លោក Biden បង្ហាញ​គម្រោង​ការពារ​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក

លោក Joe Bidenបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី ដើរ​ចេញ​ពី​វេទិកា​បន្ទាប់ពី​ថ្លែង​នៅក្នុង​ការធ្វើ​យុទ្ធនាការ​ដែល​ស្តីអំពី​ផលិតផល​ដែល​ផលិត​នៅ​អាមេរិក ក្នុង​ទីក្រុង Warren រដ្ឋ Michigan កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋ ​Michigan នេះ​ ត្រូវ​បាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ Trump និង​លោក Biden ​ចាត់ទុក​ថា ​ជា​រដ្ឋ​មួយ​ដែល​ត្រូវតែ​យក​ឈ្នះ​ឲ្យ​បាន​ជា​ដាច់ខាត។

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​គម្រោង​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ព្យាយាម​ការពារ​អ្នក​ធ្វើការ​អាមេរិកាំង ដោយ​ការ​ដំឡើង​ពន្ធ​លើ​ក្រុមហ៊ុន​ណា​ដែល​បញ្ចេញ​ការងារ​ទៅ​បរទេស។

លោក Biden ដែល​នឹង​ប្រជែង​ជាមួយ​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី៣ ខែវិច្ឆិកា​ខាង​មុខ បាន​បង្ហាញ​សេចក្តី​លំអិត​អំពី​ផែនការ​នេះ ​ក្នុង​អំឡុងពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅ​ក្នុង​ទីក្រុង​ឧស្សាហកម្ម Warren រដ្ឋ Michigan។

អ្នក​បោះឆ្នោត​ដែល​ជា​អ្នក​ធ្វើការ​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Michigan បាន​គាំទ្រ​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៦។ លោក Biden សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ទាំងនោះ​ត្រឡប់​មកវិញ ដើម្បី​ជួយ​លោក​ឲ្យ​ឈ្នះ​លោក Trump ដែល​កំពុង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី២។

លោក Trump បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃពុធ​ម្សិលមិញ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ លោក​ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋ Michigan ផងដែរ។ រដ្ឋ​នេះ​ត្រូវ​បាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ទាំង​ពីរ​ចាត់ទុក​ថា ​ជា​រដ្ឋ​មួយ​ដែល​ត្រូវតែ​យក​ឈ្នះ​ឲ្យ​បាន​ជា​ដាច់ខាត។

នៅ​ថ្ងៃ​សុក្រ​ស្អែក ទាំង​លោក Biden និង​លោក Trump នឹង​ទៅ​តំបន់ Shanksville រដ្ឋ Pennsylvania ដើម្បី​ប្រារព្ធ​ខួប​ទី ១៩ នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១ របស់​ពួក al-Qaida លើ​ទឹកដី​សហរដ្ឋ​អាមេរិក៕