មន្រ្តីក្រសួងព័ត៌មានឲ្យដឹងថា កម្ពុជាបានបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ហើយនឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីអនុម័តនៅពេលខាងមុខនេះ។
លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថាមន្ត្រីក្រសួងព័ត៌មាននឹងត្រូវប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់របស់ទីស្តីការគណៈរដ្ឋមន្រ្តីបន្ថែមទៀតដើម្បីកែសម្រួលទម្រង់សេចក្តីព្រាងច្បាប់នេះឲ្យស្របតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
លោកថ្លែងប្រាប់VOAនៅថ្ងៃពុធនេះថា៖ «ខ្លឹមសារ ជារួមអាចនិយាយបានថា ឯកភាពរួចរាល់ហើយ ប៉ុន្តែអាចប្រែប្រួលតិចតួច ឬយ៉ាងណានោះគឺនៅពេលដែលក្រសួងប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រី្ត ដើម្បីកែសម្រួលទម្រង់នៃច្បាប់ឲ្យស្របតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី»។
លោកបញ្ជាក់ថា៖ «ក្រសួងនឹងរៀបចំបញ្ជូនសេចក្តីព្រាងច្បាប់ទៅទីស្តីការគណៈរដ្ឋមន្ត្រីឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន»។
សេចក្តីព្រាងច្បាប់នេះមានសារៈប្រយោជន៍សម្រាប់សាធារណជនទូទៅ រួមទាំងអ្នកសារព័ត៌មានផងដែរ ដែលអាចសុំព័ត៌មានពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល។
បើតាមសេចក្តីព្រាងច្បាប់ដែលVOAទទួលបាន មាត្រា៣នៃច្បាប់នេះចែងថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះព័ត៌មានគ្រប់ប្រភេទដែលត្រូវផ្តល់ដោយស្ថាប័នសាធារណៈទាំងរដ្ឋបាលថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែព័ត៌មានសម្ងាត់ដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់។
សេចក្តីព្រាងច្បាប់ឲ្យដឹងថា ព័ត៌មានសម្ងាត់ដែលស្ថាប័នសាធារណៈអាចបដិសេធមិនផ្តល់ឲ្យមានដូចជាព័ត៌មានបណ្តាលឲ្យអន្តរាយ និងប៉ះពាល់ដល់វិស័យសាធារណៈ និងឯកជន ដូចជាអន្តរាយដល់វិស័យការពារជាតិ និងសន្តិសុខជាតិ ដូចជាការនាំចូល ការផលិត ការរក្សាទុក និងការប្រើប្រាស់គ្រឿងសព្វាវុធគ្រប់ប្រភេទ។ព័ត៌មានដែលបណ្តាលឲ្យអន្តរាយដល់ទំនាក់ទំនងជាមួយរដ្ឋបរទេស ឬអន្តរជាតិ ព័ត៌មានធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ។ ព័ត៌មានបណ្តាលឲ្យរាំងស្ទះដល់ដំណើរការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ការអនុវត្តច្បាប់ និងការសម្ងាត់របស់តុលាការដែលត្រូវយកមកអនុវត្ត។ ព័ត៌មានដែលបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពឯកជន ព័ត៌មានសម្ងាត់ដែលទាក់ទងទៅនឹងកិច្ចប្រជុំផ្ទៃក្នុងនិងដំណើរនៃការតែងតាំងរបស់ស្ថាប័នសាធារណៈ និងព័ត៌មានដទៃទៀតដែលបទបញ្ញត្តិហាមឃាត់។
បើតាមសេចក្តីព្រាងច្បាប់នេះក្នុងករណីបុគ្គលធ្វើឲ្យធ្លាយព័ត៌មានសម្ងាត់ បុគ្គលឬមន្រ្តីកាន់កាប់ព័ត៌មានសម្ងាត់នោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។ ចំណែកមន្រ្តីទទួលបន្ទុកព័ត៌មានឬមន្រ្តីកាន់កាប់ព័ត៌មាន ធ្វើឲ្យធ្លាយព័ត៌មានសម្ងាត់ដល់បុគ្គលគ្មានសមត្ថកិច្ចដឹងពីការសម្ងាត់របស់ស្ថាប័នសាធារណៈ ដែលបណ្តាលឲ្យអន្តរាយដល់សន្តិសុខជាតិ សេដ្ឋកិច្ចជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយកម្ពុជា(API)លោក ឡាំសុជាតិមានប្រសាសន៍ថា ច្បាប់នេះមិនទាន់ល្អ១០០ភាគរយទៅតាមស្តង់ដារអន្តរជាតិនៅឡើយទេ ប៉ុន្តែលោកជំរុញឲ្យមានការអនុម័តច្បាប់នេះឲ្យបានឆាប់ដើម្បីអាចប្រើប្រាស់បាន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាជារួមច្បាប់ហ្នឹងវាល្អបានពាក់កណ្តាល។ បើយើងប្រៀបធៀបទៅនឹងស្តង់ដារអន្តរជាតិយើងបានពិន្ទុអាចថាលើសពាក់កណ្តាលអីបន្តិច។ប៉ុន្តែវាជាចំណុចចាប់ផ្តើមល្អ ដែលយើងអាចថា អនុម័តសិន ហើយអនុវត្តមួយរយៈដើម្បីកែលម្អទៀត។ យើងមិនអាចបានស្តង់ដារអន្តរជាតិ១០០ភាគរយក្នុងស្ថានភាពប្រទេសយើងមិនអាចមានបទពិសោធន៍ក្នុងការអនុវត្តច្បាប់ហ្នឹង ហើយក្នុងលក្ខណៈសេដ្ឋកិច្ច សង្គម នយោបាយយើង វាខុសពីប្រទេសដែលជឿនលឿន ប្រជាធិបតេយ្យយូរមុន»។
លោកបន្តថាចំណុចមួយចំនួនដែលសង្គមស៊ីវិលមានការព្រួយបារម្ភគឺទាក់ទងនឹងការចែងអំពីព័ត៌មានសម្ងាត់ ដោយសង្គមស៊ីវិលស្នើកុំឲ្យដាក់ចំណុចដែលថា«ព័ត៌មានដទៃទៀតដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់»។
លោកបន្ថែមថាការដាក់ទោសទណ្ឌមិនគួរកំណត់ក្នុងច្បាប់នេះទេដើម្បីលើកទឹកចិត្តឲ្យមន្រ្តីបញ្ចេញព័ត៌មានទៅសាធារណជនឲ្យបានច្រើន។ លោកថា ការដាក់ទោសទណ្ឌគួរធ្វើឡើងតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងក្រមព្រហ្មទណ្ឌដែលមានស្រាប់ ជាជាងការចែងក្នុងច្បាប់ថ្មី។
លោកមានប្រសាសន៍ថា៖ «ការដាក់ទោសទណ្ឌត្រូវមានភាពច្បាស់លាស់ កុំឲ្យមន្រ្តីថា ស្អីក៏ជាព័ត៌មានសម្ងាត់! ស្អីក៏ជាព័ត៌មានសម្ងាត់! ព្រោះគាត់ខ្លាចបញ្ចេញទៅ ដាក់ទោសទណ្ឌគាត់»។ លោកបន្ថែមថា៖ «យើងចង់លើកទឹកចិត្តឲ្យមន្រ្តីរាជការហើយនឹងប្រជាជនស្នើសុំព័ត៌មាន ប្រើប្រាស់ព័ត៌មាន បញ្ចេញព័ត៌មានឲ្យបានច្រើនជាជាងដាក់ទោសទណ្ឌក្នុងការបញ្ចេញព័ត៌មាន។គួរតែការពារអ្នកដែលបញ្ចេញព័ត៌មានជាផលប្រយោជន៍សាធារណៈជាជាងដាក់ទោសទណ្ឌ»។
បើតាមសេចក្តីព្រាងច្បាប់នេះ មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវពិនិត្យសំណើសុំព័ត៌មានឲ្យបានឆាប់ ហើយត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំវិញថា មានឬមិនមានព័ត៌មាននោះ ឬជាប្រភេទព័ត៌មានសម្ងាត់ដែលបញ្ញត្តិច្បាប់ហាមឃាត់មិនឲ្យលាតត្រដាងជាសាធារណៈ។ ការឆ្លើយតបនេះត្រូវធ្វើឡើងក្នុងរយៈពេលមិនឲ្យលើស១៥ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលសំណើសុំ។ ប្រសិនបើការផ្តល់ព័ត៌មានមិនអាចធ្វើទៅបានក្នុងអំឡុងពេលដែលបានកំណត់ស្ថាប័ន សាធារណៈអាចពន្យារពេលបន្តទៀតមិនឲ្យលើសរយៈពេល៤០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានសំណើសុំ ដោយបញ្ជាក់ពីមូលហេតុនៃការពន្យារពេលជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំព័ត៌មានវិញ។
លោកអ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានប្រសាសន៍ថា នេះជាជំហានមួយល្អដែលកម្ពុជាមានច្បាប់នេះបើទោះជាមានចំណុចមួយចំនួនទៀត ដែលអាចកែប្រែឲ្យល្អប្រសើរ ដូចត្រង់រយៈពេលយូរនៃការផ្តល់ព័ត៌មានដែលលោកថាសម្រាប់អ្នកសារព័ត៌មាន វាមានរយៈពេលយូរពេក។
លោកមានប្រសាសន៍ថា៖ «នៅពេលដែលយើងមានច្បាប់នេះ វាអាចជួយឲ្យអ្នកសារព័ត៌មានយើង មានសិទ្ធិស្របច្បាប់ក្នុងការស្នើសុំព័ត៌មានពីស្ថាប័នរដ្ឋនានា ដែលនេះនឹងជួយបង្កើនដល់វិជ្ជាជីវៈសារព័ត៌មាន ដែលគាត់អាច... គាត់បំពេញវិជ្ជាជីវៈគាត់ឲ្យបានត្រឹមត្រូវល្អ តាមរយៈមានវិជ្ជាជីវៈច្បាស់លាស់ ដោយគាត់មិនចាំបាច់ស្វះស្វែងរកប្រភពមិនផ្លូវការអីតទៅទៀត»។
លោកបន្តថា៖ «ក៏ប៉ុន្តែនៅក្នុងហ្នឹង ក៏វាមានចំណុចមួយចំនួន ដូចជារយៈពេលនៃការកំណត់រយៈពេលនៃការឆ្លើយតបហ្នឹង គឺវាមានរហូតដល់៤០ថ្ងៃនៃថ្ងៃធ្វើការ ហើយបើយើងគិតពីរយៈពេល វាប្រហែលជាពីរខែបាត់ទៅហើយ»។
លោកអ៊ិត សូធឿតបារម្ភថា ការបកស្រាយព័ត៌មានសម្ងាត់អាចជារនាំងមួយដែលស្ថាប័នសាធារណៈមិនអាចផ្តល់ព័ត៌មាន ឬទិន្នន័យទាំងនោះដល់អ្នកសារព័ត៌មាន។លោកអំពាវនាវឲ្យស្ថាប័នសាធារណៈទាំងអស់អនុវត្តច្បាប់នេះឲ្យបានល្អ និងផ្តល់ព័ត៌មានឲ្យបានឆាប់រហ័សដល់សាធារណជន រួមទាំងអ្នកសារព័ត៌មានផងដែរ។
បើតាមច្បាប់នេះ ក្នុងករណីស្ថាប័នរដ្ឋមិនផ្តល់ព័ត៌មានអ្នកស្នើសុំអាចប្តឹងទៅស្ថាប័នសាធារណៈដែលខ្លួនសុំព័ត៌មាន ឬការិយាល័យប្រជាពលរដ្ឋដែលមាននៅមូលដ្ឋាន។ អ្នកស្នើសុំក៏អាចប្តឹងទៅតុលាការបើមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ស្ថាប័នរដ្ឋដែលមិនផ្តល់ព័ត៌មានតាមការស្នើសុំ៕