លោក Biden បំពេញ​ទស្សនកិច្ច​ទីក្រុង​ Kenosha នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ២ថ្ងៃ​ក្រោយ​លោក​ប្រធានាធិបតី​ Trump

រូបឯកសារ៖ អតីតអនុប្រធានាធីបតីលោក Joe Biden ទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យឆ្នាំ ២០២០។

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​ធ្វើ​ដំណើរទៅកាន់​ទីក្រុង​ Kenosha នៃ​រដ្ឋ Wisconsin សហរដ្ឋ​អាមេរិក​ដែល​នៅទីនោះ​លោក​នឹង​ធ្វើការជួប​ប្រជុំ​សហគមន៍។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden បាន​ប្រាប់​ឲ្យ​ដឹងថា គោលបំណង​នៃ​ការពិភាក្សា​នៅ​ក្នុង​ទីក្រុង​ដែលមាន​ប្រជាពលរដ្ឋ​១សែននាក់​ដែល​ស្ថិត​នៅ​មាត់​បឹង​ Michigan នោះ​ គឺ«​ដើម្បី​បង្រួប​បង្រួម​ពលរដ្ឋ​អាមេរិកាំង​ដើម្បីផ្សះផ្សានិង​ដោះស្រាយ​បញ្ហា​លំបាក​ដែល​យើង​ប្រឈម»។

លោក Biden បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «អ្វី​ដែល​យើង​ចង់​ធ្វើ​គឺ​យើង​ត្រូវ​តែ​ផ្សះផ្សាគ្នា។ យើង​ត្រូវ​តែ​បង្រួបបង្រួម​គ្នា»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Biden កើត​ឡើង​២ថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី​ Donald Trump បាន​អញ្ជើញ​ទៅ​ទីក្រុង​ Kenosha ហើយ​បាន​ដើរ​នៅ​តាម​ផ្លូវ​ដែលមាន​អាគារ​ខូចខាតឬត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​នៃ​ចលាចល​ស៊ីវិល​ដែល​បណ្តាល​មកពី​មន្រ្តី​ប៉ូលិស​ស្បែកស​ម្នាក់​បាន​បាញ់​បុរស​ស្បែក​ខ្មៅ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Biden បញ្ជាក់​អំពី​វិធី​របស់​លោក​និង​លោក Trump ក្នុង​ការ​ព្យាយាមដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ខាង​នយោបាយ​លើ​បញ្ហា​រសើប​ដែល​សហរដ្ឋ​អាមេរិក​គិតគូរ​អំពី​បញ្ហា​ជាតិ​សាសន៍​និង​ទង្វើ​របស់​ប៉ូលិស​លើ​ជនជាតិ​ភាគតិច។ បញ្ហា​នេះ​បាន​លេចធ្លោឡើង​នៅពេល​ដែល​បុរស​ស្បែកខ្មៅ​ម្នាក់​ឈ្មោះ​ George Floyd បាន​ស្លាប់​កាលពី​ចុង​ខែ​ឧសភា​ខណៈស្ថិត​នៅ​ក្រោមសមត្ថកិច្ច​របស់​ប៉ូលិស​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ Minnesota ហើយ​បានក្លាយ​ទៅជា​ការ​តវ៉ា​ប្រឆាំង​ពាសពេញ​ប្រទេស​អំពី​ការស្លាប់​របស់​លោក Floyd នេះ ហើយ​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​មួយ​ចំនួន​ទៀត​ដែល​បាន​កើត​មានឡើង​បន្ទាប់​ពី​នោះ​មក៕