ដំណើរការឆ្ពោះទៅការកាន់អំណាចរបស់លោក Joe Biden ដែលគេសន្មត់ថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមជាផ្លូវការ បន្ទាប់ពីទីភ្នាក់ងារសេវាកម្មទូទៅ (GSA) របស់រដ្ឋាភិបាលសហព័ន្ធបានបញ្ជាក់ថា លោកជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២០ ទោះបីជាលោកប្រធានាធិបតី Donald Trump នៅបន្តតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតតាមរដ្ឋសំខាន់ៗមួយចំនួនក៏ដោយ។
មន្ត្រីម្នាក់របស់រដ្ឋបាលលោក Trump បាននិយាយថា សេតវិមានបានយល់ព្រមកាលពីថ្ងៃអង្គារម្សិលមិញ ឲ្យលោក Biden ទទួលបានការផ្ដល់ដំណឹងប្រចាំថ្ងៃទាក់ទិននឹងកិច្ចការសម្ងាត់។
លោក Biden បានប្រាប់អ្នកសារព័ត៌មាននៅទីតាំងមូលដ្ឋាននៃក្រុមអន្តរកាលរបស់លោកនៅក្នុងទីក្រុង Wilmington រដ្ឋDelaware ថា លោកមិនទាន់ទទួលបានការជូនដំណឹងអំពីកិច្ចការសម្ងាត់នានានៅឡើយទេ ប៉ុន្តែរឿងនេះត្រូវបានផ្ដល់ជូនលោករួចហើយ។
គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើពេលណាដែលលោក Biden នឹងទទួលបានការជូនដំណឹងសម្ងាត់ទាក់ទិននឹងបញ្ហាសន្តិសុខជាតិជាលើកដំបូង ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត។
កាលពីយប់ថ្ងៃចន្ទ ក្រុមទីប្រឹក្សារបស់លោក Biden បានចាប់ផ្ដើមទាក់ទងភ្លាមៗទៅកាន់មន្ត្រីរបស់លោក Trump នៅទូទាំងរដ្ឋាភិបាល ដើម្បីស្វែងយល់អំពីការគំរាមកំហែងលើផ្នែកសន្តិសុខជាតិដែលសហរដ្ឋអាមេរិកអាចប្រឈម និងបញ្ហាបន្ទាន់ផ្សេងៗទៀតដែលលោក Biden អាចនឹងប្រឈម នៅពេលដែលលោកស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ។
មន្ត្រីក្រសួងការពារប្រទេសបាននិយាយថា ក្រុមការងារអន្តរកាលរបស់លោក Biden បានទាក់ទងក្រសួងការពារប្រទេសភ្លាមៗ បន្ទាប់ពីប្រធានទីភ្នាក់ងារ GSA អ្នកស្រី Emily Murphy បានទទួលស្គាល់ថា លោក Biden ជាអ្នកឈ្នះ «ជាក់ស្ដែង» នៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយថាដំណើរការផ្ទេរអំណាចអាចចាប់ផ្ដើមបានហើយ។ ការសម្រេចរបស់អ្នកស្រី Murphy នេះ បានអនុញ្ញាតឲ្យលោក Biden អាចប្រើប្រាស់ថវិកាសាធារណ:សម្រាប់ដំណើរការផ្ទេរអំណាច ទទួលបានការផ្ដល់ដំណឹងអំពីបញ្ហាសន្តិសុខ និងឲ្យមន្ត្រីកិច្ចការផ្ទេរអំណាចរបស់លោកអាចប្រើប្រាស់អគាររបស់រដ្ឋាភិបាលសហព័ន្ធបាន៕