ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអេហ្ស៊ីប ដែលនៅទីនោះលោកនឹងចូលរួមនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនិងនៅក្នុងប្រទេសកម្ពុជាដែលនៅទីនោះលោកនឹងចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាន (ASEAN)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ដែលយោងលើសម្ដីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក។
លោក Biden នឹងមានជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi នៅថ្ងៃសុក្រខាងមុខនៅក្នុងអំឡុងពេលលោកចូលរួមក្នុងសន្និសីទលើកទី២៧របស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP27) ហើយលោក «នឹងមិនអឹមអៀមនៅក្នុងការលើកយកបញ្ហាសិទ្ធិមនុស្សមកនិយាយជាមួយនឹងមេដឹកនាំបរទេសនោះទេ»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់នៃរដ្ឋបាលរបស់លោក Biden ប្រាប់ពួកអ្នកកាសែត។
បញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក៏នឹងស្ថិតនៅក្នុងរបៀបវារៈផងដែរនៅក្នុងជំនួបទ្វេភាគីរវាងលោក Biden ជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅក្នុងអំឡុងពេលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន។
មន្ត្រីជាន់ខ្ពស់មួយរូបទៀតរបស់រដ្ឋបាលលោក Biden បាននិយាយថា៖ «អ្នកអាចរំពឹងទុកថា លោកប្រធានាធិបតី Biden នឹងលើកឡើងអំពីទស្សនៈរបស់សហរដ្ឋអាមេរិកចំពោះសារៈសំខាន់នៃការគាំទ្របំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាដែលចង់បានប្រទេសមួយដែលមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាព និងសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស ដែលក្នុងនោះរួមមានទាំងក្ដីបារម្ភរបស់យើងអំពីបញ្ហាជាក់លាក់មួយចំនួនផងដែរ»។
ចាប់តាំងពីការបោះឆ្នោតសភាឆ្នាំ២០១៨មកដែលគណបក្សរបស់លោក ហ៊ុន សែន បានឈ្នះអាសន:ទាំងអស់នៅក្នុងរដ្ឋសភាមក របបរបស់លោក ហ៊ុន សែន បានបង្កើនការចាប់ខ្លួនពួកអ្នកប្រឆាំង៕
មន្ត្រីអាមេរិកថា លោក Biden នឹងលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងជំនួបនៅអេហ្ស៊ីបនិងកម្ពុជា
វ៉ាស៊ីនតោន —