លោក Biden ស្នើសភាផ្តល់ទឹកប្រាក់ ១៣ពាន់​លាន​ដុល្លារ​ជួយអ៊ុយក្រែន​និង ១២ពាន់លានដុល្លារ សម្រាប់ជួយគ្រោះមហន្តរាយផ្សេងៗ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងសុន្ទរកថានៅទីក្រុង Salt Lake ក្នុងរដ្ឋ Utah កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Joe Biden ​បាន​ស្នើ​សុំ​ដល់សភា​អាមេរិក​កាលពី​ថ្ងៃព្រហស្បតិ៍ ឱ្យ​ផ្តល់​លុយ​ប្រមាណជាង ​១៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ជំនួយ​សង្គ្រោះ​បន្ទាន់ដល់​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​ចំនួនទឹក​ប្រាក់​ដ៏​ធំ​មួយ​ ​ខណៈពេល​ដែលការ​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​បន្ត​កើត​មាន​ ហើយ​កងកម្លាំង​អ៊ុយក្រែន​ កំពុងធ្វើ​យុទ្ធនាការ​វាយបកប្រឆាំង​នឹងកង​កម្លាំង​រុស្ស៊ី​ ដែលមាន​លេណដ្ឋាន​ការពារ​រឹង​មាំ។​ នេះ​បើតាម​ការ​បញ្ជាក់របស់មនុស្ស​ម្នាក់​ដែលដឹង​រឿង​នេះ ហើយដែលបាន​ប្រាប់ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

​ការស្នើ​សុំ​ដូច​នេះ​កាល​ពី​លើក​ចុង​ក្រោយរបស់​សេតវិមាន ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ​ដោយ​ទទួល​បានតាមការ​ស្នើ​សុំ​ ​ហើយ​ដែល​នៅ​ពេលនោះ​ សំណើ​ខ្លះ​ត្រូវ​បាន​សភា​អាមេរិក​អនុម័ត​យល់​ព្រម​លើស​ពី​អ្វី ដែល​ប្រធានាធិបតី​មកពី​ខាង​គណបក្ស​ប្រជាធិតេយ្យរូប​នេះ​ បាន​ស្នើ​សុំ​ទៅ​ទៀត។​ ​

ប៉ុន្តែពេល​នេះ​ ជា​ពេល​វេលា​ខុស​គ្នា​។​ ការខ្វែង​គំនិតខាង​នយោបាយនៅ​ក្នុង​បញ្ហា​នេះ​ កំពុង​មាន​ការ​រីកកាន់​តែ​ធំ​ឡើង ដោយ​រដ្ឋសភាអាមេរិក​ ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ ​កំពុងប្រឈម​នឹង​សម្ពាធ​ខ្លាំង​ ក្នុង​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​មេដឹកនាំ​គណបក្ស​របស់​ខ្លួន​ គឺ​លោក​ Donald Trump ដែលមាន​មន្ទិលសង្ស័យ​ទៅ​លើសង្គ្រាម​មួយ​នេះ។​ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​គាំទ្រ​របស់​ពលរដ្ន​អាមេរិកាំង​ ទៅ​លើ​កិច្ចប្រឹង​ប្រែងជួយប្រទេស​អ៊ុយក្រែននេះ​ ក៏​ហាក់​មាន​សភាព​ថមថយ​ផង​ដែរ។​

ទន្ទឹម​នឹង​នេះ​ដែរ​ សេតវិមាន​ ក៏​ស្នើ​សុំ​ទឹក​ប្រាក់​ប្រមាណ ​១២ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​បំពេញ​ថវិកាគ្រោះ​មហន្តរាយ​របស់​សហព័ន្ធ​របស់​ខ្លួនផង​ដែរ។ នេះបើ​យោង​ទៅ​លើ​មនុស្ស​ម្នាក់​ ដែលមិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យនិយាយជា​សាធារណៈ​ជុំវិញ​រឿង​នេះ​ ​ដោយ​សារ​តែ​សំណើ​ទាំង​នេះ​ មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈនោះ ហើយដែលបាន​ប្រាប់ទី​ភ្នាក់​ងារ​សារព័ត៌មាន ​AP ​នៅ​ក្នុង​លក្ខខណ្ឌ​ជា​ប្រភព​អនាមិក។​ ​

លោក​ Biden និង​ក្រុម​សន្តិសុខ​ជាតិជាន់ខ្ពស់​របស់​លោក​ បាន​និយាយ​ជា​ច្រើន​លើក​ច្រើន​សារ​ថា​ សហរដ្ឋ​អាមេរិក​ នឹង​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន បើ​ទោះ​ជា​យូរ​ប៉ុណ្ណា​ក៏​ដោយ​ ដើម្បី​បណ្តេញ​រុស្ស៊ី​ចេញពីព្រំដែន​របស់អ៊ុយក្រែន​៕