ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធទៅកាន់សម័យប្រជុំរួមរបស់សភានៅយប់ថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលលោកស្វះស្វែងសរសើរសមិទ្ធផលរបស់រដ្ឋបាលលោក ជំរុញឱ្យសមាជិកសភាអនុម័តជំនួយសន្តិសុខនិងធ្វើឱ្យក្រុមអ្នកបោះឆ្នោតជឿជាក់មុនការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ ដែលលោកនឹងឈរឈ្មោះម្តងទៀត។
លោក Biden បានមានប្រសាសន៍កាលពីថ្ងៃពុធនៅក្នុងវីដេអូដែលបានចុះផ្សាយនៅលើបណ្តាញសង្គមថា លោកមានគម្រោង «ជូនដំណឹងថ្មីៗស្តីពីការជឿនលឿនរបស់យើងនិងបង្ហាញមាគ៌ានៅពេលខាងមុខ»។
លោកត្រូវគេរំពឹងថានឹងពិភាក្សាប្រធានបទនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធ តម្លៃឱសថ បំណុលរបស់និស្សិត សិទ្ធិនៃការពន្លូតកូន និងការត្រួតត្រាអាវុធ។
សុន្ទរកថានេះកើតមានឡើង នៅពេលដែលវាទំនងកាន់តែខ្លាំងឡើងដែលថាលោក Biden នឹងប្រកួតជាមួយអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ ដូចការបោះឆ្នោតឆ្នាំ ២០២០។
សុន្ទរកថានេះក៏កើតមានឡើង នៅពេលដែលរដ្ឋបាលលោក Biden ជំរុញឱ្យសភាអនុម័តជំនួយសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែននិងអ៊ីស្រាអែល និងនៅពេលដែលសមាជិកសភាកំពុងមមាញឹកនៅក្នុងការសម្រេចកញ្ចប់ថវិកាដល់រដ្ឋាភិបាលនិងបញ្ចៀសការបិទរដ្ឋាភិបាល។
បន្ទាប់ពីសុន្ទរកថារបស់លោក Biden សមាជិកាព្រឹទ្ធសភារដ្ឋ Alabama លោកស្រី Katie Britt នឹងថ្លែងសារឆ្លើយតបសម្រាប់គណបក្សសាធារណរដ្ឋ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន APនិង AFP។
វេទិកាបញ្ចេញមតិ