ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១៤ ខែឧសភា បានលាតត្រដាងផែនការដំឡើងពន្ធយ៉ាងខ្ពស់លើទំនិញនាំចូលជាច្រើនមុខពីចិន រួមមានរថយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ និងផលិតផលវេជ្ជសាស្ត្រជាដើម ដោយប្រថុយនឹងការប្រឈមវិធានការដូចគ្នាពីចិនវិញក្នុងឆ្នាំបោះឆ្នោត ដើម្បីទាក់ទាញទឹកចិត្តអ្នកបោះឆ្នោតដែលឲ្យពិន្ទុទាបខាងគោលនយោបាយសេដ្ឋកិច្ចរបស់លោក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Biden នឹងរក្សាអត្រាពន្ធដែលបានកំណត់ដោយប្រធានាធិបតីអាណត្តិមុនខាងគណបក្សសាធារណរដ្ឋគឺលោក Donald Trump ឲ្យនៅដដែល ប៉ុន្តែបង្កើនពន្ធលើប្រភេទទំនិញផ្សេងទៀតដូចជាការ ដំឡើងអត្រាពន្ធ ៤ ដង លើរថយន្តអគ្គិសនីនាំចូលដល់ទៅជាង ១០០%។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។ សេចក្តីថ្លែងការណ៍នេះលើកហេតុផលថា ខ្លួនចាត់ទុកការអនុវត្តមិនស្មើភាពរបស់ចិនដែលបាននាំទំនិញថោកៗចូលក្នុងទីផ្សារសកល ដែលជា «ហានិភ័យមិនអាចទទួលបាន» ចំពោះសន្តិសុខសេដ្ឋកិច្ចអាមេរិក។
សេតវិមានថា វិធានការថ្មីនេះប៉ះពាល់ដល់ទំនិញនាំចូលពីចិនតម្លៃ ១៨ ពាន់លានដុល្លារ រួមទាំងដែកថែបនិងអាលុយមីញ៉ូម បន្ទះឈីប ថ្មពិល អាគុយ រ៉ែសំខាន់ៗ បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនិងប្រដាប់ស្ទូច។ ការប្រកាសនេះបញ្ជាក់ថា សេចក្តីរាយការណ៍ពីពេលមុនរបស់ Reuters ពិតជាដូច្នេះមែន។
សហរដ្ឋអាមេរិកបាននាំទំនិញចូលពីចិនតម្លៃ ៤២៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ហើយនាំចេញទៅចិនវិញតម្លៃ ១៤៨ ពាន់លានដុល្លារ។ នេះបើយោងតាមការិយាល័យជំរឿនសហរដ្ឋអាមេរិក។ គម្លាតពាណិជ្ជកម្មនេះ មានរាប់ទសវត្សរ៍មកហើយ ហើយក៏បានក្លាយជាប្រធានបទកាន់តែរសើបនៅរដ្ឋធានីវ៉ាស៊ីនតោន។
ទីប្រឹក្សាសេដ្ឋកិច្ចជាតិនៅសេតវិមានអ្នកស្រី Lael Brainard បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅសន្និសីទតាមទូរស័ព្ទមួយថា៖ «ចិនកំពុងប្រើរបៀបដដែល ដែលខ្លួនបានប្រើពីមុនដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឯង និងធ្វើឲ្យអ្នកផ្សេងខាតបង់ ដោយបន្តវិនិយោគ ទោះបីជាលើសសមត្ថភាពចិន និងធ្វើឱ្យទីផ្សារសកលជន់ដោយទំនិញនាំចេញក្នុងតម្លៃថោក ដោយសារតែការលេងខូច»។
តំណាងពាណិជ្ជកម្មអាមេរិក អ្នកស្រី Katherine Tai និយាយថា ការកែប្រែអត្រាពន្ធនាំចូលនេះសមហេតុផល ដោយសារចិនបន្តលួចកម្មសិទ្ធិបញ្ញាអាមេរិក ហើយក្នុងករណីខ្លះ «កាន់តែព្រហើន» ក្នុងការលួចចូលតាមប្រព័ន្ធកុំព្យូទ័រដោយតម្រង់គោលដៅលើបច្ចេកវិទ្យាអាមេរិកាំង។
អ្នកស្រីថា អត្រាពន្ធនាំចូលពីមុនហៅថា «ផ្នែក៣០១» មានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើតម្លៃនិងការងារក្នុងសេដ្ឋកិច្ចអាមេរិកទាំងមូល ហើយមានប្រសិទ្ធភាពក្នុងការបន្ថយទំនិញនាំចូលពីចិន ខណៈបង្កើនទំនិញនាំចូលពីប្រទេសដទៃ។
តែអ្នកស្រី Tai ផ្តល់អនុសាសន៍លើកលែងពន្ធនាំចូលពីចិនសម្រាប់គ្រឿងម៉ាស៊ីនឧស្សាហកម្មមួយចំនួន រួមទាំងឧបករណ៍ផលិតផលិតផលថាមពលពន្លឺព្រះអាទិត្យ។
ទោះបីជាវិធានការរបស់លោក Biden ស្របនឹងការអះអាងរបស់លោក Trump ដែលថា វិធានការពាណិជ្ជកម្មតឹងរឹងជាងនេះមានយុត្តិកម្មក៏ដោយ ក៏ប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យរូបនេះរិះគន់គូប្រជែងរបស់លោកក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះដែរ។
សេតវិមានថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២០ របស់លោក Trump ជាមួយចិនមិនបានបង្កើនទំនិញនាំចេញពីអាមេរិកឬជំរុញការងារផលិតនៅអាមេរិកទេ។ សេតវិមានថា ពន្ធ ១០% លើទំនិញនាំចូលគ្រប់ប្រភេទមកពីគ្រប់ទិសទី ដែលលោក Trump បានស្នើនោះ នឹងធ្វើឲ្យតម្លៃទំនិញឡើងថ្លៃនិងប្រទេសសម្ព័ន្ធមិត្តអាក់អន់ចិត្ត។ លោក Trump ក៏បានបង្កើនពន្ធនាំចូល ៦០% ឬខ្ពស់ជាងនេះលើទំនិញចិនគ្រប់ប្រភេទ។
មន្ត្រីរដ្ឋាភិបាលអាមេរិកថា វិធានការរបស់ពួកគេ «តម្រង់គោលដៅយ៉ាងប្រយ័ត្នប្រយែង» គួបផ្សំនឹងវិនិយោគក្នុងស្រុក ដោយសហការជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ ហើយទំនងជានឹងមិនធ្វើឲ្យអតិផរណាកើនឡើង ដែលបានធ្វើឲ្យអ្នកបោះឆ្នោតអាមេរិកាំងខឹងសម្បាររួចទៅហើយ និងធ្វើឲ្យគ្រោះថ្នាក់ដល់ការខំប្រឹងឈ្នះឆ្នោតម្តងទៀតរបស់លោកBiden។ មន្ត្រីទាំងនេះ ក៏និយាយសម្រាលហានិភ័យនៃការសងសឹកពីរដ្ឋាភិបាលក្រុងប៉េកាំងវិញដែរ។
លោក Biden ពិបាកធ្វើឲ្យអ្នកបោះឆ្នោតជឿជាក់អំពីប្រសិទ្ធផលនៃគោលនយោបាយសេដ្ឋកិច្ចរបស់លោក ទោះបីជាអត្រាគ្មានការងារធ្វើមានកម្រិតទាបនិងកំណើនសេដ្ឋកិច្ចកើនឡើងក៏ដោយ។ ការស្ទង់មតិរួមគ្នាមួយដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងក្រុមហ៊ុន Ipsos កាលពីខែមុនបង្ហាញថា លោក Trump មានប្រៀបជាងលោក Biden ៧% ខាងបញ្ហាសេដ្ឋកិច្ច។
អ្នកវិភាគព្រមានថា ជម្លោះពាណិជ្ជកម្មអាចធ្វើឲ្យតម្លៃរថយន្តអគ្គិសនីឡើងថ្លៃជាទូទៅ ដោយធ្វើឲ្យប៉ះពាល់ដល់គោលដៅបម្រែបម្រួលអាកាសធាតុរបស់លោក Biden និងគោលបំណងរបស់លោកក្នុងការបង្កើតការងារផលិតកម្ម។ លោក Biden ថា លោកចង់យកឈ្នះចិនក្នុងការប្រកួតប្រជែងខាងផ្នែកនេះ តែមិនធ្វើសង្គ្រាមពាណិជ្ជកម្មដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសទាំងពីរដែលពឹងផ្អែកគ្នាទៅវិញទៅមកនោះទេ។ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ លោកបានខិតខំសម្រួលភាពតានតឹងក្នុងពេលជួបជជែកគ្នាមួយទល់មួយជាមួយប្រធានាធិបតីចិនលោក Xi Jinping។
បេក្ខជនប្រធានាធិបតីអាមេរិកសម្រាប់ឆ្នាំ ២០២៤ ទាំងពីរនាក់សុទ្ធតែបានដកខ្លួនចេញពីការមូលមតិគ្នាខាងពាណិជ្ជកម្មសេរី ដែលធ្លាប់គ្រប់ដណ្តប់លើការពិភាក្សានៅរដ្ឋធានីវ៉ាស៊ីនតោន ដែលនៅពេលនោះ ចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០១។
ចិនថា ការដំឡើងពន្ធនាំចូលនេះធ្វើឲ្យខូចផលិតភាពទៅវិញទៅមកនិងមានហានិភ័យបញ្ឆេះភាពតានតឹង។ ការដាក់បន្ទុកពន្ធនាំចូលទូលំទូលាយជាងនេះពីឆ្នាំ ២០១៧ ដល់ ២០២១ ដោយលោក Trump ក្នុងពេលលោកធ្វើជាប្រធានាធិបតីនោះ បាននាំឲ្យមានសង្គ្រាមលើពន្ធនាំចូលជាមួយចិន។
ពន្ធនាំចូលបន្ថែមទៀតនឹងត្រូវដាក់នៅឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ លើបន្ទះអេឡិចត្រូនិក ដែលអត្រាពន្ធនាំចូលលើមុខទំនិញនេះ នឹងកើនទ្វេដងដល់ ៥០% រួមទាំងអាគុយថ្មពិលសាក ដែលមិនប្រើក្នុងរថយន្តប្រភេទជាក់លាក់មួយចំនួន ហើយនឹងធ្យូងថ្មផុយ ដែកឆក់ព្រមទាំងស្រោមដៃវេជ្ជសាស្ត្រពេទ្យជាដើម។
សេតវិមានថា វិធានការដែលលោក Biden បានប្រកាស ដំឡើងពន្ធនាំចូលលើផលិតផលដែកថែបនិងអាលុយមីញ៉ូមខ្លះនោះ នឹងចូលជាធរមាននៅឆ្នាំនេះ។
សមាជិកសភាខ្លះបានអំពាវនាវឲ្យដំឡើងពន្ធនាំចូលឲ្យខ្ពស់លើរថយន្តចិន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកអ្នកស្រី Janet Yellen បានព្រមានចិនកាលពីខែមេសាថា ការផលិតរថយន្តអគ្គិសនីនិងផលិតផលបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យច្រើនលើសប្រមាណរបស់ចិន មិនអាចទទួលយកបានទេ។ អ្នកស្រីថា ការបារម្ភនេះក៏មានជាទូទៅក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តអាមេរិកដែរ ហើយថា សកម្មភាពដំឡើងពន្ធនាំចូលលើទំនិញចិននេះ «មិនមែនធ្វើឡើងដោយសារគោលនយោបាយប្រឆាំងចិនទេ តែដោយមានបំណងបង្កាការធ្វើឲ្យខូតខាតខាងផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការអនុវត្តសេដ្ឋកិច្ចមិនស្មើភាព៕
ប្រែសម្រួលដោយលោក សាយ មុន្នី