​គណបក្ស​​ទាំង​២​របស់​សភាអាមេរិក ​ជំទាស់​ប្រឆាំង​នឹង​ផែនការ​បញ្ឈប់​ជំនួយ​បរទេស

រូបភាព​ឯកសារ៖ លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាងរាស្ត្រ​ និង​តំណាងរាស្ត្រ​ផ្សេង​ទៀត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​សន្និសីទ​កាសែត នៅ​មុខ​វិមានសភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

ពួក​សមាជិក​សភារបស់​គណបក្ស​សាធារណរដ្ឋ​និង​គណ​បក្ស​ប្រជាធិបតេយ្យ​សហ​រដ្ឋ​អាមេរិក​ ​បាន​រួម​កម្លាំង​គ្នា​ប្រឆាំង​នឹង​ចំណាត់ការ​ដោយ​សេតវិមាន​ដែល​ពួក​អ្នក​រិះគន់​មាន​ការ​ភ័យ​ខ្លាចថា ​អាច​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ក្នុង​ជំនួយ​បរទេស​សម្រាប់ផ្នែក​សុខភាព ​ការ​ប្រយុទ្ធ​ប្រឆាំង​ថ្នាំ​ញៀន​និង​កិច្ច​ផ្តួច​ផ្តើម​ថែទាំ​សន្តិភាព​ហើយ​និង​ជំនួយ​អភិវឌ្ឍន៍។

ពួក​សមាជិក​របស់​គណៈកម្មាធិការ​កិច្ចការ​បរទេស​សភាតំណាងរាស្រ្ត​ និង​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​ព្រឹទ្ធសភា ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ទៅ​កាន់​ការិយាល័យ​ចាត់​ចែង​និង​ថវិកា​ដើម្បី​សម្តែង​នូវការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​បន្ទាប់​ពីការិយាល័យ​នោះ ​បាន​ណែនាំ​ក្រសួងការ​បរទេស​និងទីភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្អិប​ប្រាក់​ប្រហែល​៤ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ថវិកា​របស់​ខ្លួន​រហូតទាល់​តែ​ខ្លួន​សើរើ​ពិ​និត្យ​មើល​ឡើង​វិញ​នូវ​ប្រាក់​ដែល​មិន​ទាន់​បាន​ចំណាយ​នៅឡើយ។

​ពួក​អ្នក​រិះគន់ ​និយាយថា ការ​ផ្អឹក​ទុក​ប្រាក់​នេះ ​អាចជា​ជំហាន​ដំបូង​នៅ​ក្នុងការ​កាត់​បន្ថយ​ជំនួយ​បរទេស។

ពួក​សមាជិក​សភា ​បាន​ផ្ញើលិខិត​នោះ​ទៅ​កាន់​ការិយាល័យ​ចាត់​ចែង​និង​ថវិកា ​ដើម្បី​ស្វះស្វែងរារាំង​ចំណាត់​ការ​បែបនេះ​ហើយ​បាន​គំរាម​កំហែង​ឆ្លើយ​តប​វិញ ប្រសិន​បើ រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​ចាត់​វិធានការ​កាត់​បន្ថយ​ជំនួយ​បរទេស។​ សមាជិក​សភា​ទាំង​នោះ ​ក៏​បាន​និយាយ​ដែរ​ថា ​នៅក្នុង​រដ្ឋធម្មនុញ្ញ ​សភា​ដែល​ជាអ្នកចាត់​ចែង​ប្រាក់​ទាំង​នោះ ​ដែល​ពួកគេនិយាយ​ថា ប្រាក់​ជំនួយ​ទាំងនោះ ​មាន​សារៈសំខាន់​ដល់​ភាព​ដឹកនាំ​និង​សន្តិសុខរបស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុងសាកលលោក។

ក្នុង​លិខិត​ដែល​បាន​ចុះហត្ថលេខា​ដោយ​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​បាន​សរ​សេរថា «ការ​កាត់​បន្ថយ​កម្មវិធី​ការទូត​និង​ការ​អភិវឌ្ឍ ​នឹង​ធ្វើ​ឲ្យខូច​ប្រយោជន៍ ​ដល់​សន្តិសុខ​ជាតិ​របស់​យើង ​ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​គោល​បំណង​របស់​សភា​ដើម្បី​ប្រើ​ថវិកា​ទាំង​នោះ​ដែរ»៕