ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហាញនូវគម្រោងបង្កើតការងារនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ ២ លានលានដុល្លារ កាលពីថ្ងៃពុធម្សិលមិញ។
លោក Biden បានថ្លែងនៅក្នុងទីក្រុង Pittsburgh ដែលជាទីក្រុងមានប្រជាពលរដ្ឋច្រើនជាងគេទីពីរនៅក្នុងរដ្ឋ Pennsylvania ថា៖ «ហេដ្ឋារចនាសម្ព័ន្ធរបស់យើងកំពុងទ្រុឌទ្រោម»។
លោក Biden បានព្យាករណ៍អំពីគម្រោងបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិកដែលផ្ដោតលើការងារដែលគាំទ្រដោយសហជីពថា៖ «គម្រោងនេះនឹងធ្វើឲ្យសេដ្ឋកិច្ច [សហរដ្ឋអាមេរិក] រឹងមាំបំផុត ធន់បំផុត និងមានលក្ខណៈច្នៃប្រឌិតថ្មីបំផុតនៅក្នុងពិភពលោក»។
លោក Biden បាននិយាយថា គម្រោងនេះ មានគោលបំណងធ្វើឲ្យសហរដ្ឋអាមេរិកស្ថិតក្នុងជំហរមានប្រៀបជាងប្រទេសចិន ដោយលោកបានបញ្ជាក់ថា ប្រទេសចិនរួមជាមួយនឹងប្រទេសផ្សេងទៀត «កំពុងបឺតយកប្រយោជន៍របស់យើង»។
លោក Biden បានលើកឡើងថា៖ «សត្រូវរបស់យើងព្រួយបារម្ភខ្លាចយើងកសាងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ»។ លោកបានកត់សម្គាល់ថា ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិកមានន័យថា «ប្រទេសផ្សេងទៀតនៅលើពិភពលោកតាមជិតទាន់យើងក្នុងល្បឿនមួយយ៉ាងលឿន»។
សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣,៥% នៅក្នុងឆ្នាំ ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ១៩។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល៕