លោកប្រធានាធិបតី Joe Biden គ្រោងនឹងប្រកាសគម្រោងពង្រីកការដំឡើងពន្ធសាជីវកម្ម ហើយនឹងប្រើថវិកាដែលបានពីពន្ធនោះដើម្បីកាត់បន្ថយឱនភាពកញ្ចប់ថវិកា និងកាត់បន្ថយពន្ធសម្រាប់ពលរដ្ឋអាមេរិកាំងដែលមានប្រាក់ចំនូលមធ្យម នៅក្នុងការថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធរបស់លោក នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AP។
លោក Biden ដែលជាប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំនេះ កំពុងកែសម្រួលរបៀបវារៈសេដ្ឋកិច្ចដែលលោកបានជំរុញតាំងពីការប្រកួតយកតំណែងប្រធានាធិបតីឆ្នាំ ២០២០ មក ដោយលោកកំពុងព្យាយាមបង្ហាញថា លោកកំពុងដោះស្រាយក្តីបារម្ភរបស់អ្នកបោះឆ្នោតអំពីចំណាយរស់នៅប្រចាំថ្ងៃ។ ខណៈពេលដែលបក្សសាធារណៈរដ្ឋគ្រប់គ្រងសភា របៀបវារៈរបស់លោក Biden ប្រហែលជាមិនអាចក្លាយជាច្បាប់ដែលលោកអាចប្រើដើម្បីទាក់ទាញអ្នកបោះឆ្នោតបានទេ។
ក្រោមការស្នើរបស់លោក Biden សាជីវកម្មមិនអាចដកការចំណាយលើប្រាក់ខែរបស់បុគ្គលិកលើសពី ១លានដុល្លារបានទេ ដែលនឹងឡើងដល់២៧០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ។ លោកក៏ចង់ដំឡើងពន្ធសាជីវកម្មពី ២១% ដល់ ២៨% ក្នុងចំណោមវិធានការផ្សេងៗទៀត។ ហើយដូចដែលលោក Biden បានស្នើពីមុន ក្រុមហ៊ុនធំៗនឹងត្រូវបង់ពន្ធអប្បរមា ដូច្នេះពួកគេមិនអាចគេចពីទីភ្នាក់ងារសេវាប្រមូលពន្ធ (IRS) តាមរយៈការបន្លំគណនេយ្យ ការកាត់ប្រាក់ និងការផ្តាច់ពន្ធពិសេសបាននោះទេ។
លោក Biden នឹងប្រើចំណូលពីពន្ធទាំងនោះសម្រាប់ការចំណាយលើការពង្រីកឥណទានពន្ធលើប្រាក់ចំណូល និងឥណទានពន្ធលើកុមារ ដែលវានឹងជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាប។ លោកក៏កំពុងព្យាយាមបន្ទាបធានារ៉ាប់រងសុខភាពជាអចិន្ត្រៃយ៍សម្រាប់អ្នកដែលទទួលធានារ៉ាប់រងផ្នែកសុខភាពតាមរយៈច្បាប់ Affordable Care Act ឆ្នាំ ២០១០៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ