សវនាការ​ទ្វេ​បក្ស​សង្កត់​ធ្ងន់​លើ​តម្រូវការ​សម្ពាធ​សេដ្ឋកិច្ច​លើ​របប​សឹក​មីយ៉ាន់ម៉ា​ ដើម្បី​បញ្ចប់​វិបត្តិ​សិទ្ធិ​មនុស្ស

រូបឯកសារ៖ កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៥ រូបថតជនចំណាកស្រុករួមទាំងជនមូស្លីម Rohingya របស់មីយ៉ាន់ម៉ា អង្គុយនៅលើទូករបស់ពួកគេ ខណៈដែលពួកគេរង់ចាំការជួយសង្គ្រោះដោយអ្នកនេសាទ Aceh នៅលើសមុទ្រនៃភាគខាងកើត Aceh ប្រទេសឥណ្ឌូនេស៊ី។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរបាន​សម្តែង​ការ​តាំង​ចិត្ត​ កៀរគរ​សម្ពាធ​អន្តរជាតិ ដើម្បី​បញ្ចប់​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា ដែល​ស្ថិត​ក្រោម​កណ្តាប់​ដៃ​នៃ​របប​សឹក​ដែល​បាន​កាត់​ផ្តាច់​ការ​គ្រប់គ្រង​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១។

សមាជិក​រដ្ឋសភា​លោក Chris Smith ខាង​គណបក្ស​សាធារណរដ្ឋ​និង​ជា​សហប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស Tom Lantos បាន​ថ្លែង​ក្រោយ​សវនាការ​ស្តីពី​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ម៉ីយ៉ាន់ម៉ា​កាល​ពី​សប្តាហ៍​ទី​២ក្នុង​ខែ​កញ្ញា​នេះ​ថា៖ ​«យើង​កំពុង​តាំង​ចិត្ត​ឡើងវិញ​ចំពោះ​សិទ្ធិមនុស្ស​និង​សន្តិភាព​សម្រាប់​ប្រជាជន​ភូមា»។

លោក​ថ្លែង​ប្រាប់​វីអូអេ​បន្តថា ៖«យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ងារ​ថែម​ទៀតសម្រាប់​ពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ក្រោម​របប​ឃោរឃៅ»។

លោក​បាន​អំពាវនាវ​ឲ្យ​បន្ត​កិច្ច​ប្រឹងប្រែង«​ដើម្បី​បញ្ឈប់​រំហូរ​អាវុធ មិន​ថា​មក​ពី​ឥណ្ឌា​ ចិន​និង​រុស្សី​នោះ​ទេ»។ លោក​ថ្លែង​ថា ចាំបាច់​ត្រូវ​មាន​«បម្រាម​កាន់​តែ​ម៉ឺងម៉ាត់»​ជាពិសេស​លើ​ប្រេង ដែល​ជាប្រភព​ចំណូល​ដ៏​សន្ធឹកសន្ធាប់​របស់​របប​សឹក។

សមាជិក​រដ្ឋសភា អ្នក​ស្រី Ilhan Omar ខាង​គណបក្ស​ប្រជាធិបតេយ្យ ​និយាយ​ថា​សមាជិក​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​នេះ​«ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​បាន​កើត​ឡើង​លើ​ជនជាតិ​Rohingya និង​អ្វី​ៗ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នឹង​មិន​ត្រូវ​បាន​បំភ្លេច​ទេ ហើយ​ថា​យើង​នឹង​នៅ​តែ​បន្ត​លើក​បញ្ហា​នេះថា​ជា​រឿង​សំខាន់​ក្នុង​សភា»។

អ្នកស្រី Omar បាន​ប្រាប់ VOA ថា​សវនាការ​នេះ​គឺធ្វើ​ឲ្យ​ប្រាកដ​ថា​ពិភពលោក​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី«យក​ចិត្ត​ទុកដាក់​ចំពោះ​ប្រជាជន​មីយ៉ាន់ម៉ា ព្យាយាម​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​រដ្ឋាភិបាល​ស៊ីវិល ហើយ​ក៏​មិន​ភ្លេច​ជន​ខ្ចាត់​ព្រាត់ និង​ជន​ត្រូវ​ផ្លាស់ទី​ដោយ​បង្ខំ​ក្នុង​ស្រុក និង​ជន​ភៀសខ្លួន​ផងដែរ ពេល​យើង​ព្យាយាម​គិត​អំពី​ជំនួយ​មនុស្ស​ធម៌»។​

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក James P. McGovern ដែល​ជា​អ្នក​តស៊ូ​មតិ​ដ៏​យូរ​អង្វែង​មក​ហើយ​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ជា​សហ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស Tom Lantos ដែល​ផ្អែក​តាម​វិបសាយ​របស់​គណៈកម្មការ«ទទួល​បន្ទុក​ខាង​ការ​លើក​កម្ពស់ ការពារ​និង​តស៊ូមតិ​គាំទ្រ​សិទ្ធិមនុស្ស​អន្តរជាតិ​ដូច​មាន​ចែង​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​និង​លិខិតូបករណ៍​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​ដទៃ​ទៀត»។

លោក McGovern បាន​និយាយ​ក្នុង​ពេល​ថ្លែង​បើក​សវនាការ​ថា​សំណួរ​បឋម​សម្រាប់​គណៈកម្មការ​ពិនិត្យ​មើល​គឺ​ថា​តើ​សភា រដ្ឋបាល​លោក Biden និង​សហគម​អន្តរជាតិ «កំពុង​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ហើយ​ឬ​នៅ ដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់​អ្នក​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ភួមា»។

លោក​ថ្លែង​ថា​សវនាការ​នេះ​ក៏​ជា​ឱកាស​ពិនិត្យ​មើល​ប្រសិទ្ធភាព​សេចក្តី​ស្នើ​ច្បាប់«​ភូមា​រួបរួម​តាម​រយៈ​គណនេយ្យភាព​យោធា​ម៉ឺងម៉ាត់»​ឬ​ហៅ​កាត់​ថា BURMA Act ដែល​ត្រូវ​បាន​អនុម័ត​ក្លាយ​ជា​ច្បាប់​រួច​ហើយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០២២ ដែល​រួម​មាន​វិធានការ​ការទូត​និង​សេដ្ឋកិច្ច​មួយ​ចំនួន ដើម្បី​ដាក់សម្ពាធ​ឲ្យ​មាន​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​មីយ៉ាន់ម៉ា។​

លោក McGovern និយាយ​ថា​«ការ​អនុវត្ត​ច្បាប់​នេះ កំពុង​ប្រព្រឹត្តិ​ទៅ ហើយ​ការ​ពិភាក្សា​ថ្ងៃ​នេះ គឺ​ជា​ឱកាស​ពិនិត្យ​មើល​ថា​តើ​គេ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ ហើយ​សួរ​ថា​គេ​សម្រេច​បាន​អ្វី​ខ្លះ និង​ថាតើ​យើង​ដឹង​ថា​យើង​កំពុង​មាន​វឌ្ឍនភាព​ដោយ​របៀប​ណា ហើយ​ថាតើ​យើង​អាច​ធ្វើ​អ្វី​បាន​ទៀត?»

កសិណសាក្សី

មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក ដែល​បាន​ធ្វើ​កសិណ​ក្នុង​សវនាការ បាន​រៀបរាប់​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ដើម្បី​ដាក់​សម្ពាធ​សេដ្ឋកិច្ច​និង​នយោបាយ​លើ​របប​សឹក​ ហើយ​បាន​គូស​បញ្ជាក់​ការ​គាំទ្រ​ជំនួយ​មនុស្ស​ធម៌​រួម​ទាំង​សម្រាប់​ជនភៀសខ្លួន Rohingya ក្នុង​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិត​ខាង​មីយ៉ាន់ម៉ា​ផងដែរ។

​អ្នក​រាយការណ៍ ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​មីយ៉ាន់ម៉ា​លោក Tom Andrews ដែល​ជា​សាក្សី​ម្នាក់​ក្នុង​សវនាការ​និង​ជា​អតីត​សមាជិក​សភា​អាមេរិក​ដែរ​នោះ បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្តឹង​ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា ដោយ​តម្រង់​គោល​ដៅ​លើ​ប្រភព​ចំណូល​ចម្បង​របស់​ពួកគេ​គឺការ​លក់ប្រេង​និង​ឧស្ម័ន។​

​លោក Andrews និយាយ​ថា​«យើង​ចាំបាច់​ត្រូវ​ដាក់​ទណ្ឌកម្ម​ថែម​ទៀត។ ខ្ញុំ​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ហើយ​ដាក់​ទណ្ឌកម្ម​ភ្លាមៗលើ​ប្រភព​ចំណូល​ដ៏​ធំ​បំផុត​តែ​មួយ​គត់​របស់​របប​សឹក​គឺ​សហគ្រាស​ប្រេង​និង​ឧស្ម័ន​មីយ៉ាន់ម៉ា»។

លោក​និយាយ​ថា «បើ​អ្នក​អាច​បញ្ឈប់​លុយ​បាន នោះ​អ្នក​អាច​កាត់​ផ្តាច់​សមត្ថភាព​របស់​ពួកគេ មិន​ឲ្យ​បន្ត​អំពើ​ឃោរឃៅ​ទាំង​នេះ​បានហើយ» ដោយ​និយាយ​សម្តៅ​ដល់​ការ​ស្លាប់​ជនស៊ីវិល​ក្រោម​កណ្តាប់​ដៃ​យោធា។

ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA ក្រោយ​សវនាការ​នេះ លោក Andrews បាន​និយាយ​ថា​សវនាការ​នេះ លើក​ទឹក​ចិត្ត​រូប​លោក។

«ការណ៍​ដែល​សភា​សហរដ្ឋ​អាមេរិក​ សួរ​សំណួរ​ទាំង​នេះ​ទៅ​រដ្ឋបាល​[លោក​Biden]​គឺ​ជា​សញ្ញា​ដ៏​វិជ្ជមាន​ខ្លាំង​មួយ»។

អ្នកស្រី Malaki Karen សកម្មជន​សិទ្ធិមនុស្ស Rohingya ដ៏​លេចធ្លោ​ម្នាក់ ក៏​បាន​ធ្វើ​កសិណ​ក្នុង​សវនាការ​នេះ​ដែរ ដោយ​ធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានភាពយ៉ាប់យ៉ឺន​របស់​សហគមន៍ Rohingya និង​តម្រូវ​ការ​រក្សា​ការ​ប្តេជ្ញាចិត្ត​ដោយ​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ។

​អ្នក​ស្រី​ថ្លែង​ថា៖ «យើង​ចង់​បាន​ការ​ចូល​រួម​ថែម​ទៀត​ពី​សហរដ្ឋ​អាមេរិក អង្គការ​សហប្រជាជាតិ ប្រទេស​បង់ក្លាដែស និង​ប្រទេស​ដែល​មាន​ឥទ្ធិពល​នានា​ដែល​ខ្វល់ខ្វាយ​អំពី​សិទ្ធិមនុស្ស»។