ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវគេរំពឹងថា នឹងចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីយ៉ាងតិចណាស់ក៏ចំនួន២ដែរនៅថ្ងៃសុក្រនេះ ដែលមានគោលបំណងផ្តល់នូវសន្តិសុខហិរញ្ញវត្ថុនិងម្ហូបអាហារដល់ក្រុមគ្រួសារដែលរង ផលប៉ះពាល់ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លោកប្រធានាធិបតីដែលទើបស្បថចូលកាន់តំណែងនេះ នឹងបញ្ជាឲ្យក្រសួងកសិកម្មពង្រីកការទទួលបានអត្ថប្រយោជន៍នៅក្នុងកម្មវិធីស្បៀងអាហាររបស់សហរដ្ឋអាមេរិកនៅក្នុងបទបញ្ជាប្រធានាធិបតីចំនួនពីរ។ ពលរដ្ឋជាច្រើនដែលត្រូវបានគេបញ្ឈប់ពីការងារពីព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ បានស្វះស្វែងរកជំនួយដើម្បីទទួលបានម្ហូបអាហារ។
បន្ថែមពីនោះ លោកប្រធានាធិបតីថ្មីក៏កំពុងស្វះស្វែងរកការបង្កើនចំនួន១៥ភាគរយនៅក្នុងកម្មវិធីម្ហូបអាហារនៅតាមសាលារៀន បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រុមមន្ត្រីរបស់លោកប្រធានាធិបតី Biden បាននិយាយថា ការបង្កើនម្ហូបអាហារនៅក្នុងកម្មវិធីសាលារៀននេះ អាចនាំឲ្យគ្រួសារដែលមានកូន៣នាក់ទទួលបានអត្ថប្រយោជន៍បន្ថែមចំនួន១០០ដុល្លារទៀតជារៀងរាល់២ខែម្តង។
បទបញ្ជាប្រធានាធិបតីទៅលើប្រាក់ជំនួយសម្រាប់ការរាតត្បាតជំងឺកូវីដ១៩គឺដើម្បីស្វះស្វែងផ្តល់សែកជាទឹកប្រាក់ដល់ប្រជាពលរដ្ឋដែលមានគ្រប់លក្ខខណ្ឌដើម្បីទទួលបាន ប៉ុន្តែនៅមិនទាន់បានទទួល។
សេចក្តីថ្លែងការណ៍របស់សេតវិមាន បានបញ្ជាក់ថា «ប្រជាពលរដ្ឋអាមេរិកាំងជាច្រើន បានប្រឈមបញ្ហាជាច្រើនដើម្បីទទួលបានប្រាក់ជំនួយដោយផ្ទាល់លើកទីមួយ ហើយសមាជិកគ្រួសារចំនួន៨លាននាក់ មិនទាន់បានទទួលប្រាក់ជំនួយនោះដែលបានចេញឲ្យតាំងពីខែមីនាទេ»៕