អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានឈ្នះដាច់គេនៅក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋ South Carolina។ ជ័យជម្នះនេះបានជួយស្ដារយុទ្ធនាការឃោសនាបោះឆ្នោតដ៏រួញរារបស់លោកនិងបានជួយបង្កើនការគាំទ្រសម្រាប់ការបោះឆ្នោត Super Tuesday ដ៏សំខាន់នៅសប្ដាហ៍ក្រោយនេះ ដែលនឹងបោះឆ្នោតនៅក្នុងរដ្ឋចំនួន១៤ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
ក្រោយពីលទ្ធផលបង្ហាញថា លោក Biden ទទួលបានការគាំទ្រទាបនៅក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងរដ្ឋចំនួន៣រួចមកហើយនោះ ក្រុមអ្នកវិភាគបានព្យាករណ៍ថា យុទ្ធនាការឃោសនាបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីរបស់លោកនឹងត្រូវបញ្ចប់ ប្រសិនបើលោកមិនទទួលបានជ័យជម្នះខ្លាំងក្លានៅក្នុងរដ្ឋ South Carolina ទេនោះ។ លោក Biden ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋ South Carolina ពីសំណាក់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យភាគច្រើននៅក្នុងរដ្ឋនេះ។
លោក Biden មិនត្រឹមតែឈ្នះលោក Bernie Sanders សមាជិកព្រឹទ្ធសភានៃរដ្ឋ Vermont ដែលធ្លាប់តែនាំមុខគេប៉ុណ្ណោះទេ ប៉ុន្តែលោក Biden ក៏បានបង្ហាញដល់អ្នកបោះឆ្នោតថា លោកនៅតែមានលទ្ធភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញដើម្បីទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជែងជាមួយនឹងលោកប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ។
លោក Biden ទទួលបានការគាំទ្ររហូតដល់ជិត៥០%នៅក្នុងការបោះឆ្នោតនៅក្នុងរដ្ឋ South Carolina នេះ។ ចំណែកឯលោក Sanders ទទួលបានការគាំទ្រត្រឹមតែ១៩%ប៉ុណ្ណោះ។ លោក Tom Steyer ដែលជាមហាសេដ្ឋីនិងជាសប្បុរសជនដែលបានចំណាយពេលវេលានិងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ South Carolina នេះ ទទួលបានចំណាត់ថ្នាក់លេខបី ដោយបានការគាំទ្រចំនួន១១%។
លោក Steyer បានសម្រេចចិត្តឈប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតទៅទៀត ក្រោយពីលោកនៅតែទទួលបានការគាំទ្រទាបពីសំណាក់អ្នកបោះឆ្នោត៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា