ប្រធានាធិបតីអាមេរិកលោក Joe Biden ជួបប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងរបស់លោក កាលពីថ្ងៃព្រហស្បតិ៍។ ការជួបជុំមន្ត្រីកំពូលៗនេះធ្វើឡើង នៅពេលដែលរដ្ឋបាលរបស់លោកបានដាក់ចេញនូវសំណើថវិកាសម្រាប់ស្តារហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់ ២ទ្រីលានដុល្លារ ដែលសង្ឃឹមថានឹងទទួលបានការយល់ព្រមពីសភា។
កិច្ចប្រជុំនេះធ្វើឡើងរយៈពេលមួយសប្តាហ៍ផងដែរ ចាប់តាំងពីសមាជិកគណៈរដ្ឋមន្រ្តីចុងក្រោយត្រូវបានយល់ព្រមដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក។
សេតវិមាននិយាយថាមនុស្ស ២៥ នាក់ ចូលរួមការប្រជុំនេះ។ អ្នកចូលរួមរួមមានអនុប្រធានាធិបតីរដ្ឋមន្ត្រីនានា ដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជាន់ខ្ពស់ ដូចជាប្រធានស៊ើបការណ៍សម្ងាត់ជាតិ។
កិច្ចប្រជុំមិនធ្វើនៅបន្ទប់ប្រជុំគណៈរដ្ឋមន្រ្តីធម្មតានៅឯសេតវិមានទេ តែធ្វើនៅបន្ទប់ East Room ដែលធំជាងសម្រាប់ការរក្សាគម្លាតបង្ការជំងឺឆ្លង។ អ្នកចូលរួមទាំងអស់ត្រូវពាក់ម៉ាសផងដែរ។
ក្រៅពីផែនការហេដ្ឋារចនាសម្ព័ន្ធគណៈរដ្ឋមន្រ្តី ក៏ពិភាក្សាជំរុញថវិកាជំនួយសង្គ្រោះបន្ទាន់ ដែលមានទឹកប្រាក់ចំនួន ១,៩ទ្រីលានដុល្លារអាមេរិក ដែលលោក Biden បានចុះហត្ថលេខា កាលពីខែមុន ដែលរួមមានការផ្តល់ថវិកាដល់គ្រួសារជាច្រើន និងជួយដល់អាជីវកម្មនិងរដ្ឋបាលក្នុងតំបន់។
ក្នុងពេលនេះដែរចំនួនអ្នកដាក់ពាក្យថ្មីសុំជំនួយ ដោយសារការអត់ការងារធ្វើ នៅអាមេរិកបានកើនឡើងកាលពីសប្តាហ៍មុន ដោយផ្លាស់ប្តូរស្ថានភាពប្រសើរឡើងភាគច្រើនកាលពីមួយសប្តាហ៍មុននោះ នៅពេលដែលចំនួនសរុបអ្នកសុំជំនួយបានធ្លាក់ចុះក្រោម ៧០ ម៉ឺន ជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតបានបិទសេដ្ឋកិច្ចអាមេរិក។
ក្រសួងការងារបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកសុំជំនួយពេលអត់ការងារធ្វើជាលើកដំបូងបានកើនឡើង ៦ ម៉ឺន ១ ពាន់នាក់។ តួលេខសរុបនៅចុងសប្តាហ៍ថ្ងៃទី ២៧ ខែមីនា មាន ៧១៩.០០០ នាក់ គឺឡើងពីចំនួន ៦៥៨.០០០ នាក់ នៅសប្តាហ៍មុននោះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា លទ្ធផលនេះផ្ទុយនឹងរបាយការណ៍សុទិដ្ឋិនិយមថ្មីៗ អំពីកំណើនការងារធ្វើនៅពេលអាជីវកម្មបើកឡើងវិញ និងការចាក់វ៉ាក់សាំងបង្កើនល្បឿន និងការព្យាករណ៍របស់សេដ្ឋវិទូ ដែលថាអាចមានការធ្លាក់ចុះខាងសេដ្ឋកិច្ចតិចតួចបំផុត។
ទិន្នន័យប្រចាំសប្តាហ៍បានបង្ហាញថា មនុស្សជាង ២៣៧.០០០ នាក់ បានសុំជំនួយពីកម្មវិធីជំនួយពិសេសពេលមានជំងឺរាតត្បាតសម្រាប់ធ្វើការងារឯករាជ្យ និងអ្នកធ្វើការតាមកិច្ចសន្យា។ របាយការណ៍នេះចេញផ្សាយមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បង្ហាញផែនការហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់ ២ទ្រីលានដុល្លារ ដែលលោកបាននិយាយថា នឹងបង្កើតការងារថ្មីរាប់លាន និងជួយដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យងើបឡើងវិញពីឥទ្ធិពលជំងឺកូវីដ១៩។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការនេះ«ចាប់ផ្តើមដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដែលបានញាំញីសេដ្ឋកិច្ចរបស់យើង ក្នុងរយៈពេលបួនទសវត្សរ៍កន្លងមក» ហើយនិងធ្វើឱ្យសេដ្ឋកិច្ចអាមេរិក «មានការប្រកួតប្រជែងកាន់តែខ្លាំងនៅលើឆាកពិភពលោក»។
តួលេខរបស់ក្រសួងការងារបង្ហាញថា ប្រជាជន ១៨,២ លាននាក់ បានបន្តទទួលបានជំនួយឥតការងារមួយចំនួននៅសប្តាហ៍ ដែលបានបញ្ចប់នៅថ្ងៃទី ១៣ ខែមីនា ដែលភាគច្រើនទទួលបានតាមរយៈកម្មវិធីជំនួយបណ្តោះអាសន្នក្នុងគ្រាមានការឆ្លងជំងឺរាតត្បាត៕