រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកAntony Blinkenបាននិយាយកាលពីថ្ងៃ ពុធថា ដល់ពេលដកកងកម្លាំងអូតង់ចេញពីប្រទេសអាហ្វហ្គានីស្ថានហើយ។
ថ្លែងជាមួយអគ្គលេខាធិការអង្គការអូតង់លោកJens Stoltenberg នៅទីក្រុងប៊្រុចសែល លោក Blinken បានមានប្រសាសន៍ថា« យើងបានសំរេចគោលដៅដែលយើងបានកំណត់»។ លោកបានបន្ថែមថា« យើងនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងប៉ុន្មានសប្តាហ៍និងប៉ុន្មានខែខាងមុខទៀតដើម្បីសម្របសម្រួលការដកកងកម្លាំងរបស់យើងចេញពីប្រទេសអាហ្វហ្គា នីស្ថានប្រកបដោយសុវត្ថិភាព» ។
លោក Blinken បាននិយាយនៅមុនកិច្ចពិភាក្សាកាលពីថ្ងៃពុធជាមួយលោក Stoltenbergលោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោកHeiko Maas រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោកLuigi DiMaio រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលី លោកMevlut Cavusogluរដ្ឋមន្រ្តីក្រសួងការបរទេសតួកគី និងលោកDominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេស។
លោកStoltenbergបាននិយាយថា លោកស្វាគមន៍ការពិគ្រោះយោបល់និងការសម្របសម្រួលអំពីវត្តមាននាពេលអនាគតរបស់អូតង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋបាលរបស់លោកBidenបានបញ្ចប់ការនិយាយស្មានៗជាច្រើនខែអំពីផែនការរបស់អាមេរិកនៅប្រទេសអាហ្វហ្គានីស្ថានដោយនិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងដកកងទ័ពដែលនៅសល់ នៅថ្ងៃទី ១១ ខែកញ្ញាដែលជាថ្ងៃខួបពួកភេរវជនal-Qaida ប្លន់យន្តហោះអ្នកដំណើរ ហើយបើកបុកអគារមជ្ឈមណ្ឌលពាណិជ្ជម្មនៅក្រុងញូវយ៉ក និងក្រសួងការពារជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន។
ការវាយប្រហារនោះបានជំរុញឱ្យសហរដ្ឋអាមេរិកផ្តួលរំលំពួកតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលនៅទីបំផុតមានកងទ័ពជាង១៣ម៉ឺននាក់មកពីប្រទេសជាសមាជិកអូតង់និងប្រទេសដៃគូចំនួន៥០ប្រទេស។ ចាប់តាំងពីឆ្នាំ២០១៥មកកម្លាំងនៅសល់ដែលឥឡូវមានចំនួនមិនដល់១ ម៉ឺននាក់ផងមានភារកិច្ចបណ្តុះបណ្តាលនិងជួយដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា ការសម្រេចចិត្តដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននឹងត្រូវធ្វើឡើងស្របជាមួយនឹងសម្ព័ន្ធមិត្តអូតង់៕