ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Pennsylvania កាលពីថ្ងៃអង្គារ ដើម្បីការពារកំណត់ត្រារបស់លោកអំពីសុវត្ថិភាពពាក់ព័ន្ធនឹងកាំភ្លើង និងដើម្បីបង្ហាញអំពីគម្រោង «សហរដ្ឋអាមេរិកដែលមានសុវត្ថិភាពជាងមុន» របស់លោក ដែលជាគម្រោងបង្ការឧក្រិដ្ឋកម្មដែលមានទឹកប្រាក់ ៣៧ ពាន់លានដុល្លារ ដែលសេតវិមានបានបញ្ជាក់ថានឹង «ជួយសង្គ្រោះអាយុជីវិតមនុស្សនិងធ្វើឱ្យសហគមន៍មានសុវត្ថិភាពជាងមុន»។
លោក Biden បាននិយាយដូច្នេះថា៖ «នៅពេលដែលយើងនិយាយអំពីសុវត្ថិភាពសាធារណៈនៅក្នុងសហរដ្ឋអាមេរិក ចម្លើយគឺមិនមែនត្រូវកាត់ផ្ដាច់ថវិកាសម្រាប់ប៉ូលិសនោះទេ ប៉ុន្តែត្រូវផ្ដល់ថវិកាដល់ប៉ូលិស»។
លោក Biden បានរិះគន់សមាជិកគណបក្សសាធារណរដ្ឋដែលប្រឆាំងនឹងសំណើរបស់លោកនៅក្នុងការដាក់ការហាមឃាត់ឡើងវិញលើកាំភ្លើងវែង ដែលក្នុងនោះរួមមានទាំងកាំភ្លើងដែលស្រដៀងទៅនឹងកាំភ្លើងវែងប្រភេទ AR-15 ផងដែរ ដែលឧក្រិដ្ឋជនបានប្រើនៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនានាកាលពីពេលថ្មីៗកន្លងមកនេះ។
លោក Biden បានបញ្ជាក់ដូច្នេះថា៖ «វាដល់ពេលដែលត្រូវដាក់សម្ពាធលើមន្ត្រីដែលជ្រើសរើសតាមរយៈការបោះឆ្នោតគ្រប់រូបឱ្យអនុវត្តវិធានការនេះ និងសួរពួកគេថា តើពួកគេចង់ហាមឃាត់ការប្រើប្រាស់កាំភ្លើងវែងឬក៏អត់។ ប្រសិនបើពួកគេមិនចង់ ចូរបោះឆ្នោតទម្លាក់ពួកគេ»។
លោក Biden កំពុងធ្វើដំណើរទៅកៀរគរការគាំទ្រសម្រាប់សមាជិកគណបក្សប្រជាធិបតេយ្យនៅមុនការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកាចូលមកដល់ និងបានសរសើរជ័យជម្នះផ្នែកច្បាប់កាលពីពេលថ្មីៗនេះ ដែលក្នុងនោះរួមមានទាំងច្បាប់សុវត្ថិភាពពាក់ព័ន្ធនឹងកាំភ្លើងផងដែរ ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះនៅក្នុងវិធានការដែលមានការគាំទ្រដ៏កម្រពីគណបក្សទាំងពីរ បន្ទាប់ពីមានការបាញ់ប្រហារទ្រង់ទ្រាយធំនៅក្នុងទីក្រុង Buffalo រដ្ឋ New York និងទីក្រុង Uvalde រដ្ឋ Texas មក។
បើយោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew (Pew Research Center) ពលរដ្ឋអាមេរិកាំង ៦៣% ថា ពួកគេចង់ឃើញសភាអនុម័តច្បាប់មួយទៀតដើម្បីដោះស្រាយអំពើហិង្សាដែលពាក់ព័ន្ធនឹងកាំភ្លើង។
ទោះជាយ៉ាងណាក៏ដោយ សមាជិកគណបក្សសាធារណរដ្ឋបានចោទប្រកាន់លោក Biden ថា បានជំរុញឱ្យមានវិធានការដែលមានការបែកបាក់នយោបាយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋអាមេរិកាំងនៅក្នុងការកាន់កាំភ្លើង ដែលមានចែងនៅក្នុងវិសោធនកម្មលើកទី២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងថាវិធានការរបស់លោក Biden នេះនឹងមិនធ្វើឱ្យប្រទេសជាតិមានសុវត្ថិភាពជាងមុននោះទេ៕
វ៉ាស៊ីនតោន —