លោក Bliken ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ Hamas ប្រសើរឡើងវិញ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង Reykjavik ប្រទេស​អ៊ីស្លង់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​ការ​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម Hamas បាន​ចូល​ជាធរមាន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក Blinken ទៅ​កាន់​តំបន់​នោះ​ក្នុង​នាមជា​រដ្ឋ​មន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក។ លោក​នឹង​ជួប​ភាគី​អ៊ីស្រាអែល ប៉ាឡេស្ទីន និង​សមភាគី​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ដែល​នេះជា​ផ្នែក​មួយ​នៃ​កិច្ច​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បញ្ឈប់​ការ​បាញ់​គ្នា​នៅ​ក្នុង​តំបន់ Gaza។

សហរដ្ឋ​អាមេរិកបាន​បញ្ជាក់​ថា ខ្លួន​បាន​បេ្ដជ្ញា​ធ្វើការ​ជា​មួយ​អាជ្ញាធរ​ប៉ាឡេស្ទីន​និង​អង្គការ​សហប្រជាជាតិ​ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​ឲ្យ​បានឆាប់​រហ័ស​ហើយ​ក៏​ដូច​ជា​ប្រមែរប្រមូលជំនួយ​អន្តរជាតិដើម្បី​ទ្រទ្រង់តំបន់ Gaza និង​កិច្ចខំ​ប្រឹងប្រែង​ដើម្បី​ស្ថាបនា​តំបន់ Gazaឡើង​វិញ។

លោក Blinken បាន​ប្រាប់បណ្តាញ​ទូរទស្សន៍ CNN កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ការ​យក​ចិត្តទុក​ដាក់​របស់​យើង​ឥឡូវ​នេះ​គឺ​ការ​ដោះ​ស្រាយ​ស្ថានភាព​ទាក់ទង​នឹង​ជំនួយ​មនុស្ស ធម៌​ ដោយ​ចាប់​ផ្ដើម​ស្ដារ​និងសាងសង់​ឡើង​វិញ​ និង​ចូល​រួម​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គ្រប់​ភាគី​ទាំង​ប៉ាឡេស្ទីន អ៊ីស្រាអែល​និង​ដៃគូ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់»។

ក្នុង​ខណៈ​នោះដែរ ក្រុម​អ្នក​សម្របសម្រួល​អេហ្ស៊ីប បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​តំបន់ Gaza ហើយ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas ដែល​គូប្រ ជែងដែល​មាន​ទីតាំង​នៅ​តំបន់ West Bank របស់​ក្រុមHamas នៅ​ក្នុង​កិច្ចខំប្រឹងប្រែង​ដើម្បី​រក្សា​បទ​ឈប់បាញ់​គ្នា។ ប្រទេស​អេហ្ស៊ីប បាន​សម្រប​សម្រួល​ឲ្យ​មាន​ការឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល​និង​ពួក​ជនសកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ដែល​ដឹកនាំ​ដោយ​ក្រុមHamas៕