លោក​ Biden ប្រើ​​អំណាច​នីតិ​​ប្រតិបត្តិ​​ដើម្បី​​ទប់ទល់​អំពើ​ហិង្សា​ដោយ​ការប្រើ​កាំភ្លើង

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថាអំពីបទបញ្ជានីតិ​​ប្រតិបត្តិ​​ប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១។

ការ​បាញ់​កាំភ្លើងកាល​ពី​ដើម​ខែ​មេសា​នៅ​ក្នុង​រដ្ឋ California ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​បួន​នាក់​ស្លាប់ ដោយ​មាន​រួមបញ្ចូល​ទាំង​កុមារា​អាយុ​ ៩ ​ឆ្នាំម្នាក់ផង​ ជាអំពើ​ហិង្សាដោយ​កាំភ្លើង​ថ្មី​មួយ​ក្នុង​ចំណោម​អំពើ​ហិង្សា​ថ្មីៗ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក ​ដែល​ជា​បញ្ហា​មួយដែលលោកប្រធានាធិបតី Joe Biden ស្វះស្វែង​ដោះស្រាយ។

លោក​ Biden ថ្លែងថា៖ «អំពើ​ហិង្សាដោយ​កាំភ្លើង​នៅ​ក្នុង​ប្រទេស​នេះ​ ជា​ជំងឺ​ឆ្លង​រាលដាល​ខ្លាំង​មួយ»។

លោក Biden ស្វះស្វែង​ដោះស្រាយ​បញ្ហានេះ​តាមរយៈវិធានការណ៍​នីតិប្រតិបត្តិ​មួយ​ចំនួន ​ដែលរួម​មាន​គោល​ដៅបញ្ឈប់​ការ​រីកសាយ​ភាយ​កាំភ្លើង ដែល​គេ​អាច​ទិញ​ផ្នែក​ផ្សេងៗ​តាម​អនឡាយ​ ហើយ​ផ្គុំគ្នា​ក្លាយ​ទៅ​ជា​កាំភ្លើង​ដែលគ្មានលេខ​សម្គាល់ ហើយ​ដែល​គេហៅថា «កាំភ្លើង​ខ្មោច»​ ឬ Ghost guns នោះ។​

លោកប្រធានាធិបតី Biden បាន​ថ្លែងថា៖ «អ្នក​ណាក៏​អាច​ទិញ​ផ្នែក​ផ្សេងៗ​នៃ​កាំភ្លើង​នេះបានដែរ​ មិនថា​ឧក្រិដ្ឋជន ​ឬ​ភេវជន​ទេ ហើយ​គេ​អាចផ្គុំ​បាន​ជា​អាវុធ​មួយបាន​ក្នុង​ពេល​តែ ​៣០ នាទី។ ខ្ញុំ​ចង់ឱ្យ​មានការ​ចាត់​ទុក​ប្រដាប់​ផ្គុំ​ទាំង​នេះ ជា​អាវុធ​ក្នុង​ច្បាប់គ្រប់គ្រង​កាំភ្លើង»។

បទ​បញ្ជាទី​ ២ ​មាន​គោលបំណង​គ្រប់គ្រងការ​លក់ដូរ​ឧបករណ៍​ដែល​យក​មក​ទប់​នឹង​ស្មា​ ដើម្បីធ្វើ​ឱ្យមាន​លំនឹង​ ហើយ​អាចជួយ​អ្នកបាញ់​តម្រង់ឲ្យ​ចំទី​ដៅ ​គឺ​ស្រដៀង​នឹងឧបករណ៍​មួយ​ដែល​ខ្មាន់​កាំភ្លើង​យក​មក​ប្រើ​ក្នុង​ការបាញ់​ក្នុង​រដ្ឋ Colorado ​ដែល​បណ្តាល​ឱ្យ​មនុស្ស ១០ នាក់ ​ស្លាប់​កាល​ពី​ខែ​មីនា។

បទបញ្ជា​នីតិ​ប្រតិបត្តិកាល​ពីពេល​មុនៗ ​ដើម្បី​គ្រប់​គ្រងផ្នែក​ផ្សេងៗ​នៃ​កាំភ្លើង​មា ន​រួមបញ្ចូល​ការ​ហាមប្រាម​របស់​រដ្ឋបាល​លោក Trump លើ​ឧបករណ៍មួយ ហៅថា bump stocks ដែល​បង្កើន​ល្បឿន​នៃ​ការ​បាញ់​កាំភ្លើង​វែង។

ទោះជា​បទ​បញ្ជា​នីតិប្រតិបត្តិ​របស់​លោក ​Biden មាន​សារៈ​សំខាន់​ក៏ដោយ ​ក៏មានតែសភាទេ ​ដែលអាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បាន។​ កាល​ពី​ពេល​ថ្មីៗ​នេះ សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ដែល​ត្រួតត្រា​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បានអនុម័ត​វិធានការ​សម្រាប់ពង្រីក​ និងបិទ​ចន្លោះ​ប្រហោងក្នុងការ​ត្រួត​ពិនិត្យ​ប្រវត្តិ​អ្នក​សុំ​ទិញ​កាំភ្លើង ក៏ប៉ុន្តែមាន​ការ​គាំទ្រ​តិច​តួច​ពី​គណបក្ស​សាធារណរដ្ឋ​ក្នុងព្រឹទ្ធសភា។

លោក Mitch McConnell មេដឹកនាំ​ក្រុម​សមាជិក​ភាគ​តិចខាង​គណបក្ស​សាធារណរដ្ឋក្នុង​ព្រឹទ្ធសភា​ បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ចាប់អារម្មណ៍​លើ​រឿង​អ្វី​ដែល​គ្មាន​ប្រសិទ្ធិភាព​ទេ។ ម៉្យាងទៀត​ក៏​មានការខ្វែង​គំនិត​គ្នា​ខ្លាំងជា​យូរ​អង្វែង​រវាង​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ អំពី​វិធី​ដោះស្រាយអំពើ​ហិង្សា​ដោយ​ការប្រើ​កាំភ្លើង»។

គ្មានសេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​កាំភ្លើងត្រូវ​បាន​អនុម័ត​ ចាប់តាំង​ពីការ​ហាមប្រាម​របស់​រដ្ឋាភិបាល​សហព័ន្ធ​កាលពី​ឆ្នាំ ១៩៩៤ លើកាំភ្លើង​វែង​ដែល​បានផុត​កំណត់​ កាល​ពី​ឆ្នាំ ២០០៤។ សេចក្តី​ព្រាងច្បាប់​នោះ​មិន​បានត្រូវ​បន្តទេ ដោយសារ​មានការជំទាស់​ពី​គណបក្ស​សាធារណរដ្ឋ និង​ក្រុម​អ្នក​បញ្ចុះបញ្ចូលឱ្យ​មាន​ការគាំទ្រ​ការ​ប្រើ​កាំភ្លើង​ដែល​មាន​អំណាច​ខ្លាំង។

រូបឯកសារ៖ សកម្មជនប្រមូលផ្តុំគ្នាតវ៉ាឲ្យមានការកំណែទម្រង់ច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង នៅទីក្រុង Fairfax រដ្ឋ Virginiaកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៩ ។

លោក Jacob Charles នាយក​ប្រតិបត្តិនៃ​មជ្ឈមណ្ឌលសិក្សា​ច្បាប់ស្តី​ពី​កាំភ្លើង​នៃ​សាលា​ច្បាប់​នៅ​សាកលវិទ្យាល័យ Duke បាន​ថ្លែងថា៖

«មាន​ក្រុម​ធំ​មួយ​ដែល​និយាយ​ថា​ «យើងចង់​ឱ្យមានការ​ត្រួតពិនិត្យ​កាំភ្លើង​ច្រើន​ជាង​មុន ​តែ​នេះមិន​មែន​ជា​បញ្ហាតែ​មួយ​សម្រាប់​យើង​ទេ» ហើយ​ក៏មានក្រុម​ដែល​ជំទាស់​ខ្លាំង​ចំពោះការ​ត្រួតពិនិត្យ​កាំភ្លើងគ្រប់​បែបយ៉ាង។ ចំពោះ​អ្នកទាំងនោះ​ ពួក​គេ​មិន​អាច​គាំទ្រ​អ្នក​នយោបាយ​ណា​ម្នាក់​ដែល​បោះឆ្នោត​ឱ្យ​មានការ​គ្រប់គ្រង​តឹងរ៉ឹង​ជាង​មុនលើ​កាំភ្លើង​ទេ។ ដូច្នេះ​ភាព​ខុស​គ្នា​នេះ​ជា​កត្តា​ធំមួយ​កាល​ពី​ពេលមុន។ ខ្ញុំ​យល់​ថា​ ភាព​ខុសគ្នា​នេះ​មានតិច​ជាងមុន​កាល​ពី​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ»។

លោក Biden បានតែងតាំង​លោក David Chipman ទីប្រឹក្សានៃ​ក្រុម​គ្រប់គ្រង​កាំភ្លើង​ធំ​មួយ ​ឱ្យ​ដឹកនាំ​ការិយាល័យ​ត្រួតពិនិត្យ​សុរា​ថ្នាំ​ជក់ កាំភ្លើង​និង​គ្រឿង​ផ្ទុះ​ ដែលជា​ទីភ្នាក់ងារ​មាន​មុខ​នាទី​សំខាន់ក្នុង​ការ​គ្រប់គ្រង​កាំភ្លើង។

លោក ​Biden បានច្រាន​ចោល​ការ​ចោទប្រកាន់​ពី​ក្រុមអ្នកការពារសិទ្ធិ​ខាងមាន​កាំភ្លើង ដែល​ថា ​បទ​បញ្ជា​នីតិប្រតិបត្តិ​របស់​លោក​រំលោភលើវិសោធនកម្ម​ទី​ពីរ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ​ដែលការពារសិទ្ធិនៃ​ការ​មាន​កាំភ្លើង។

លោក​ប្រធានាធិបតី​ Joe Biden បាន​ថ្លែងថា៖ «ចាប់​ពី​ដំបូងបំផុតមក លោកអ្នក​មិនអាច​មាន​អាវុធ​គ្រប់​បែបយ៉ាង​ ដែល​លោកអ្នក​ចង់បាន​ទេ។ ចាប់​ពី​ដំបូងបំផុត​តាំង​ពី​មានវិសោធនកម្ម​ទី​ពីរ​មក មនុស្ស​ខ្លះមិន​ត្រូវ​អនុញ្ញាត​ឱ្យមានអាវុធ​ទេ។​ ដូច្នេះ​វា​ជារឿង​ចម្លែកណាស់ ដែល​គេនិយាយ​ថា​ អនុសាសន៍របស់​យើង​ខ្លះ ផ្ទុយពី​រដ្ឋធម្មនុញ្ញនោះ»។

លោក​ Biden បាន​បញ្ជា​លោក Merrick Garland រដ្ឋមន្ត្រី​ក្រួង​យុត្តិធ៌ម​របស់​លោក ឱ្យ​ស្នើសេចក្តី​ព្រាង​ច្បាប់​នៃការផ្តល់សញ្ញាឱ្យប្រុងប្រយ័ត្ន​ដល់​ពួក​បណ្តា​រដ្ឋ​ ដែល​នឹង​អនុញ្ញាត​ឱ្យ​តុលាការ​ដក​យក​កាំភ្លើង​ជា​បណ្តោះអាសន្ន​ពីមនុស្ស​ដែល​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ ឬ​ដល់មនុស្ស​ឯ​ទៀត។

ក្រសួង​យុត្តិធ៌មក៏​បាន​ចេញ​ផ្សាយការ​សិក្សាស្រាវជ្រាវមួយ​អំពី​ការ​ជួញដូរកាំភ្លើង​ខុសច្បាប់ ហើយបានផ្តល់​ប្រាក់​ជាង​មួយ​ពាន់លាន​ដុល្លារ​ សម្រាប់​ការ​រៀបចំ​យុទ្ធសាស្ត្រ​នៃ​ការ​ឈោងដៃទៅ​រក​សហគមន៍​ និង​ខាង​អន្តរាគមន៍ទប់ទល់​នឹង​អំពើ​ហិង្សា​ផ្សេងទៀត​ផង​ដែរ។

ប្រែសម្រួលដោយលោក ឈឹម​សុមេធ