រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ចូលរួម​សន្និសីទ​អំពី​ប្រទេស​លីប៊ី

រូប​ឯកសារ៖ រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken​ ​កាល​ពី​​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​ប្រ៊ុចសែល​ ពី​ស្រុក Cornwall ចក្រភព​អង់គ្លេស​​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២០១។

រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken​ ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​នៅថ្ងៃ​អង្គារ​ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ប្រទេស​លីប៊ី​និង​ពិភាក្សា​ជាមួយ​សមភាគី​អាល្លឺម៉ង់​របស់​លោក​ដើម្បី​ប្រឆាំង​នឹង​ការ​បដិសេធ​ប្រវត្តិ​ហាយនភាព​ឬ ​Holocaust ​និង​អំពើ​ព្រៃផ្សៃ​ប្រឆាំង​ជនជាតិ​ជ្វីហ្វ។​

ប្រទេស​អាល្លឺម៉ង់​និង​អង្គការ​សហ​ប្រជាជាតិ​នឹង​រៀបចំ​សន្និសីទ​ទីក្រុង​បែរឡាំង​នៅថ្ងៃពុធ​ដើម្បី​ស្វែងរក​ការខិត​ខំប្រឹង​ប្រែង​ឲ្យ​បាន​ឆាប់​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​លីប៊ី​និង​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​មាន​ស្ថិរភាព។​

អ្នកតំណាង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​លីប៊ី​លោក​ Richard Norland ​បាន​និយាយ​ថា​កិច្ច​ពិភាក្សា​នេះ​នឹង​ផ្តល់​នូវ​កម្លាំង​ចលករ​សម្រាប់​វិធានការ​ចាំបាច់​ឆាប់ៗ​នេះ​ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​នៅខែ​ធ្នូ​រួមទាំង​ការ​បង្កើត​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​សម្រាប់​ការ​បោះឆ្នោត។​លោក​ Norland​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃច័ន្ទ​ថា​សន្និសីទ​នេះ​ក៏​នឹង​និយាយ​សង្កត់​ធ្ងន់​អំពី​ការ​ចាក​ចេញ​របស់​យុទ្ធជន​បរទេស​ពីប្រទេស​លីប៊ី​ផង​ដែរ។​

ប្រទេស​លីប៊ី​មាន​អស្ថិរភាព​នយោបាយ​ចាប់តាំង​ពី​មាន​ការ​បះបោរ​គាំទ្រ​ដោយ​អង្គការ​អូតង់​ឆ្នាំ​២០១១​ដែល​បាន​បណ្តេញ​លោក​Moammar Gadhafi​មេ​ដឹកនាំ​ដ៏យូរ​អង្វែង​ចេញ​ពី​អំណាច។​រដ្ឋាភិបាល​នានា​ដែល​ជាគូ​ប្រជែង​បាន​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​ដាច់ដោយ​ឡែកពី​គ្នា​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មុន​ពេល​មាន​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​ក្នុង​ខែ​តុលា​ដែល​រួម​បញ្ចូល​ទាំងការ​ទាមទារ​ឱ្យ​ទាហាន​បរទេស​និង​ទាហាន​ស៊ីឈ្នួល​ចាកចេញ​ពី​ប្រទេស​លីប៊ី​ក្នុង​រយៈ​ពេល​៩០​ ថ្ងៃ​ឬ​ប្រហែល ​៣ ​ខែ។​

លោក​ Norland ​បាន​និយាយ​ថា​អ្នក​ដែល​ចូលរួម​សន្និសីទ​ក្រុង​បែរឡាំង​ក៏​នឹង​ពិភាក្សា​ពី​«សកម្មភាព​អស្ថិរភាព​បង្ក​ដោយ​ក្រុម​ប្រដាប់​អាវុធ​និង​ភេរវកម្ម»។​លោក​លើក​ឡើង​ពី​ការ​វាយ​ប្រហារ​ថ្មីៗ​នៅ​ក្នុង​ប្រទេស​លីប៊ី​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ភាព​ចាំបាច់​ដើម្បី​ប្រឆាំង​នឹង​អ្នក​ដែល​បដិសេធ​ឬ​កាឡៃ​ប្រវត្តិ​ហាយនភាព​ឬ​Holocaust​ដែល​នឹង​ក្លាយ​ជា​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​រវាង​លោក ​Blinken​ និង​លោក​ Heiko Maas​ រដ្ឋមន្រ្តី​ការ​បរទេស​អាល្លឺម៉ង់​នៅ​សប្តាហ៍​នេះ។ ​

លោក​ Blinken ​ក៏​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​បុរី​វ៉ាទីកង់​ដែល​របៀបវារៈ​រួម​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​និង​ការ​ជួញ​ដូរ​មនុស្ស៕