រដ្ឋ South Carolina គឺជារដ្ឋទីបួនរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ ២០២០ ហើយក៏ជារដ្ឋទីមួយដែល ភាគច្រើននៃអ្នកដែលមានសិទ្ធិបោះឆ្នោត ជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ។ ការស្ទង់មតិ Statewide បានបង្ហាញថា អតីតអនុប្រធានាធិបតី លោក Joe Biden កំពុងនាំមុខគេ ក្នុងការទទួលតំណែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជែងជាមួយលោកប្រធានាធិបតី Donald Trump ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
ពិធី Homecoming នៅសាកលវិទ្យាល័យ Claflin បានទាក់ទាញនិស្សិត និងអតីតនិស្សិតរាប់រយនាក់មកកាន់សកលវិទ្យាល័យដែលមានប្រវត្តិសាស្ត្រដ៏យូរលង់របស់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅមួយនេះ។ វាក៏ជាកន្លែងដែលផ្សារភ្ជាប់កីឡា និងនយោបាយដែរ។
លោកGarrett McDaniel កំពុងរកការគាំទ្រឲ្យលោក Pete Buttigieg។ ហើយលោក មិនមែនធ្វើរឿងនេះតែឯងទេ។
លោក McDaniel ដឹងថាអ្នកនៅរដ្ឋ South Carolina មិនស្គាល់លោក Buttigieg ទេ តែលោកជឿថាលោក Buttigiegមានសារមួយដែលនឹងទាក់ទាញអ្នកបោះឆ្នោតស្បែកខ្មៅ។
លោកMcDaniel និយាយថា៖
«លោកកំពុងតែធ្វើឲ្យពួកស្បែកខ្មៅជាប្រធានបទសំខាន់នៅក្នុងវេទិការបស់លោក»។ ផែនការ Douglass របស់លោកគ្រោងនឹងជួយបំបាត់អយុត្តិធម៌សេដ្ឋកិច្ច ក៏ដូចជាវិនិយោគទុននៅក្នុងសហគមន៍ស្បែកខ្មៅ»។
លោក Buttigieg គឺជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យដែលបើកចំហថាជាបុរសស្រឡាញ់ភេទដូចគ្នា។ លោកប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបានសំឡេងឆ្នោតពីពលរដ្ឋស្បែកខ្មៅទូទាំងប្រទេស រួមទាំងរដ្ឋ South Carolina។ នៅទីនេះ ពលរដ្ឋស្បែកខ្មៅជាច្រើន ជាពិសេសអ្នកមានវ័យចំណាស់ និយាយថាពួក គេគាំទ្រលោក Joe Biden។
លោក Tony Memminger ដែលជាអ្នកគាំទ្រលោក Biden បាននិយាយថា៖ «ខ្ញុំជឿថាលោក [[Biden]] ជាមនុស្សរបស់ពលរដ្ឋ។ ខ្ញុំជឿថាលោកធ្វើការបានល្អជាងអ្នកកំពុងកាន់តំណែងសព្វថ្ងៃ។ ខ្ញុំមានទំនុកចិត្តលើលោក»។
សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Massachusetts អ្នកស្រី Elizabeth Warren និងសមាជិកព្រឹទ្ធសភាមកពីរដ្ឋ VermontលោកBernie Sanders ក៏កំពុងប្រជែងយកសំឡេងឆ្នោតពីពលរដ្ឋស្បែកខ្មៅ តែពួកគេនៅពីក្រោយលោក Biden។
អ្នកបោះឆ្នោតវ័យក្មេងដូចកញ្ញា Bryanta Maxwell គាំទ្របេក្ខជនណាដែលអាចយកឈ្នះលោកTrump បាន។
កញ្ញា Bryanta Maxwell អ្នកបោះឆ្នោតមកមកពីរដ្ឋ South Carolina បាននិយាយថា៖ «លោក Donald Trump បានក្លាយជាប្រអប់ Pandora [តំណាងភាពអាក្រក់] ហើយប្រអប់នេះលាតត្រដាងអ្វីគ្រប់យ៉ាង។ អ្នកគ្រប់គ្នាបញ្ចេញចរិតរើសអើង និងការបែងចែងវណ្ណៈ។ វាជាសមរភូមិនៃដួងព្រលឹងជាតិ»។
លោក Trump ថាលោកមិនមែនជាអ្នករើសអើងពូជសាសន៍ទេ ហើយថាលោកមានការគាំទ្រពីពលរដ្ឋស្បែកខ្មៅ។ កាលពីខែតុលា លោក Trump បានទៅទស្សនកិច្ចនៅមហាវិទ្យាល័យBenedictដែលភាគច្រើននិស្សិតនៅទីនោះជានិស្សិតស្បែកខ្មៅ។
លោក Trump ថ្លែងថា៖ «មួយជីវិតនេះ ខ្ញុំប្ដេជ្ញាធ្វើឲ្យមានសមភាព និងបង្កើនកាលានុវត្តនភាព សម្រាប់សហគមន៍ជនជាតិស្បែកខ្មៅ»។
លោក Davion Petty ថាលោក មិនបោះឆ្នោតឲ្យលោក Trump ទេ។ លោកនឹងគាំទ្របេក្ខជនណា ដែលមានគុណតម្លៃដូចលោក។
លោក Davoin Petty អ្នកបោះឆ្នោតមកពីរដ្ឋ South Carolina បាននិយាយថា៖ «ខ្ញុំនឹងរើសយកបេក្ខជនណាដែលមានភាពស្មោះត្រង់របស់បេក្ខជន និងមើលលើបញ្ហានយោបាយដែលពួកគេដាក់ក្នុងរបៀបវារៈរបស់ពួកគេ។ ការប្រែប្រួលអាកាសបរិស្ថាន និងសេដ្ឋកិច្ច ជាបញ្ហាសំខាន់»។
សំឡេងឆ្នោតរបស់ពលរដ្ឋស្បែកខ្មៅសំខាន់ណាស់សម្រាប់បេក្ខជនបក្សប្រជាធិបតេយ្យក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។
លោក Todd Shaw អ្នកវិភាគនយោបាយបាននិយាយថា៖ មិនថាបេក្ខជនបក្សប្រជាធិបតេយ្យមួយណាទេ ត្រូវតែចេះបញ្ចុះបញ្ចូល ត្រូវតែលេចធ្លោសម្រាប់អ្នកបោះឆ្នោតស្បែកខ្មៅ ហើយត្រូវតែលេចធ្លោសម្រាប់អ្នកបោះឆ្នោតជាស្រ្តីស្បែកខ្មៅដែរ។ គ្មានសំឡេងឆ្នោតណាសំខាន់ជាងសំឡេងឆ្នោតស្ត្រីស្បែកខ្មៅនោះទេ»។
អ្នកវិភាគនយោបាយនិយាយថា អ្នកឈ្នះការបោះឆ្នោតបឋមនេះ អាចទាក់ទាញការគាំទ្រពីពលរដ្ឋអាមេរិកាំងស្បែកខ្មៅគ្រប់កន្លែងទាំងអស់នៅទូទាំងប្រទេស៕
ប្រែសម្រួលដោយ៖ សឿន វឌ្ឍនា