លោក Biden ទៅ​ទស្សនកិច្ច​សាលា​បឋមសិក្សា​ក្នុង​រដ្ឋ Texas ដែល​មាន​ការបាញ់​ប្រហារ​ដ៏​ធំ​មួយ​កាល​ពី​សប្តាហ៍មុន

ប្រធានាធិបតី​​អាមេរិក​លោក Joe Biden និង​ភរិយា​លោកស្រី Jill Biden ទស្សនា​​បូជនីយដ្ឋាន​មួយ​កន្លែង​​នៅ​សាលា​បឋមសិក្សា​ Robb នៅ​ក្រុង Uvalde រដ្ឋ Texas កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​​រំឭក​ដល់​វិញ្ញានក្ខណ្ឌ​អ្នកស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោក​ស្រី Jill Biden ដែល​ជា​ភរិយា​របស់​លោក​ប្រធានាធិបតី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅសាលា​បឋមសិក្សា​ក្នុង​ទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដើម្បី​សម្តែង​សមានចិត្តនិង​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រងគ្រោះ​និងអ្នកបាត់​បង់​ជីវិតនៅ​ក្នុង​ការបាញ់​ប្រហារ​ដ៏​ធំ​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​មាន​ព្រឹត្តិកាណ៍​បាញ់​សម្លាប់​នៅ​ទីនោះ​ដែល​បាន​សម្លាប់​កុមារ​សិស្ស​សាលា​បឋមសិក្សាចំនួន​១៩នាក់​និង​គ្រូបង្រៀន​២នាក់​ផង​ដែរ។

លោកBiden និង​ភរិយា​បាន​ដើរកាត់​ទី​កន្លែង​ដាក់​កម្រង​ផ្កា​ឧទ្ទិស​ដល់​ជនរង​គ្រោះ​នៅ​ខាង​ក្រៅ​សាលា​បឋមសិក្សា Robb Elementary School និង​បានស្ទាប​ទៅ​លើ​រូបថតជន​រង​គ្រោះទាំង​២១នាក់​ហើយ​បាន​អាន​ឈ្មោះ​របស់​ពួក​គេ​ម្នាក់ៗ​ផង​ដែរ។

ស្រប​ពេល​ដែលលោក Biden និង​ភិរយា​ចូលរួម​គោរព​វិញ្ញានក្ខណ្ឌ​ដល់​ជនរង​ក្នុង​ការបាញ់​ប្រហារ​នោះ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹងពិនិត្យមើល​ឡើងវិញ​ចំពោះ​ការឆ្លើយតប​របស់​ប៉ូលិស​នៅក្នុងហេតុការណ៍​នៃ​ការបាញ់​ប្រហារ​នៅ​ក្នុង​សាលារៀន​នោះ ដែល​បានកើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​តាម​សំណើ​របស់​អភិបាល​ទីក្រុង Uvalde លោក Don McLaughlin ដើម្បី​ស្វែងយល់​ពីមេរៀន​ដែលបាន​កើត​ឡើង​និងដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អក្នុង​ពេល​អនាគត​ក្នុង​ការជួយដល់​អ្នក​ឆ្លើយ​តប​ក្នុង​ការត្រៀម​ខ្លួនធ្វើ​អន្តរាគមន៍​ក្នុងព្រឹត្តិការណ៍បាញ់​ប្រហារនៅ​សាលា​រៀនផ្សេងៗ​ទៀត។

នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ក្នុងសាលារៀន​នៃ​រដ្ឋ Texas នេះ មន្រ្តី​ពង្រឹង​ច្បាប់​ត្រូវ​បានគេ​ចោទ​សួរ​យ៉ាង​ខ្លាំង​ថា ហេតុអ្វី​បាន​ជាត្រូវ​ប្រើពេល​រហូត​ដល់ទៅ​ជាង​មួយ​ម៉ោង​ដើម្បី​ប្រឈមនឹង​ខ្មាន់​កាំភ្លើង​នោះ។

លោក​ប្រធានាធិបតី​អាមេរិកនិង​ភរិយា​របស់​លោក​បាន​ចំណាយ​ពេល​ប្រមាណជិត​៧ម៉ោង​ នៅ​ក្នុង​ទីក្រុង​ភាគ​និរតីដ៏​តូច​មួយ​នេះ​ដោយ​បាន​និយាយ​ជាមួយសាច់ញាតិ​និង​ក្រុម​គ្រួសារ​ជនរង​គ្រោះ​ដោយសារ​ព្រឹត្តិការណ៍​នៃ​ការបាញ់​ប្រហារ​នោះ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ខ្មាន់​កាំភ្លើងអាយុ​១៨ឆ្នាំ​ដែល​បាន​សម្រុក​ទៅ​កាន់​បន្ទប់​រៀន​ថ្នាក់​ទី៤ ហើយ​បើក​ការបាញ់​ប្រហារ​លើ​ពួក​គេ។ លោក Biden ក៏​បាន​ចូលរួម​នៅ​ក្នុងពិធី​សាសនាក្នុង​វិហារ​កាតូលិក​មួយហើយ​បន្ទាប់​មក​ក៏​បាន​ជួប​ជាមួយក្រុមអ្នក​ជួយ​អន្តរាគមន៍​ក្នុង​គ្រាអាសន្ន​ផង​ដែរ។

នេះ​ជា​លើក​ទី២​ហើយនៅក្នុង​ខែឧសភា​នេះ​ដែល​លោក Biden និង​សហរដ្ឋ​អាមេរិក​បាន​ប្រឈម​នឹង​ការ​បាញ់​ប្រហារ​២ករណីដ៏​ធំដែល​បាន​កើត​មាន​ឡើង​នោះ។ កាល​ពីដើម​ខែ​ឧសភា​កន្លង​ទៅ លោក​Bidenបាន​ទៅ​ធ្វើ​ទស្សនកិច្ចនៅ​ទីក្រុង Buffalo ក្នុង​រដ្ឋ New York ភាគ​ឦសាន្ត​ ដែល​នៅ​ទី​នោះ​ជន​ស្បែក​ស​ម្នាក់​បាន​បាញ់​សម្លាប់​ជន​ស្បែក​ខ្មៅ​ចំនួន​១០នាក់​នៅក្នុង​ហាងលក់​គ្រឿង​ទេស​មួយ​កន្លែង៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters។