លោក Biden នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​ជាមួយ​បណ្ដា​មេដឹកនាំ​អាស៊ាន​នៅ​ខែ​ឧសភា​ខាង​មុខ

រូបឯកសារ៖ នៅក្នុងរូបភាពដែលចេញផ្សាយដោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសព្រុយណេនេះ​បង្ហាញ​ពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយ​ជាមួយមេដឹកនាំ​អាស៊ាន នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​មួយ​ជាមួយ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន (ASEAN) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៣ ខែ​ឧសភា​ខាងមុខ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់។

សេចក្ដី​ប្រកាស​របស់​សេតវិមាន​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៦ ខែ​មេសា បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​នេះ​មាន​បំណង​បង្ហាញ​អំពី «ការ​តាំងចិត្ត​មិន​ប្រែប្រួល» របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​របស់​អាស៊ាន និង​ដើម្បី «ប្រារព្ធ​ខួប ៤៥ ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន»។

ដំបូង កិច្ច​ប្រជុំ​ពិសេស​នេះ​ត្រូវ​បាន​គ្រោង​ធ្វើ​កាលពី​ចុង​ខែ​មីនា​កន្លង​ទៅ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល ដោយសារតែ​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​មិន​អាច​ចូលរួម​តាម​ពេលវេលា​ស្នើ​ឡើង​របស់​សហរដ្ឋ​អាមេរិក​បាន។

កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ការ​ចូលរួម​របស់​លោក Biden នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​កាលពី​ខែ​តុលា ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​លោក​បាន​ប្រកាស​នូវ​ថវិកា​ចំនួន ១០២ លាន​ដុល្លារ ក្នុង​គម្រោង​ផ្ដួចផ្ដើម​ថ្មី ដើម្បី​ពង្រីក​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន​លើ «ការ​ស្ដារ​ឡើង​វិញ​នូវ​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩ និង​សន្តិសុខ​សុខាភិបាល ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជា​ទូទៅ ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​ឱ្យ​បាន​ជ្រាលជ្រៅ​នូវ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ»។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​សេតវិមាន​នោះ​ថា៖ «វា​គឺជា​អាទិភាព​កំពូល​សម្រាប់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី Harris នៅក្នុង​ការ​ធ្វើ​ជា​ដៃគូ​ដ៏​រឹងមាំ​និង​ជាទី​ទុកចិត្ត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ សេចក្ដី​ប្រាថ្នា​រួម​របស់​យើង​សម្រាប់​តំបន់​នេះ​នឹង​បន្ត​ទ្រទ្រង់​ការ​តាំងចិត្ត​រួម​របស់​យើង​នៅក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​ភាព​សេរី​និង​បើក​ចំហ មាន​សន្តិសុខ មាន​ទំនាក់ទំនង និង​មាន​ភាព​ធន់»។

ក្រុមប្រឹក្សា​អាជីវកម្ម​សហរដ្ឋ​អាមេរិក-អាស៊ាន (US-ASEAN Business Council) និង​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក (US Chamber of Commerce) បាន​សម្ដែង «ការ​គាំទ្រ​ខ្លាំងក្លា» ចំពោះ​កិច្ច​ប្រជុំ​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​នេះ។

លោក​ឯកអគ្គរដ្ឋទូត Ted Osius ដែល​ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​នេះ បាន​និយាយ​ថា៖ «រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី [Kamala] Harris បន្ត​បង្ហាញ​ការ​តាំងចិត្ត​ចំពោះ​មិត្តភក្តិ​និង​ដៃគូ​អាស៊ាន​របស់​យើង សូម្បីតែ​នៅពេល​ដែល​កំពុង​គ្រប់គ្រង​វិបត្តិ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាងកើត​ក៏ដោយ»។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមប្រឹក្សា​អាជីវកម្ម​សហរដ្ឋ​អាមេរិក-អាស៊ាន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៦ ខែ​មេសា។

លោក Osius បាន​បន្ថែម​ថា៖ «នៅក្នុង​ឆ្នាំ​ដំបូង​របស់​ខ្លួន រដ្ឋបាល​នេះ​បាន​បង្ហាញ​និង​បាន​ធ្វើ​កិច្ចការ​ដ៏​មាន​តម្លៃ​បំផុត​នៅក្នុង​ការ​ចាប់ផ្ដើម​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍។ សហគមន៍​អាជីវកម្ម​អាមេរិក​ទន្ទឹង​រង់ចាំ​កិច្ច​ប្រជុំ​នេះ​ក្នុង​ក្ដី​រំពឹង​ថា​វា​ជា​ឱកាស​ដ៏​សំខាន់​មួយ​នៅក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​លើក​កម្ពស់​ភាព​ជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

សេចក្ដី​ប្រកាស​របស់​ក្រុមប្រឹក្សា​អាជីវកម្ម​សហរដ្ឋ​អាមេរិក-អាស៊ាន​នេះ​ក៏​បាន​ដកស្រង់​ផងដែរ​នូវ​សម្ដី​របស់​លោក Myron Brilliant ដែល​ជា​នាយក​រង​ប្រតិបត្តិ​និង​ជា​ប្រធាន​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​និយាយ​ថា៖ «យើង​គាំទ្រ​ខ្លាំងក្លា​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី Harris នៅក្នុង​ការ​ចូលរួម​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ និង​មាន​កម្លាំង​ចិត្ត​នៅ​ពេល​បាន​ឮ​ការ​ប្រកាស​អំពី​កិច្ច​ប្រជុំ​ដែល​នឹង​ចូល​មក​ដល់​នេះ»។

លោក Brilliant បាន​បន្ថែម​ថា៖ «យើង​ខ្ញុំ​សូម​សរសើរ​ជាពិសេស​ដល់​រដ្ឋបាល​នេះ​សម្រាប់​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ​ឡើង បើ​ទោះបីជា​នៅ​ចំ​ពេល​ដែល​មាន​សង្គ្រាម​និង​វិបត្តិ​ជា​បន្ត​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។ ជា​ការពិត ការ​ធ្វើ​ដូច្នេះ​នៅ​ពេល​នេះ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​ម៉ឺងម៉ាត់​នៃ​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍។ ការ​ប្រឡូក​ជាមួយ​ប្រទេស​ទាំងនេះ​គឺ​សំខាន់​សម្រាប់​ការ​ពង្រឹង​ឡើង​វិញ​និង​ការ​ពង្រីក​ទំនាក់ទំនង​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ជា​ស្នូល​នៃ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក»៕