រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken មានគម្រោងទៅបំពេញទស្សនកិច្ចរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ នៅចុងសប្តាហ៍នេះដើម្បីជួបជាមួយមេដឹក នាំអាស៊ានជាទីកន្លែងដែលលោកត្រូវគេរំពឹងនឹងធ្វើការទាក់ទងដោយផ្ទាល់ជាមួយពួកមេដឹកនាំជាប់ឆ្នោតថ្មីៗមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Blinken នឹងតំណាងឱ្យលោកប្រធានាធិបតី Joe Biden នៅឯសន្និសីទកំពូលរវាងអាស៊ាននិងសហរដ្ឋអាមេរិកនៅឆ្នាំនេះហើយនឹងចូលរួមសន្និសីទកំពូលអាស៊ីបូព៌ាជាទីកន្លែងដែលពួកមេដឹកនាំនិងមន្ត្រីជានខ្ពស់មកពីប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូងនិងសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវគេរំពឹងនឹងចូលរួមដែរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថាលោក Blinken នឹងពិភាក្សាបញ្ហាភូមិសាស្ត្រនយោបាយក្នុងអំឡុងនៃការចរចារបស់លោកនៅក្នុងរដ្ឋធានីវៀងចន្ទ រួមមានវិបត្តិកំពុងបន្តមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយនឹងសារៈសំខាន់នៃការអនុវត្តតាមច្បាប់អន្តរជាតិក្នុងសមុទ្រចិនខាងត្បូងនិងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
នៅពេលដែលពួកយោធាភូមាប្រុងប្រៀបធ្វើការបោះឆ្នោតនៅឆ្នាំក្រោយនៅពេលដែលជម្លោះរាលដាលផ្នែកភាគច្រើននៅក្នុងប្រទេសនោះ មន្ត្រីជាន់ខ្ពស់ការបរទេសអាមេរិកម្នាក់បានប្រាប់វីអូអេថាការបោះឆ្នោតមិនគួរកើតមានឡើងទេ មុនមានសន្តិភាពនិងការផ្សះផ្សារជាតិពិតប្រាកដនោះ។
លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើតនិងមហាសមុទ្រប៉ាស៊ីហ្វិកបានប្រាប់វីអូអេក្នុងអំឡុងនៃសន្និសីទ្ធកាសែតកាលពីថ្ងៃអង្គារថា«យើងនៅតែមានការបារម្ភពីផែនការរបស់របបនោះដើម្បីធ្វើការបោះឆ្នោត ពីព្រោះការបោះឆ្នោតណាមួយនៅក្រោមលក្ខខណ្ឌបច្ចុប្បន្ននេះនឹងមិនបានធ្វើឱ្យសម្រេចនូវការបញ្ចេញឆន្ទៈរបស់ប្រជាពលរដ្ឋភូមាទេ»។
លោកបានបន្ថែមទៀតថា សហរដ្ឋអាមេរិកភ័យខ្លាចថា«ការបោះឆ្នោតដែលធ្វើឡើងមុនពេលកំណត់»នៅក្រោមលក្ខខណ្ឌបច្ចុប្បន្ននេះ«នឹងទំនងបង្កើតឱ្យមានហិង្សាកាន់តែខ្លាំងឡើងនិងអូសបន្លាយវិបត្តិដែលកំពុងបន្តមានឡើង»ក្នុងប្រទេសមីយ៉ាន់ម៉ា៕