ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Jill Biden ដែលជាភរិយាបានសម្ដែងការគោរពចំពោះព្រះសពរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះ ដោយបានចូលរួមជាមួយនឹងមេដឹកនាំនានាមកពីជុំវិញពិភពលោក រាជវង្សានុវង្សរបស់ព្រះមហាក្សត្រិយានី និងភ្ញៀវដែលត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងព្រះរាជពិធីបុណ្យព្រះសពដ៏អធិកអធមនិងស្រងូតស្រងាត់នេះនៅឯព្រះវិហារ Westminster Abbey។
លោក Biden និងភរិយាបានធ្វើដំណើរទៅចូលរួមនៅក្នុងព្រះរាជពិធីបុណ្យព្រះសពនេះកាលពីល្ងាចថ្ងៃសៅរ៍។
កាលពីថ្ងៃអាទិត្យ លោក Biden និងភរិយាបានសម្ដែងការគោរពចំពោះព្រះសពរបស់ព្រះមហាក្សត្រិយានីដែលតម្កល់ជាផ្លូវរដ្ឋនៅក្នុងសាល Westminster នៃសភាចក្រភពអង់គ្លេស។ នៅថ្ងៃអាទិត្យនោះផងដែរ លោក Biden និងភរិយាបានចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខ។
នៅពេលចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខនោះ លោក Biden បានបញ្ជាក់ថា ព្រះមហាក្សត្រិយានី Elizabeth ទី ២ គឺជាក្សត្រិយ៍ដែលមាន «ភាពគួរសម កិត្តិយស និងជាអ្នកបម្រើប្រជារាស្ត្រគ្រប់បែបយ៉ាង»។
បន្ទាប់ពីលោកបានសរសេរសាររំលែកទុក្ខរួចមក លោក Biden បានថ្លែងថា៖ «ជូនចំពោះប្រជាពលរដ្ឋទាំងអស់នៃប្រទេសអង់គ្លេស និងប្រជាពលរដ្ឋទាំងអស់នៃចក្រភពអង់គ្លេស យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយអ្នកទាំងអស់គ្នា»។ អ្នកមានសំណាងដែលមានព្រះមហាក្សត្រិយានីគ្រងរាជ្យជាង ៧០ ឆ្នាំ។ យើងទាំងអស់គ្នាមានសំណាង។ ពិភពលោកមានភាពប្រសើរឡើងដោយសារព្រះមហាក្សត្រិយានី»។
ព្រះសពរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នឹងត្រូវបញ្ចុះជាលក្ខណៈឯកជនជិតព្រះសពរបស់ព្រះអង្គម្ចាស់ Philip ដែលជាព្រះស្វាមីរបស់ព្រះអង្គ នៅថ្ងៃចន្ទនេះនៅឯព្រះវិហារ St. George's Chapel នៅក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle៕