លោក​ Biden ​ទៅ​ដល់​អ៊ីស្រាអែល​ តែ​លុប​ចោល​កិច្ចប្រជុំ​នៅ​ហ្ស៊កដានី​ក្រោយ​ការ​ផ្ទុះ​ក្នុង​មន្ទីពេទ្យ​មួយ​ក្នុង​តំបន់​ហ្កាហ្សា

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងជំនួបមួយនៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​Joe Biden បាន​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ ស្របពេលដែល​ជម្លោះ​កំពុង​មាន​ភាព​តានតឹង​ខ្លាំងក្រោយ​ពី​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​តំបន់​ហ្កាហ្សា ដែល​បណ្តាល​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​និង​ការ​ស្តី​បន្ទោស​គ្នា និង​ការ​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​តំបន់។

លោក Biden ជួប​ជា​មួយមេដឹកនាំ​អ៊ីស្រាអែល​ ដើម្បី​សម្តែង​ការ​គាំទ្រ​របស់​អាមេរិកចំពោះ​ប្រទេសសម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែងមួយ​នេះ​ ក៏ប៉ុន្តែ​កិច្ចប្រជុំ​សំខាន់​មួយនៅ​ក្នុង​ប្រទេស​ហ្ស៊កដានីជាមួយ​មេដឹកនាំ​អារ៉ាប់​នានា ត្រូវ​បាន​លុបចោល​វិញ​ក្រោយមាន​ការ​ផ្ទុះ​នៅ​ក្នុង​មន្ទី​ពេទ្យ​នោះ។​

ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់បាន​ស្តី​បន្ទោស​អ៊ីស្រាអែល​ចំពោះ​ការ​ផ្ទុះ​ក្នុង​មន្ទីរពេទ្យ​ Ahli Arab ក្នុង​ទីក្រុង​ហ្កាហ្សា​ ដោយ​ហៅ​ថា ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​មួយ​ ដែល​ជា​ថ្មី​ម្តងទៀត​បង្ហាញ​ពី​មុខមាត់​ដ៏​អាក្រក់នៃ​សត្រូវ​ឧក្រិដ្ឋកម្ម​ ក៏​ដូច​ជារដ្ឋាភិបាល​ភេរវកម្ម​និង​ហ្វស៊ីស​របស់​គេផង​ដែរ»។​

ក្រុម​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ មាន​អ្នក​រង​របួស​និង​ស្លាប់​រាប់រយ​នាក់​ ដែល​ភាគ​ច្រើន​ជា​ក្រុមគ្រួសារ​ដែល​គ្មាន​ទី​ជម្រក​ អ្នក​ជំងឺ​ កុមារ​និង​ស្ត្រី។​ អាជ្ញាធរ​ប៉ាឡេស្ទីន​និយាយ​ថា​ មនុស្ស​ប្រមាណ ​៥០០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ផ្ទុះនោះ។

កង​កម្លាំង​ការពារ​អ៊ីស្រាអែល​បាន​បដិសេធ​ថា​មិន​មែន​ជា​ទង្វើ​របស់​ខ្លួន​ឡើយ​ ដោយ​និយាយ​ថាគ្រាប់​រ៉ុក្កែត​បាញ់​ខុស​គោលដៅ​មួយ​របស់​ពួកទាហាន​ប៉ារ៉ា​នៃ​ក្រុមជីហាត​អ៊ីស្លាម​ប៉ាឡេស្ទីន ​បាន​ធ្លាក់​ចំ​ទីតាំង​មន្ទីពេទ្យ​នោះ។ ក្រុម​សកម្ម​ប្រយុទ្ធអ៊ីស្លាមជីហាត​ បាន​បដិសេធ​ការ​ទទួល​ខុសត្រូវ​លើ​រឿង​នេះ។

អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល​ ឧត្តម​នាវីឯក Daniel Hagari ​បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ពុំ​មាន​ការខូចខាត​នៃ​សំណង់​អគារ​នោះ​ ឬ​ក៏មាន​ស្នាម​រណ្តៅ​ធំ​ ដែល​ដូច​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នោះ​ទេ។

លោក​ Biden បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីសា្រអែល​លោក​ Benjamin Netanyahu​ ​ថា​ លោក​មាន​ការតក់ស្លុត និង​ខឹង​យ៉ាងខ្លាំង​ចំពោះ​ការ​ផ្ទុះ​នៅ​ក្នុង​មន្ទីពេទ្យ​នោះ​ ហើយ​ថា បើ​ផ្អែក​លើ​អ្វី​ដែល​លោក​បាន​ឃើញ​នោះ គឺ​ថា​ នេះ​ជា​ទង្វើ​របស់​ក្រុម​ម្ខាង​ទៀត​ ​មិន​មែន​របស់​អ៊ីស្រាអែល​ទេ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ប្តេជ្ញា​ថា​នឹង​ធានាថា​ ប្រទេស​អ៊ីស្រាអែលនឹងទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ ត្រូវ​ការ​ចាំបាច់​ដើម្បី​ការពារ​ខ្លួន៕

អ្នកស្រី Margaret Besheer អ្នកឆ្លើយឆ្លងព័ត៌មាន​វីអូអេ នៅទីស្នាក់ការ​អង្គការសហប្រជាជាតិ រួមចំណែកក្នុងការនិពន្ធអត្ថបទនេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters