ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានប្រកាសការប្តេជ្ញាចិត្តដ៏មហិច្ឆតាអំពីអាកាសធាតុ និងបានថ្លែងសុន្ទរកថារិះគន់យ៉ាងខ្លាំងចំពោះគូប្រជែងដែលមិនប្តេជ្ញាចិត្ត ខណៈមេដឹកនាំមកពីប្រទេសជាង ១០០ បានចូលរួមក្នុងកិច្ចពិភាក្សាក្នុងថ្ងៃទីពីរ ដែលជាថ្ងៃចុងក្រោយនៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ឬ COP26 នៅទីក្រុង Glasgow ប្រទេសស្កុតលែន។
កាលពីថ្ងៃអង្គារ រដ្ឋបាល លោក Biden បានប្រកាសថា ខ្លួននឹងចូលរួមជាមួយភាគីផ្សេងទៀតក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្ដារព្រៃឈើ ចំនួន ២០០ លានហិកតា និងស្តារប្រព័ន្ធអេកូឡូស៊ីនៅឆ្នាំ ២០៣០។ ក្រៅពីនេះលោក Biden បានលាតត្រដាងផែនការសហការដែលរួមមានក្រសួងថាមពល កសិកម្ម ដឹកជញ្ជូន លំនៅដ្ឋាន និងការអភិវឌ្ឍទីក្រុង និងក្រសួងគ្រប់គ្រងធនធានធម្មជាតិ និងកេរដំណែលវប្បធម៌ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន។
ប៉ុន្តែខណៈដែលលោកបានកោតសរសើរសមិទ្ធផលទាំងនោះ លោក Biden ក៏បានវាយប្រហារមេដឹកនាំពីរដែលមិនចូលរួមកិច្ចប្រជុំអំពីអាកាសធាតុ គឺលោក Xi Jinping ប្រធានាធិបតីចិន និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។
លោក Biden បាននិយាយថា៖ «ខ្ញុំគិតថា និយាយដោយស្មោះត្រង់ទៅ វាជាកំហុសដ៏ធំមួយសម្រាប់ប្រទេសចិនដែលមិនបង្ហាញខ្លួន។ ពិភពលោកទាំងមូលនឹងសម្លឹងមើលប្រទេសចិន ហើយនិយាយថា «តើពួកគេ កំពុងជួយអ្វីខ្លះ?» ហើយពួកគេ បានបាត់បង់លទ្ធភាពជះឥទ្ធិពលលើប្រជាជនជុំវិញពិភពលោក និងអ្នកទាំងអស់នៅទីនេះ នៅកិច្ចប្រជុំ COP។ ខ្ញុំសូមនិយាយថា ប្រទេសរុស្ស៊ី ក៏អ៊ីចឹងដែរ»។
កិច្ចប្រជុំកំពូលឆ្នាំនេះ ដែលបន្តរហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា ផ្អែកលើកិច្ចព្រមព្រៀងផ្លូវច្បាប់ដែលភាគី ១៩៦ រួមមានសហរដ្ឋអាមេរិក រុស្ស៊ី និងចិនបានចុះហត្ថលេខាកាលពី ៦ ឆ្នាំមុន នៅទីក្រុងប៉ារីស។ នៅក្នុងសន្ធិសញ្ញាអន្តរជាតិនេះ ប្រទេសទាំងនោះ បានប្តេជ្ញាចាប់ផ្តើមកាត់បន្ថយការបំភាយឧស្ម័នបង្កើនកំដៅផែនដីចុះមកត្រឹម ១,៥ អង្សាសេ លើសកម្រិតមុនមានឧស្សាហកម្ម៕
លោក Chris Hannas នៃវីអូអេ រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។