មហាសេដ្ឋី Richard Branson ទៅ​ដល់​អវកាស​ដោយ​ជិះ​យាន​អវកាស​របស់​ខ្លួន

ស្ថាបនិក​ក្រុមហ៊ុន​អាកាសចរណ៍ Virgin Galactic លោក Richard Branson លើក​អវកាសយានិក​ម្នាក់​របស់​លោក​ គឺ​អ្នកស្រី Sirisha Bandla ដាក់​លើ​ស្មា ខណៈ​ដែល​ពួកគេ​សាទរ​នឹង​ដំណើរ​ជោគជ័យ​ទៅ​កាន់​អវកាស​របស់​ខ្លួន​ ទីក្រុង Truth or Consequences រដ្ឋ New Mexico ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

មហាសេដ្ឋី​អង់គ្លេស​ លោក Richard Branson បាន​ទៅ​ដល់​អវកាស​ដោយ​ជិះ​យាន​អវកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ។ ដំណើរ​ជោគជ័យ​នេះ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ទៅ​អវកាស​កាន់​តែ​អាច​ទៅ​រួច​មួយ​កម្រិត​ទៀត។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Branson បាន​ទៅ​ដល់​អវកាស​មុន​គូប្រជែង​ដែល​មាន​ទ្រព្យសម្បត្តិច្រើន​ជាង​លោក​ខ្លាំង គឺ​លោក Jeff Bezos ដែល​មាន​គម្រោង​នឹង​ទៅ​អវកាស​ដោយ​ជិះ​យាន​អវកាស​របស់​ខ្លួន​ដូច​គ្នា​ដែរ​នៅ​ថ្ងៃ​ទី២០ ខែកក្កដា ខាង​មុខ​នេះ។

លោក Branson ដែល​មាន​វ័យ​ជិត ៧១ ឆ្នាំ និង​ក្រុម​អវកាសយានិក​ចំនួន​៥​នាក់​ផ្សេង​ទៀង​មក​ពី​ក្រុមហ៊ុន​អាកាសចរណ៍​អវកាស Virgin Galactic របស់​លោក បាន​ទៅ​ដល់​រយៈកម្ពស់ ៨៦គីឡូម៉ែត្រ នៅ​ពី​លើ​រដ្ឋ New Mexico សហរដ្ឋ​អាមេរិក ដែល​គ្រប់គ្រាន់​សម្រាប់​ឲ្យ​លោក​ទទួល​បាន​បទពិសោធន៍​គ្មាន​ទំនាញ​ផែនដី​រយៈពេល ៣​ទៅ៤​នាទី និង​បាន​ឃើញ​កំណោង​ផែនដី ហើយ​ត្រឡប់​មក​ភព​ផែនដី​វិញ​ដោយ​ជោគជ័យ។ ​

លោក Branson បាន​ថ្លែង​បន្ទាប់​ពី​ចុះ​មក​ដល់​ដី​វិញ​ពី​យាន​អវកាស​ឈ្មោះ Unity ​ថា «បទពិសោធន៍​នោះ​ទាំង​មូល​គឺ​អស្ចារ្យ​ណាស់»៕