ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​បាន​ផ្ទុះឡើង​បន្ទាប់​ពី​ប៉ូលិស​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ស្លាប់​នៅ​ក្រុង ​Minneapolis


ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករ​ ដែល​ខឹង​សម្បា​នឹង​ការ​ស្លាប់​របស់​លោក Daunte Wright ជា​បុរស​ស្បែកខ្មៅ ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​ស្លាប់​នៅ​ក្រុង Brooklyn Center។
ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករ​ ដែល​ខឹង​សម្បា​នឹង​ការ​ស្លាប់​របស់​លោក Daunte Wright ជា​បុរស​ស្បែកខ្មៅ ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​ស្លាប់​នៅ​ក្រុង Brooklyn Center។

ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​គ្រាប់​កាំភ្លើង​ជ័រ​ នៅពេល​បាតុកម្ម​ដ៏ខឹងសម្បា​បាន​ផ្ទុះឡើង​នៅ​ជាយ​ក្រុង​ Minneapolis ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​បុរស​ស្បែកខ្មៅ​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​អំឡុង​ពេល​ឈប់​នៅ​ស្ដុប​ចរាចរណ៍។​

ភាព​ចលាចល​នៅ​ក្នុង​ក្រុង Brooklyn Center ​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ការកាត់​ក្តី​លោក ​Derek Chauvin​ ​អតីត​មន្រ្តី​ប៉ូលិស​ Minneapolis ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម​លើ​លោក​ George Floyd​ ដែល​ត្រូវ​បន្តសវនាការ ​ក្នុង​ចម្ងាយ​មិន​ដល់​១៦​គីឡូម៉ែត្រផងពីកន្លែង​កើតហេតុ។

នៅខាង​ក្រៅ​ស្នងការដ្ឋាន​ប៉ូលិស​នៅ​ក្រុង Brooklyn Center កាល​ពីយប់​ថ្ងៃ​អាទិត្យ​ មាន​ការដុតបង្ហុយ​ផ្សែង​ ខណៈ​មន្រ្តី​ប៉ូលិស​បាន​បាញ់​កាំភ្លើង​ជ័រ​និង​ជាតិ​គីមី​លើ​អ្នក​តវ៉ា​ដែល​អ្នក​ខ្លះ​បាន​គប់​ដុំ​ថ្ម​ ថង់សំរាម​ និង​ដបទឹក​លើ​ប៉ូលិស។​

អភិបាល​ក្រុង​ Brooklyn Center ​បាន​ដាក់​បម្រាម​គោចរ​រហូត​ដល់​ម៉ោង​៦​ព្រឹក​ ហើយ​អគ្គនាយក​មន្ទីរ​អប់រំក្នុង​ស្រុក​បាន​និយាយ​ថា​ សង្កាត់​នេះ​នឹង​ផ្លាស់​ប្តូរ​ឲ្យ​រៀនតាម​ផ្ទះ​វិញ​នៅ​ថ្ងៃច័ន្ទ​ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

បុរស​ដែល​ត្រូវប៉ូលិស​សម្លាប់​ត្រូវ​បាន​សាច់​ញាតិ​ និង​លោក​ Tim Walz ​អភិបាល​រដ្ឋ​ Minnesota ​បញ្ជាក់​អត្តសញ្ញាណ​ថា​ឈ្មោះ ​Daunte Wright​ អាយុ​២០​ឆ្នាំ។​ លោក Walz​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ លោក​កំពុង​ឃ្លាំ​មើល​ភាព​វឹកវរ​នេះ​ ខណៈ​រដ្ឋនេះ​កំពុង​កាន់​ទុក្ខ​បុរស​ស្បែក​ខ្មៅម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់។

លោក ​John Harrington​ ​ស្នងការ​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈ​នៃ​រដ្ឋ ​Minnesota​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផ្សាយផ្ទាល់​មួយ​ថា ​នៅ​យប់​ថ្ងៃ​អាទិត្យ​ក្រុម​អ្នក​តវ៉ា​ប្រហែល​ពី ​១០០​ទៅ​២០០​ នាក់​បាន​ប្រមូល​ផ្តុំគ្នានៅ​ជុំវិញ​ស្នងការ​កណ្តាល​ប៉ូលិស​ក្រុង​ Brooklyn Center ​ហើយ​បាន​គប់​នាយកដ្ឋាន​ប៉ូលិស។​ ក្រុម​បាតុករ​នេះ​ ក្រោយ​មក​ត្រូវ​បាន​ប៉ូលិស​បំបែក​ហ្វូង៕

XS
SM
MD
LG