លោក Biden ឈ្នះ​ការ​បោះ​ឆ្នោត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Wisconsin

រូប​ឯកសារ៖ នៅ​ក្នុង​រូបភាព​បញ្ចូល​គ្នា​នេះ លោក Joe Biden ថ្លែង​នៅ​ក្នុង​ក្រុង Wilmington កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ (រូប​ឆ្វេង) និង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​រដ្ឋ Wisconsin។

លទ្ធផល​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បង្ហាញ​ថា លោក Biden ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រហែល ២ ដង​ច្រើន​ជាង​សំឡេង​ឆ្នោត​គាំទ្រ​សមាជិក​ព្រឹទ្ធសភា​លោក Bernie Sanders។

រដ្ឋ Wisconsin បាន​ក្លាយជា​រដ្ឋ​ចុងក្រោយ​សម្រាប់​ការ​បោះ​ឆ្នោត​បឋម​ជា​ច្រើន ដែល​គណបក្ស​ប្រជាធិបតេយ្យ​ប្រើ​ដើម្បី​បែងចែក​ចំនួន​ប្រតិភូ​ដែល​សន្យា​ថា​នឹង​គាំទ្រ​បេក្ខជន​ណា​ម្នាក់ នៅ​ក្នុង​វិធី​ឆ្ពោះ​ទៅ​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី។

មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ Wisconsin នេះ​បាន​ធ្វើ​ឡើង លោក Sanders បាន​លាលែង​ពី​ការ​ប្រកួត ដោយ​ទុក​ឲ្យ​លោក Biden ឲ្យ​នៅ​ជា​បេក្ខជន​តែ​ម្នាក់​គត់​សម្រាប់​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Sanders បាន​ធ្វើ​បន្ថែម​ទៀត​ដោយ​គាំទ្រ​លោក Biden ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព​ក្នុង​គោល​បំណង​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​ដើម្បី​ជួយ​ផ្ដួល​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ៕