ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបង្ហាញពីផែនការថ្មីមួយនៅថ្ងៃពុធ ដើម្បីប្រឆាំងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមេដឹកនាំអាមេរិកបានចេញការព្រមានខ្លាំងក្លាមួយថា ការវាយប្រហារដោយនុយក្លេអ៊ែរ «ជាលទ្ធផលអាចនឹងបញ្ចប់របបគ្រប់គ្រងណាមួយ» ដែលហ៊ានធ្វើសកម្មភាពបែបនេះ។
កិច្ចប្រឹងប្រែងថ្មីដើម្បីរារាំងអាវុធនុយក្លេអ៊ែរនេះអំពាវនាវឱ្យមានការចូលចតជារឿយៗនៃនាវាជ្រមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ដើម្បីបង្កើនការហ្វឹកហាត់រវាងប្រទេសទាំងពីរនិងប្រទេសដទៃទៀត។ សេចក្តីប្រកាសនេះត្រូវបានលើកឡើង ខណៈលោក Biden ទទួលស្វាគមន៍លោក Yoon ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយក្នុងពេលមានភាពតានតឹងខ្លាំងពាក់ព័ន្ធនឹងការកើនឡើងនៃការសាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
លោក Biden បានថ្លែងកាលពីរសៀលថ្ងៃពុធក្នុងពេលសន្និសីទសារព័ត៌មានជាមួយលោក Yoon នៅសួនផ្កាកុលាប Rose Garden ក្នុងសេតវិមានថា៖ «ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិកឬសម្ព័ន្ធមិត្តនិងដៃគូណាមួយរបស់អាមេរិកគឺមិនអាចទទួលយកបាននោះទេ ហើយជាលទ្ធផលនឹងធ្វើឱ្យរបបគ្រប់គ្រងនោះឈានដល់ទីបញ្ចប់បើហ៊ានធ្វើសកម្មភាពបែបនោះ»។

ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចាប់ដៃគ្នាអំឡុងជំនួបនៅសេតវិមាន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

លោកស្រី Jill Biden ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Kim Keon Hee ភរិយាប្រធានាធិបតីកូរ៉េខាងត្បូងទស្សនាសារមន្ទីរសិល្បៈជាតិ National Gallery of Art ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
លោក Yoon បានថ្លែងថា ការប្តេជ្ញាថ្មី «ដ៏ល្អប្រកបដោយភាពសុចរិត» រួមមានផែនការសម្រាប់ការប្រឹក្សាទ្វេភាគីរវាងប្រធានាធិបតីពាក់ព័ន្ធនឹងការវាយប្រហារដោយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរមួយនិងការធ្វើឱ្យប្រសើរឡើងនូវការចែករំលែកព័ត៌មានទាក់ទិននឹងនុយក្លេអ៊ែរនិងផែនការប្រតិបត្តិការអាវុធយុទ្ធសាស្ត្រជាដើម។
ព័ត៌មានទាក់ទង៖ ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកសហរដ្ឋអាមេរិកធ្វើឡើងក្នុងពេលដ៏ប្រឈម
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះធ្វើឡើង ខណៈពេលដែលអាមេរិកនិងកូរ៉េខាងត្បូងប្រារព្ធគម្រប់ខួប៧០ឆ្នាំនៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដែលចាប់ផ្តើមតាំងពីពេលសង្គ្រាមកូរ៉េបានបញ្ចប់ ហើយបានប្តេជ្ញាថា អាមេរិកនឹងជួយកូរ៉េខាងត្បូងការពារខ្លួន ពិសេសពីកូរ៉េខាងជើង។ កងទ័ពអាមេរិកប្រមាណ ២៨.៥០០នាក់កំពុងឈរជើងនៅកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះ៕