យក​ចិត្ត​ទុក​ដាក់លើ​ផ្លូវ​នៅ​ខាង​មុខ រួម​មាន​វិធានការ​នានា​ដែល​យើង​អាចធ្វើ​ដើម្បី​កសាង​អនាគត​ប្រសើរ​មួយ​សម្រាប់​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន»។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​លោក​ទៅ​កាន់​តំបន់​នោះ​ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក។​

គម្រោង​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​រួម​មាន​ជំនួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រដ្ឋមន្ត្រី​ការពារជាតិ​លោក​ Benny Gantz និង​រដ្ឋមន្ត្រីការបរទេស​លោកGabi Ashkenazi ក៏​ដូច​ជា​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas និង​នាយក​រដ្ឋមន្ត្រីលោក Mohammad Shtayyeh ផង​ដែរ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា លោកBlinken នឹង«ជួប​ជា​មួយ​មេដឹក​នាំអ៊ីស្រាអែល​ដើម្បី​ពិភាក្សាអំពីការ​បេ្ដជ្ញា ចិត្ត​របស់​យើង​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល» ហើយ «យើង​នឹង​បន្ត​កិច្ចខំប្រឹងប្រែង​របស់​រដ្ឋបាល​របស់​យើង​ដើម្បី​កសាង​ទំនាក់ទំនាក់ទំនង​ឡើងវិញ​ក៏​ដូចជា​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​និង​មេដឹក​នាំ​ប៉ាឡេស្ទីន​បន្ទាប់​ពី​ការ​ធ្វេស​ប្រហែសជា​ច្រើន​ឆ្នាំ​មក»។

លោកBiden បាន​បញ្ជាក់​ទៀត​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ជា​មួយ​ដៃគូ​ក្នុង​តំបន់​ដើម្បី «ធានា​ឲ្យ​បាន​នូវ​ជំនួយ​ភ្លាមៗ​ដល់​តំបន់ Gaza ក្នុង​របៀប​មួយ​ដែល​ថា ជំនួយ​ទំាង​នោះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ​ និង​មិនមែន​ជា​ប្រយោជន៍​សម្រាប់​ក្រុម Hamas ឡើយ»៕