ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីបានប្រកាសថាក្រុមអ្នករុករកបានរកឃើញឧបករណ៍ថតសំឡេងទាំងពីរគ្រឿងពីយន្តហោះដែលបានជួបឧប្បទ្ទេវហេតុកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់អ្នកដំណើរទាំងអស់ចំនួន១៥៧នាក់។
ប្រទេសអេត្បូពីបានប្រារព្ធពិធីកាន់ទុក្ខមួយថ្ងៃចំពោះអ្នកដែលបានស្លាប់នៅពេលធ្វើដំណើរតាមយន្តហោះ Boeing 737 Max 8 ដែលបានចេញដំណើរឆ្ពោះទៅរដ្ឋធានីណៃរូប៊ី ប្រទេសកេនយ៉ា និងបានធ្លាក់ចុះបន្ទាប់ពីហោះឡើងបាន៦នាទីចេញពីទីក្រុងអាឌីស អាបាបា។
យ៉ាងហោចណាស់មានបុគ្គលិករបស់កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ UNEP ចំនួន២០នាក់បានជិះនៅក្នុងយន្តហោះនោះដើម្បីទៅចូលរួមសន្និសីទប្រចាំឆ្នាំនៃអង្គការសហប្រជាជាតិនៅទីស្នាក់ប្រចាំរដ្ឋធានីណៃរូប៊ី ប្រទេសកេនយ៉ា។ ទង់ជាតិរបស់អង្គការសហប្រជាតិបានបង្ហូតចុះពាក់កណ្តាលនៅពេលដែលពួកប្រតិភូបានធ្វើដំណើរមកដល់កិច្ចប្រជុំកាលពីថ្ងៃចន្ទ ។
ក្រុមអ្នកចូលរួមបានឈរស្មឹងស្មាតនៅពេលចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុងណៃរ៉ូប៊ី និងនៅពេលចាប់ផ្តើមបើកសន្និសីទកំពូលរបស់អង្គការសហប្រជាតិនៅទីក្រុងញូវយ៉ក។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងនៅពេលបើកកិច្ចប្រជុំក្នុងទីក្រុងញូវយ៉កថា៖ «សោកនាដកម្មនៅទូទាំងពិភពលោកបានវាយប្រហារកាន់តែជិតមកដល់យើងហើយអង្គការសហប្រជាជាតិបានស្ថិតនៅក្នុងភាពសោកសៅនេះ។ ខ្ញុំសូមសម្តែងនូវទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ជនរងគ្រោះទាំងអស់ ចំពោះរដ្ឋាភិបាលនិងចំពោះប្រជាពលរដ្ឋអេត្យូពីដែលទទួលរងផលប៉ះពាល់ពីឧប្បទ្ទេវហេតុនេះ»។
សាក្សីពីរនាក់បាននិយាយថា ពួកគេបានឃើញផ្សែងចេញពីខាងក្រោយយន្តហោះមុននឹងវាធ្លាក់ចុះ។ នេះបើយើងតាមទីភ្នាក់ងារសារព័ត៌មាន Reuters៕