លោក Biden និងលោក Xi គ្រោងសន្ទនាគ្នាតាមទូរស័ព្ទនៅរដូវផ្ការីកខាងមុខ

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង Woodside រដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Doug Mills/The New York Times via AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping មាន​គម្រោង​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នៅ​រដូវ​ផ្ការីក​ខាង​មុខ រីឯ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Anthony Blinken វិញ​មាន​គម្រោង​ធ្វើ​ដំណើរ​មួយ​លើក​ទៀត​ទៅកាន់​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ ស្រប​ពេល​ដែល​ប្រទេស​ទាំងពីរ​បន្ត​ទៅមុខ​នូវ​ការទូត​កម្រិត​ខ្ពស់​បន្ថែម​ទៀត​ដើម្បី​គ្រប់គ្រង​ការ​ប្រកួតប្រជែង​របស់​ពួកគេ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី។

កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាង ១២ ម៉ោង​ក្នុង​អំឡុង​ជំនួប ២ ថ្ងៃ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​និយាយ​ថា «ទំនាក់ទំនង​ស្ងាត់ស្ងៀម​ដែល​មិន​ប្រកាស​ជា​សាធារណៈ» រវាង​លោក Sullivan និង​លោក Wang នេះ​គឺជា «វិធី​សំខាន់​មួយ​ដើម្បី​គ្រប់គ្រង​ការ​ប្រកួតប្រជែង​និង​ភាព​តានតឹង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ» រវាង​ប្រទេស​ទាំងពីរ។

មន្ត្រី​រូប​នោះ​ក៏​បាន​បញ្ជាក់​ប្រាប់ VOA ផងដែរ​ថា លោក Blinken នឹង​ធ្វើ​ទស្សនកិច្ច​ម្ដង​ទៀត​ទៅកាន់​រដ្ឋធានី​ប៉េកាំង​នៅ​ឆ្នាំ​នេះ។ លោក Blinken គឺជា​មន្ត្រី​គណៈរដ្ឋមន្ត្រី​សហរដ្ឋ​អាមេរិក​ដំបូង​បង្អស់​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន។ ហើយ​បន្ទាប់​មក រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋ​អាមេរិក​វិញ។

សេតវិមាន​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​រវាង​លោក Sullivan និង​លោក Wang បាន​ធ្វើ​ឡើង​ដោយ​ស្មោះត្រង់ មាន​សារៈសំខាន់ និង​ប្រកប​ដោយ​ផ្លែផ្កា។ លោក​ទាំងពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​នានា​នៅ​លើ​សាកលលោក​និង​ក្នុង​តំបន់ ដូចជា​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បញ្ហា​នៅ​តំបន់​មជ្ឈិម​បូព៌ា បញ្ហា​កូរ៉េ​ខាងជើង បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​មីយ៉ាន់ម៉ា​ជាដើម។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រទេស​ទាំងពីរ​នឹង​ប្រើប្រាស់​ឱ្យ​បាន​ល្អ​នូវ​បណ្តាញ​សារគមនាគមន៍​យុទ្ធសាស្ត្រ​នៅពេល​បច្ចុប្បន្ន​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​រសើប​នានា​ឱ្យ​បាន​ត្រឹមត្រូវ។

រូបឯកសារ៖ បុរសម្នាក់​ត្រៀម​ជក់​ថ្នាំញៀនហ្វេនតានីល (fentanyl) នៅ​ទីក្រុង​ Portland រដ្ឋ Oregon កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

កិច្ច​ប្រឹងប្រែង​ប្រឆាំង​គ្រឿងញៀន

សហរដ្ឋ​អាមេរិក​និង​ចិន​នឹង​រៀបចំ​ការ​ប្រជុំ​ក្រុម​ការងារ​ផ្លូវការ​មួយ​អំពី​ការ​ប្រឆាំង​គ្រឿងញៀន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ពី​ថ្ងៃ​ទី ៣០ ដល់​ទី ៣១ ខែ​មករា​នេះ។

នៅពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ចិន​បាន​បន្ត​ឡើងវិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​គ្រឿង​ញៀន មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ឃើញ​មាន​ការ​ថយចុះ​នូវ​ចំនួន​សារធាតុ​គីមី​ដើម​ដែល​មាន​ប្រភព​មកពី​ប្រទេស​ចិន​នៅ​តាម​អាកាសយានដ្ឋាន​ខ្លះ​របស់​សហរដ្ឋ​អាមេរិក។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​កំណត់​ប្រទេស​ចិន​ថា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​គីមី​ដើម​ដែល​ប្រើ​នៅ​ក្នុង​ការ​ធ្វើ​សំយោគ​ថ្នាំញៀន​ហ្វេនតានីល (Fentanyl) ដោយ​ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។

ក្រុម​ការងារ​នេះ​មាន​គោល​បំណង​បញ្ឈប់​លំហូរ​គ្រឿងញៀន​សំយោគ​និង​សារធាតុ​គីមី​ដើម​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ដែល​លំហូរ​នេះ​បាន​រួម​ចំណែក​នៅ​ក្នុង​វិបត្តិ​ថ្នាំញៀន​ហ្វេនតានីល។

រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា

នៅ​ពេល​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក លោក Sullivanបាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Parnpree Bahiddha-Nukara។

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ប្រាប់ VOA ថា ពួកគេ​បាន​ពិភាក្សា​អំពី​វិបត្តិ​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​កិច្ច​ប្រឹងប្រែង​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា។

សង្គ្រាម​ស៊ីវិល​បាន​ឆាបឆេះ​នៅ​មីយ៉ាន់ម៉ា​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២១។ រដ្ឋប្រហារ​នោះ​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី Aung San Suu Kyy ចេញ​ពី​អំណាច។

មន្ត្រី​រូប​នោះ​បាន​កត់សម្គាល់​ថា៖ «វា​ជា​ការ​ត្រឹមត្រូវ​ដែល​អាច​និយាយ​បាន​ថា ចិន​ពិតជា​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​នោះ។ យើង​សង្ឃឹម​ថា​នឹង​មាន​ការ​ពិភាក្សា​បន្ទាប់​នៅ​កម្រិត​ទាប​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​និង​ប៉ុន្មាន​ខែ​ខាង​មុខ ដោយសារ​មាន​ភាព​ចាំបាច់​នៅ​ក្នុង​ការ​រក្សា​ការ​ផ្តោត​លើ​ការ​ជំរុញ​ឱ្យ​មាន​ការ​ត្រឡប់​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

រូបឯកសារ៖ បុរសម្នាក់​ពិនិត្យ​មើល​បន្ទះកុំព្យូទ័រ​នៅ​កន្លែង​តាំងពិព័រណ៍​មួយ​ ក្នុង​អំឡុង​សន្និសីទ​ស្តីពី​បញ្ញាសិប្បនិម្មិត​ពិភពលោក នៅ​ទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

ការ​ពិភាក្សា​អំពី​បច្ចេកវិទ្យា AI និង​យោធា​នៅ​ពេល​ខាង​មុខ

បន្ថែម​ពី​លើ​នេះ សហរដ្ឋ​អាមេរិក​និង​ចិន​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ការ​សន្ទនា​អំពី​បច្ចេកវិទ្យា AI នៅ​រដូវ​ផ្ការីក​ខាងមុខ ក៏​ដូចជា​ការ​ពិភាក្សា​របស់​ក្រុម​ការងារ​ប្រឆាំង​គ្រឿងញៀន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​ក្រោយ​ផងដែរ។

ប្រទេស​ទាំងពីរ​ក៏​នឹង​រៀបចំ​ការ​ប្រជុំ​អំពី​កិច្ច​ព្រមព្រៀង​ប្រឹក្សា​យោបល់​ដែន​សមុទ្រ​យោធា​នៅ​រដូវ​ផ្ការីក​ខាង​មុខ ដែល​នឹង​ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​យោបល់​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​និង​រវាង​មេដឹកនាំ​បញ្ជាការដ្ឋាន​រួម​សហរដ្ឋ​អាមេរិក​និង​មេដឹកនាំ​បញ្ជាការដ្ឋាន​រួម​ចិន​ផងដែរ។

លោក Sullivan និង​លោក Wang បាន​ពិភាក្សា​គ្នា​ប្រហែល​ជា​រៀងរាល់ ៤ ខែ​ម្ដង​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ចាប់តាំង​ពី​ខែ​ឧសភា​ឆ្នាំ​មុន​មក។

លោក​ទាំងពីរ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​វីយែន​នៃ​ប្រទេស​អូទ្រីស​ពី​ថ្ងៃ​ទី ១០ ដល់​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៣ នៅ​ក្នុង​ប្រទេស​ម៉ាល់ត៍​ពី​ថ្ងៃ​ទី ១៦ ដល់​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២៣ និង​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ពី​ថ្ងៃ​ទី ២៦ ដល់​ទី ២៧ ខែ​មករា​ឆ្នាំ​នេះ។

លោក​ទាំងពីរ​ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ខែ​តុលា​ឆ្នាំ​មុន​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang នៅ​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន