ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងរៀបចំពិធីមួយនៅថ្ងៃចន្ទ នៅឯសេតវិមាន ហើយលោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ហេដ្ឋារចនាសម្ព័ន្ធមានទឹកប្រាក់១លាន លានដុល្លារដែលគណបក្សទាំង២ បានព្រមព្រៀងគ្នាអនុម័តជាចុងក្រោយនៅក្នុងសភា បន្ទាប់ពីការចរចាជាច្រើនខែ។
សេចក្តីព្រាងច្បាប់នោះ អនុម័តការចំណាយដ៏ច្រើននៅទូទាំងប្រទេសដើម្បីជួសជុលផ្លូវ និងស្ពាន ដែលទ្រុឌទ្រោម ស្តារសេវាកម្មរទេះភ្លើង និងពង្រីកការដឹកជញ្ជូនសាធារណៈ។
សេតវិមានបានបញ្ជាក់ថា ពិធីចុះហត្ថលេខានៅថ្ងៃចន្ទនេះ រួមមានអភិបាលរដ្ឋ និងអភិបាលក្រុងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ និងមេដឹកនាំសហជីព និងពាណិជ្ជកម្ម។
សេចក្តីព្រាងច្បាប់នោះ រួមមានប្រាក់រាប់ពាន់លានដុល្លារដើម្បីពង្រីកប្រព័ន្ធអ៊ីនធឺណិតលឿន ជាពិសេសសម្រាប់ក្រុមគ្រួសារមានប្រាក់ចំណូលទាប សម្រាប់តំបន់ជនបទ និងសម្រាប់សហគមន៍ជនជាតិភាគតិច។
ក្រៅពីនេះ ក៏មានកម្មវិធីជួយបណ្តាញអគ្គិសនីជាតិ និងប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធលូ។ ចំណតអាកាសយានដ្ឋាន ក៏នឹងត្រូវធ្វើឱ្យប្រសើរឡើង។ ប្រាក់នេះ ក៏ត្រូវប្រើសម្រាប់បង្កើតកន្លែងបញ្ចូលភ្លើងរថយន្តប្រើថាមពលអគ្គិសនី ហើយនឹងទិញរថយន្តប្រើថាមពលអគ្គិសនីដឹកសិស្សសាលាផងដែរ។
សេតវិមាន កាលពីថ្ងៃអាទិត្យ បានប្រកាសជ្រើសរើសឱ្យលោក Mitch Landrieu អតីតអភិបាលក្រុង New Orleans ត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ។
លោកប្រធានាធិបតី Biden និងសមាជិកគណៈរដ្ឋមន្ត្រីខ្លះរបស់លោក បានរៀបចំពិធីមួយចំនួនហើយដើម្បីបញ្ជាក់ពីអត្ថប្រយោជន៍កញ្ចប់ថវិកាចំណាយនេះ។ បន្ទាប់ពីចុះហត្ថលេខានៅថ្ងៃចន្ទនេះ លោកប្រធានាធិបតីគ្រោងធ្វើដំណើរទៅរដ្ឋ New Hampshire នៅថ្ងៃអង្គារ ដើម្បីពិនិត្យមើលស្ពានមួយដែលត្រូវបានចុះបញ្ជីថា ទ្រុឌទ្រោមយ៉ាងខ្លាំងដែលត្រូវការជួសជុល។ ហើយនៅថ្ងៃពុធ លោកមានពិធីមួយដែលគ្រោងធ្វើឡើងនៅរោងចក្ររថយន្តប្រើថាមពលអគ្គិសនីនៅក្នុងរដ្ឋ Michigan៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press និង Reuters។