មហា​សេដ្ឋី​លោក Mike Bloomberg ​ចាក​ចេញ​ពី​ការ​ប្រកួត​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី

មហាសេដ្ឋីលោក Mike Bloomberg ចាប់ដៃជាមួយអ្នកគាំទ្រ នៅក្នុងអំឡុងធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅទីក្រុង West Palm Beach រដ្ឋ Florida ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

លោក Mike Bloomberg មហាសេដ្ឋី​អាមេរិក​ខាង​វិស័យ​សារព័ត៌មាន បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​បាន​បោះបង់​ចោល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​បាន​ប្រកាស​គាំទ្រ​លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​អាមេរិក ដែល​កំពុង​ក្លាយ​ជា​បេក្ខជន​នាំ​មុខ​គេ។

លោក​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «កាលពី​បី​ខែ​មុន ខ្ញុំ​បាន​សម្រេច​ចូលរួម​ការ​ប្រកួត​ប្រជែង​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី ដើម្បី​ផ្តួល​លោក ដូណាល់ ត្រាំ។ ថ្ងៃនេះ ខ្ញុំ​សម្រេច​ចាកចេញ​ការ​ប្រកួត​នេះ ដោយ​ផ្អែក​លើ​ហេតុ​ផល​ដដែល គឺ​ដើម្បី​ផ្តួល​លោក ដូណាល់ ត្រាំ ដោយ​សារតែ​ខ្ញុំ​កាន់តែ​មើល​ឃើញ​ច្បាស់​ថា បើ​ខ្ញុំ​នៅ​តែ​បន្ត​ចូលរួម​ការ​ប្រកួត នោះ​វា​កាន់តែ​លំបាក​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​យើង‍»។

មហាសេដ្ឋី​រូប​នេះ ដែល​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក បាន​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ប្រកួត​ប្រជែង​ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី ប៉ុន្តែ​លោក​បាន​ចាញ់​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ព្រមៗគ្នា ឬ Super Tuesday ដែល​ធ្វើ​ឡើង​ក្នុង​រដ្ឋ​ចំនួន ១៤ ដែល​ជា​ថ្ងៃ​បោះឆ្នោត​បឋម​ដ៏​សំខាន់​មួយ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ៕