ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាកាលពីថ្ងៃអង្គារថា សំណើច្បាប់ដំបូងបង្អស់ដែលលោកនឹងផ្ញើទៅកាន់សភានៅឆ្នាំក្រោយគឺសំណើច្បាប់ស្ដីពីការការពារការរំលូតកូន ប្រសិនបើគណបក្សប្រជាធិបតេយ្យមានអាសនៈគ្រប់គ្រាន់នៅក្នុងសភាដែលអាចអនុម័តលើសំណើច្បាប់នេះបាន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Biden សន្យាដូច្នេះ ស្របពេលដែលលោកព្យាយាមជំរុញទឹកចិត្តក្រុមអ្នកបោះឆ្នោតដែលគាំទ្រគណបក្សប្រជាធិបតេយ្យរបស់លោកនៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីចូលមកដល់នៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។
លោក Biden បានជំរុញប្រជាពលរដ្ឋឱ្យចងចាំអំពីការយល់ឃើញរបស់ពួកគេកាលពីចុងខែមិថុនា ដែលនៅពេលនោះ តុលាការកំពូលបានលុបចោលការសម្រេចឆ្នាំ ១៩៧៣ ក្នុងសំណុំរឿង Roe v. Wade ដែលអនុញ្ញាតឱ្យមានការរំលូតកូនដោយស្របច្បាប់។
លោក Biden បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯសាលសិល្បៈ Howard Theater ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «ខ្ញុំចង់រំឭកយើងទាំងអស់គ្នាអំពីអារម្មណ៍ដែលយើងយល់ឃើញនៅពេលដែលការសម្រេចដែលចែងក្នុងរដ្ឋធម្មនុញ្ញកាលពី ៥០ ឆ្នាំមុនត្រូវបានគេលុបចោល។ អារម្មណ៍ទាំងនោះគឺការខឹងសម្បា ការព្រួយបារម្ភ និងការមិនជឿជាក់»។
លោកបានរិះគន់ខ្លាំងៗលើសមាជិកគណបក្សសាធារណរដ្ឋរូបណាដែលបានជំរុញឱ្យមានការដាក់កំហិតលើដំណើរការរំលូតកូននេះដែលជារឿយៗដាក់កំហិតដោយគ្មានការលើកលែង ហើយលោកបានប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យដែលមានវត្តមានចូលរួមស្ដាប់ការថ្លែងរបស់លោកថា «ប្រសិនបើអ្នកខ្វល់អំពីសិទ្ធិរំលូតកូន អ្នកត្រូវតែបោះឆ្នោត»។
ដូចដែលលោកធ្លាប់បានលើកឡើងក្នុងពេលមួយឆ្នាំកន្លងមកនេះ លោក Biden បានសង្កត់ធ្ងន់ថា មានតែសភាតែប៉ុណ្ណោះដែលអាចស្ដារឡើងវិញទាំងស្រុងនូវសិទ្ធិរំលូតកូនឱ្យដូចពីមុន។ ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរថានៅពេលឥឡូវនេះ «គណបក្សប្រជាធិបតេយ្យខ្វះសំឡេងឆ្នោតតិចតួច» ដើម្បីស្ដារឡើងវិញនូវសិទ្ធិរំលូតកូននេះនៅកម្រិតថ្នាក់ជាតិ ដោយលោកបានជំរុញអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យដើម្បីឱ្យគណបក្សនេះអាចមានអាសនៈបន្ថែមទៀតនៅក្នុងសភា។
លោក Biden បានថ្លែងដូច្នេះថា៖ «ប្រសិនបើអ្នកបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យ ខ្ញុំសន្យាចំពោះអ្នកនិងប្រជាពលរដ្ឋអាមេរិកាំងទាំងអស់ថា សំណើច្បាប់ដំបូងបង្អស់ដែលខ្ញុំនឹងបញ្ជូនទៅសភាគឺសំណើច្បាប់ដែលជំរុញឱ្យសភាអនុម័តលើសេចក្ដីសម្រេច Roe v. Wade។ ហើយនៅពេលដែលសភាអនុម័តលើសំណើច្បាប់នេះ ខ្ញុំនឹងចុះហត្ថលេខាឱ្យក្លាយជាច្បាប់នៅខែមករា គឺក្នុងពេល ៥០ ឆ្នាំក្រោយមក បន្ទាប់ពីករណីនេះត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ»៕